តួអង្គ​សំខាន់ៗ​ក្នុង​នយោបាយ​មី​យ៉ាន់​ម៉ា មុន​ថ្ងៃ​បោះឆ្នោត​សភា​

​នៅ​ថ្ងៃអាទិត្យ​នេះ ប្រជាជន​មី​យ៉ាន់​ម៉ា​នឹង​នាំគ្នា​ទៅ​បោះឆ្នោត​ជ្រើសរើស​រដ្ឋាភិបាល​ថ្មី​របស់ខ្លួន​។ ជាការ​បោះឆ្នោត​សាកល្បង​ពី​កម្រិត​ប្រជាធិបតេយ្យ​ក្នុងស្រុក​។ យុទ្ធនាការ​ឃោសនាបោះឆ្នោត​បាន​បិទ​បញ្ចប់​នៅ​ថ្ងៃ​សុក្រ​ម្សិលមិញ​ហើយ​។ តើ​ក្នុង​ឆាកនយោបាយ​មី​យ៉ាន់​ម៉ា មាន​តួអង្គ​សំខាន់ៗ​ប៉ុន្មាន​នាក់ ប៉ុន្មាន​ក្រុម​ដែរ​?

១/ លោកស្រី Aung San Suu Kyi
​ជា​តួអង្គ​ប្រឆាំង​ដែល​គ្រប់គ្នា​ស្គាល់​ច្បាស់​ជាងគេ​។ គណបក្សនយោបាយ​លោកស្រី បានឈ្នះ​ឆ្នោត​កាលពី​ឆ្នាំ ១៩៩០ ប៉ុន្តែ​របប​សឹក​ភូមា​ចាស់​មិន​ទទួលស្គាល់​លទ្ធផល​បោះឆ្នោត​ទេ ថែមទាំង​បាន​ឃុំខ្លួន​លោកស្រី​ក្នុង​គេហដ្ឋាន​ដល់​ទៅ​១៥​ឆ្នាំ​ទៀតផង​។ អ៊ុង​សាន ស៊ូ​ជី ធ្លាប់បាន​ចូល​សិក្សា​និង​ទទួល​សញ្ញាប័ត្រ​ជាន់ខ្ពស់ នៅ​សកល​វិទ្យាល័យ Oxford​ប្រទេស​អង់គ្លេស​។ លោកស្រី​បាន​ចូលប្រលូក​នយោបាយ​ក្នុង​ឆ្នាំ​១៩៨៨ ក្នុងពេល​ផ្ទុះ​ហេតុការណ៍​និស្សិត​បះបោរ​ក្នុងស្រុក​។ ពេលនោះ​លោកស្រី​បាន​ទុក​ប្តី​ជនជាតិ​អង់គ្លេស និង​កូន​២​នាក់ នៅ​អង់គ្លេស​មួយ​ឡែក​សិន​។​

​ទោះ​មាន​អាយុ​៧០​ឆ្នាំ​ហើយក៏​ដោយ ម្ចាស់​ពានរង្វាន់​ណូបែល​សន្តិភាព​រូបនេះ តែ​នៅតែ​ស្រមៃ​ថា អាច​គ្រប់គ្រង​ប្រទេស បើទោះជា​រដ្ឋធម្មនុញ្ញ​មី​យ៉ាន់​ម៉ា​ហាម​មិនអោយ​អ្នក​ដែល​រៀបការ​ជាមួយ​ជនបរទេស​ឈរឈ្មោះ​បោះឆ្នោត​ក៏ដោយចុះ​។

២/ លោក ថេ​ន សេន​
​ប្រធានាធិបតី​ថេ​ន សេន ក៏មាន​អាយុ​៧០​ឆ្នាំ ដូច​លោកស្រី​ស៊ូ​ជី​ដែរ​។ លោក​កើត​ក្នុង​ត្រកូល​គ្រួសារ​សាមញ្ញ​។ លោក​ធ្លាប់​បម្រើការ​ក្នុង​ជួរ​កងទ័ព ហើយ​ធ្លាប់​ធ្វើជា​នាយករដ្ឋមន្ត្រី​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ មុន​របប​សឹក​ភូមា​ដួលរលំ​។ លោក​ថេ​ន សេន​ជា​អ្នកបង្កើត​បក្ស​កាន់អំណាច​USDP បច្ចុប្បន្ន ជាមួយនឹង​មេបញ្ជាការ​យោធា​ធំៗ​ជាច្រើនរូប​ផ្សេងទៀត​។ លោក​មិនបាន​ឈរឈ្មោះ​ក្នុងការ​បោះឆ្នោត​សភា​ទេ ប៉ុន្តែ លោក​ក៏​មិន​ទាត់ចោល​បេក្ខភាព​សម្រាប់​ការបោះឆ្នោត​ប្រធានាធិបតី  នៅ​ដើមឆ្នាំ​២០១៦​ខាងមុខ​ដែរ​។​

៣/ មេបញ្ជាការ​យោធា Min Aung Hlaing
​ជា​តួអង្គ​ដែលមាន​ទំងន់​ធ្ងន់ ក្នុង​ឆាកនយោបាយ ព្រោះ​កងទ័ព​មាន​ឥទ្ធិពល​ខ្លាំង ហើយ​លោក​Min Aung Hlaing ក៏​ត្រូវគេ​ចាត់ទុកជា​បុរស​ខ្លាំង​ម្នាក់​ផងដែរ​។ កងទ័ព​មី​យ៉ាន់​ម៉ា​មាន​ជាង​៥​សែន​នាក់ កាន់កាប់​តំបន់​មួយចំនួន​ក្នុងប្រទេស​។ តំបន់​ខ្លះ​ស្ថិតក្នុង​ការប្រកាស​ស្ថានភាព​អាសន្ន ដោយសារ​កងទ័ព​ប្រយុទ្ធ​ជាមួយ​ក្រុម​ឧទ្ទាម​មកពី​សហគមន៍​ជនជាតិភាគតិច​។ កងទ័ព​ភូមា​កាន់កាប់​សហគ្រាស​ជាច្រើន ដូច្នេះ កងទ័ព​ដើរតួ​សំខាន់​ក្នុង​សេដ្ឋកិច្ចជាតិ​។ ទោះ​យ៉ាងនេះ​ក្តី លោក​Min Aung Hlaing អះអាងថា នឹង​គោរព​លទ្ធផល​បោះឆ្នោត​ថ្ងៃអាទិត្យ​នេះ​។

៤/​សហគមន៍​ជនជាតិភាគតិច​
​ប្រជាជន​ភូមា​ភាគច្រើន រួមទាំង​លោកស្រី​ស៊ូ​ជី​ផងដែរ មាន​ដើមកំណើត​មកពី​ជាតិ​ពិ​ន្ធុ​Bamars​។ ដោយឡែក ក្នុង​តំបន់​មួយចំនួន​ដែលមាន​សហគមន៍​ជនជាតិភាគតិច​រស់នៅ បើទោះជា​មាន​បទ​ឈប់​បាញ់ ក៏​គ្មាន​ការរៀបចំ​បោះឆ្នោត​សភា​ដែរ​។ ប៉ុន្តែ នៅតាម​តំបន់​ផ្សេងទៀត សហគមន៍​ជនជាតិភាគតិច អាច​នឹង​ជាប់ឆ្នោត​ទទួលបាន​កៅអី​ខ្លះៗ​។

៥/ ក្រុម​សង្ឃ​
​មី​យ៉ាន់​ម៉ា​មាន​សង្ឃ​ប្រមាណ​៥​សែន​អង្គ​។ សង្ឃ​គ្មាន​សិទ្ធិ​ធ្វើ​នយោបាយ​ទេ ប៉ុន្តែ សង្ឃ​មាន​ឥទ្ធិពល​ក្នុង​ឆាកនយោបាយ​គួរអោយកត់សំគាល់​។ ក្រុម​សង្ឃ​មួយចំនួន បានបង្ហាញ​សកម្មភាព​ជ្រុលនិយម មិន​ពេញចិត្ត​ក្រុម​អ្នក​កាន់សាសនា​អ៊ីស្លាម​ក្នុងស្រុក​។ សង្ឃ​ទាំងនេះ​បង្ហាញ​ជំហរ​គាំទ្រ​បក្ស​កាន់អំណាច​របស់​ប្រធានាធិបតី​ថេ​ន សេន​។ សង្ឃ​នាម​Wirathu​ដែល​ដឹកនាំ​ច​លាន​ប្រឆាំង​ក្រុម​សាសនា​អ៊ីស្លាម ថែមទាំង​ចោទ​អ៊ុង​សាន ស៊ូ​ជី ថា​គាំទ្រ​អ្នក​កាន់សាសនា​អ៊ីស្លាម​ទៀតផង​។ បក្សប្រឆាំង​របស់លោក​ស្រី​ស៊ូ​ជី មិន​ហ៊ាន​ជ្រើសរើស​បេក្ខជន​ជា​អ្នក​កាន់សាសនា​អ៊ីស្លាម​ទេ ព្រោះ​ខ្លាច​ប៉ះទង្គិច​ជាមួយ​ក្រុម​សង្ឃ​ជ្រុលនិយម​៕