​ទំនាស់​ក្នុង​គ្រួសារ ប្តី​កាប់​ប្រពន្ធ​ស្លាប់ រួច​ទៅ​ចងក សម្លាប់​ខ្លួនឯង

កំពង់ចាម: ទំនាស់​ក្នុង​គ្រួសារ បណ្តាល​ឲ្យ​បុរស​ជា​ប្តី បាន​ទាញ​ពូថៅ កាប់​ប្រហារ​ប្រពន្ធ បណ្តាល​ឲ្យ​ស្លាប់ក្នុង​ថ្លុកឈាម ហើយ​ក្រោយពី​ដឹងខ្លួន​ថា​​កាប់​ប្រពន្ធ​ស្លាប់ និង​ក្លាយជា​ឃាតក​នោះ បុរស​នោះបានរ​ត់ទៅ​ចងក​នៅ​រនូត​ផ្ទះ ធ្វើអត្តឃាតតាម​ក្រោយ​។​

​ហេតុការណ៍​នេះ បានកើត​ឡើង នៅវេលា​ម៉ោង ៣ និង​៣០​នាទី រសៀល ថ្ងៃទី​៦ ខែវិច្ឆិកា ឆ្នាំ​២០១៥ ស្ថិតនៅ​ភូមិ​ព្រែក​ពោធិ៍​លើ ឃុំ​ព្រែក​ពោធិ៍ ស្រុក​ស្រី​សន្ធរ ខេត្តកំពង់ចាម ។​

​តាម​សាក្សី បាន​និយាយថា មុន​នឹងមាន​ហេតុការណ៍ អំពើហិង្សា​ខាងលើ​កើតឡើង​នោះ ដំបូង​គេ​បានឮ​សំឡេង​ប្រកែក​គ្នា ទៅវិញទៅមក រវាង​ប្តី​ឈ្មោះ ធឿន គឹម​ផេង អាយុ​៣១​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ ស្រី​ណុ​ច អាយុ​៣៨​ឆ្នាំ យ៉ាង​តឹង​សរសៃ ក រៀងៗ​ខ្លួន ហើយ​ស្រាប់តែ​ប្តី បាន​ស្ទុះ​ទៅយក​ពូថៅ មក​កាប់​ប្រហារ​ប្រពន្ធ បណ្តាល​ឲ្យ​ស្លាប់​ក្នុង​ថ្លុកឈាម នៅ​ខាងក្រោម​ផ្ទះ​របស់​ម្តាយ ។  ​បន្ទាប់មក បុរស​ជា​ប្តី ដែល​ដឹងថា ខ្លួន​ក្លាយទៅជា​ឃាតករ សម្លាប់​ប្រពន្ធ​ខ្លួន​នោះ ក៏​ប្រញាប់​យក​ខ្សែ អង្រឹង​ចង​ទៅនឹង​រនូត​ផ្ទះ ហើយ​ចងក ធ្វើអត្តឃាត បណ្តាល​ឲ្យ​ស្លាប់ ដូចគ្នា ។

​លោក​វរសេនីយ៍ត្រី ខេង ស្រេង បាន​ឲ្យ​ដឹងថា ក្រោយពី​មាន​ហេតុការណ៍​កើតឡើង និង​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នៅ ឃុំ​ព្រែក​ពោធិ៍ និង​បាន​ដឹងឮ​ដល់​សមត្ថកិច្ច​មូលដ្ឋាន ក៏​ប្រញាប់​ចុះ ទៅ​ឡោមព័ទ្ធ​កន្លែងកើតហេតុ នៅផ្ទះ​របស់​ស្ត្រី​ចំណាស់ ឈ្មោះ ជិន គឹម​សុន ។ បន្ទាប់មក​រូបលោក ក៏បាន​ដឹកនាំ​កម្លាំង ចុះទៅ​បន្ថែមទៀត ដោយបាន​ពិនិត្យ​ត្រឹមត្រូវ​រួចរាល់ ក៏​ប្រគល់​សព​២​នាក់​ប្តី​ប្រពន្ធ​ឲ្យ​ទៅ​ក្រុម​សាច់ញាតិ រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី​។​

​លោក​បាន​បន្តថា ២​នាក់​ប្តី​ប្រពន្ធ​នេះ បាន​ទៅ​ស៊ី​ឈ្មួ​ល ធ្វើ​កម្មករសំណង់​នៅ​រាជធានី ភ្នំពេញ ដោយបាន​នាំគ្នា មកលេង​ផ្ទះ នៅ​ថ្ងៃទី​៥ វិច្ឆិកា ២០១៥  លុះ​មកដល់​រសៀល​ថ្ងៃទី​៦ វិច្ឆិកា ស្រាប់តែ​មានទំនាស់ នៅក្នុង​គ្រួសារ កើតឡើង​គួរ​ឲ្យ​សង្វេគ​បែបនេះ​តែម្តង ៕V​/S

​ទំនាស់​ក្នុង​គ្រួសារ ប្តី​កាប់​ប្រពន្ធ​ស្លាប់ រួច​ទៅ​ចងក សម្លាប់​ខ្លួនឯង