បទល្មើស​បំផ្លាញ​សត្វព្រៃ​និង​ដឹកជញ្ជូន​ឈើ​ប្រណីត​ក្នុង​ខេត្តរតនគិរី ពុំមាន​ការថយចុះ​នោះទេ​

សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​តាម​បណ្ដា​ស្រុក​នានា​ក្នុង​ខេត្តរតនគិរី បាន​ឲ្យ​ដឹងថា​បច្ចុប្បន្ន​បទល្មើស​ចា​ប់​សត្វព្រៃ​ដឹកជញ្ជូន​ទៅ​លក់​នៅ​ស្រុក​យួន និង​បទល្មើស​ដឹកជញ្ជូន​ឈើ​ប្រណីត​ខុសច្បាប់ នៅតែ​កើតឡើង​យ៉ាង​ពេញបន្ទុក​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា សមត្ថកិច្ច​ពាក់ព័ន្ធ​រួមមាន មន្ត្រី​កងរាជអាវុធហត្ថ នគរបាល មន្ត្រីរដ្ឋបាល​ព្រៃឈើ​ជាដើម បង្ក្រាប​តែ​ឈ្មួញ​ដែល​មិន​បង់លុយ​ឲ្យ​ពួកគេ​ប៉ុណ្ណោះ ហើយ​ឈ្មួញ​ដែល​បង់លុយ​ជាប្រចាំ គឺ​ពួកគេ​មិន​បង្ក្រាប​ឡើយ​។ ជាក់ស្ដែង​ការបង្ក្រាប​រថយន្ត​ដឹកជញ្ជូន​សត្វព្រៃ​និង​ឈើ​ប្រណី​តរបស់​ឈ្មួញ​ឈ្មោះ ញី កាលពី​រសៀល​ថ្ងៃទី​០៥ ខែវិច្ឆិកា ឆ្នាំ​២០១៥ ត្រូវគេ​សង្ស័យថា​មកពី​ឈ្មួញ​រូបនេះ មិន​បង់លុយ​ឲ្យ​សមត្ថកិច្ច​។

​ប្រភពពី​មន្ត្រី​អាជ្ញាធរ​ក្នុងស្រុក​អូរ​យ៉ា​ដាវ បាន​ឲ្យ​ដឹងថា​កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​រសៀល រថយន្ត​មួយគ្រឿង​ពាក់​ស្លាក​លេខ​ប្រទេស​យួន​ដែល​សង្ស័យ​ដឹក​សត្វព្រៃ​ចេញពី​ក្រុង​បាន​លុង​ឆ្ពោះទៅ​ស្រុក​យួន ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ​និង​រដ្ឋបាល​ព្រៃឈើ​បង្ក្រាប​នៅ​ចំណុច​ភូមិ​សោម​ត្រក់ ឃុំ​សោម​ធំ ស្រុក​អូរ​យ៉ា​ដាវ​។ បន្ទាប់ពី​ឆែកឆេរ​រថយន្ត​នោះ សមត្ថកិច្ច​បាន​រកឃើញ​ឈើ​ប្រណីត​ទៅវិញ ហើយ​មនុស្ស​ពីរ​ទៅ​បីនាក់​ដែល​ជិះ​ក្នុង​រថយន្ត​នោះ ត្រូវបាន​គេ​ជម្លៀស​ឲ្យ​រត់គេចខ្លួន​ចូល​ទឹកដី​យួន​ភ្លាមៗ​បន្ទាប់ពី​មានការ​បង្ក្រាប ដោយ​គ្មាន​ការចាប់ខ្លួន​មនុស្ស​ណា​ម្នាក់​ឡើយ​។ ប្រការនេះ​ត្រូវបាន​ប្រជាពលរដ្ឋ​រិះគន់ថា ចំណាត់ការ​របស់​សម​ត្ថ​កិច្ច​ទៅលើ​រថយន្ត​ប្រុ​ន​តូ ពាក់​ស្លាក​លេខ​យួន​81A-04798 គ្រាន់តែ​ជា​វិធី​ព្រមាន​ដើម្បី​ឲ្យ​ឈ្មួញ​ឈ្មោះ ញី ផ្ដល់​ផលប្រយោជន៍​ឲ្យ​ពួកគេ​តែប៉ុណ្ណោះ​។

តាម​ប្រភពពី​សមត្ថកិច្ច​ពាក់ព័ន្ធ​ខ្លះ​បាន​ឲ្យ​ដឹងថា​ឈ្មួញ​ឈ្មោះ ញី គឺជា​ឈ្មួញ​ល្បីឈ្មោះ​ខាង​ដឹកជញ្ជូន​សត្វព្រៃ​និង​ឈើ​ប្រណី​តទៅ​លក់​នៅ​ស្រុក​យួន​តាម​រថយន្ត​ជាច្រើន​ប្រភេទ​ដូចជា រថយន្តក្រុង​ដឹក​អ្នកដំណើរ រថយន្ត​សាំ​យ៉ុង និង​រថយន្ត​ផ្ទាល់ខ្លួន​។ កន្លងមក​ឈ្មួញ​ម្នាក់នេះ​តែងតែ​បង់លុយ​ជាប្រចាំ​ឲ្យ​សមត្ថកិច្ច​ខ្មែរ ទើប​អាច​ដឹកជញ្ជូន​ឈើ​ប្រណីត​និង​សត្វព្រៃ​ទៅដល់​គោលដៅ ដោយ​ពុំមាន​ការរំខាន​ពី​សមត្ថកិច្ច​ឡើយ ហើយ​ជួនកាល​ឈ្មួញ​យួន​ឈ្មោះ ញី នេះ​បាន​ពឹងពាក់​អ្នករត់​ការ​ជា​សមត្ថកិច្ច​ជួយ​សម្របសម្រួល​ទៀតផង​។ ប្រភព​ខ្លះ​បាន​ឲ្យ​ដឹងថា ឈើ​ប្រណីត​ដែល​ឈ្មួញ​យួន​ឈ្មោះ ញី ដឹកជញ្ជូន​ខុសច្បាប់ ភាគច្រើន​ប្រមូល​ទិញ​ពី​ក្នុងស្រុក​វ៉ឺ​ន​សៃ ហើយ​អធិការនគរបាល​ស្រុក​វ៉ឺ​ន​សៃ បាន​ប្រមូល​ផលប្រយោជន៍​យ៉ាង​សុខ​ស្រួល​បំផុត​៕

W@t-061121 W@t-061120 W@t-061122