​ពលរដ្ឋ​ស្រុក​អូរជ្រៅ​រិះគន់​មន្ត្រី​យោធា​វរ​សេនា​តូច​៥១៥​បើកដៃ​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ​

​ប្រជាពលរដ្ឋ​ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ បាន​រាយការណ៍​ថា ច្រករបៀង​ដែល​គ្រប់គ្រង​ដោយ​លោក​វរសេនីយ៍ឯក ឃួន ជឿន មេបញ្ជាការ​វរ​សេនា​តូច ៥១៥ ចំណុះ​ឲ្យ​យោធភូមិភាគ​ទី​៥ បាន​ប្រព្រឹត្ត​បទល្មើស​ខុសច្បាប់​បំពាន​ទៅលើ​គោលនយោបាយ​របស់​រដ្ឋា​ភិ​បាល​លោក ហ៊ុន សែន ។ ប្រភព​ដដែល​បាន​បញ្ជាក់ថា​ដើម្បី​ប្រមូល​ផលប្រយោជន៍​យកទៅ​ធ្វើ​មាន ធ្វើបាន​ផ្ទាល់ខ្លួន មន្ត្រី​យោធា​នៅ​វរ​សេនា​តូច​៥១៥​បាន​បើកដៃ​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ និង​សម្រួល​ឲ្យ​មាន​ពលករ​ខ្មែរ​ឆ្លងដែន​ទៅ​ប្រទេស​សៀម​ទាំង​បំពាន​ច្បាប់​។​

ឈ្មួញ​រកស៊ី​នាំចូល​ទំនិញគេចពន្ធ​នៅ​តំបន់​ជាយដែន​ស្រុក​អូរជ្រៅ បាន​បង្ហើប​ឲ្យ​ដឹងថា មន្ត្រី​យោធា​វរ​សេនា​តូច​៥១៥ ចំណុះ​ឲ្យ​យោធភូមិភាគ​ទី​៥ ឈរជើង​តាម​បន្ទាត់​ព្រំដែន​កម្ពុជា​-​សៀម ស្ថិតក្នុង​ស្រុក​អូរជ្រៅ បាន​លួច​បើក​ច្រករបៀង​ខុសច្បាប់ និង​ច្រក​តំបន់​អូរ​បី​ជាន់ លួច​នាំ​ទំនិញគេចពន្ធ​ចេញ​-​ចូល​ឆ្លងដែន​ពី​សៀម​មក​កម្ពុជា ។ ប្រភព​ដដែល​បាន​បញ្ជាក់ថា ក៏មាន​ការបង្ហូរ​ពល​ករ​ខ្មែរ​ចំណាកស្រុក​ឆ្លងដែន​ទៅ​លក់​កម្លាំង​ពលកម្ម​ឲ្យ​សៀម​វិញ​ទាំង​ប្រថុយប្រថាន​គ្រោះថ្នាក់​នោះ​ថែមទៀត​ដែល​បញ្ហា​នេះ​បានធ្វើ​ឲ្យ​តំបន់​ខាងលើ​មាន​ភាពអនាធិបតេយ្យ​។​

​ជុំវិញ​បញ្ហា​នេះ មេ​ឈ្មួញ​ឈើ​គ្រញូង​ជា​ជនជាតិ​សៀម​ម្នាក់ ត្រូវបាន​ប្រភព​បង្ហើប​ឲ្យ​ដឹងថា មានឈ្មោះ​តា​យុគ រស់នៅ​ស្រុក​គោក​ធ្យូង ខេត្ត​ស្រះកែវ  ប្រទេស​សៀម បាន​ឃុបឃិត​គ្នា​ជាមួយនឹង​មន្ត្រី​យោធា​ខាងលើ​លួច​នាំ​ឈើ​គ្រញូង​ខុសច្បាប់​ពី​សៀម​មក​កម្ពុជា​តាម​ច្រក​តំបន់ និង​ច្រករបៀង​ជា​រៀងរាល់​យប់​តែម្តង ។ សកម្មភាព​ឃុបឃិត​ជាមួយ​ឈ្មួញ​សៀម​ដោយ​មន្ត្រី​យោធា​កម្ពុជា​ត្រូវបាន​ប្រជាពលរដ្ឋ​ស្រុក​អូរជ្រៅ​រិះគន់ថា​កំពុង​ធ្វើ​ឲ្យ​ច្បាប់​ខ្មែរ​គ្មាន​តម្លៃ​។​

​ថ្មីៗ​នេះ​នាយ​ឧ​ត្ត​ម​សេនីយ៍​គន់ គីម អគ្គ​មេបញ្ជាការរង និង​ជា​នាយសេនាធិការ​ចំរុះ​នៃ​កងយោធពល​ខេមរភូមិន្ទ​ដែលជា​មន្ត្រី​ស្និទ្ធ​នឹង​លោក ហ៊ុន សែន បាន​ព្រមាន​ដល់​កម្លាំង​ឈរជើង​តាម​បន្ទាត់​ព្រំដែន​មិនត្រូវ​យកលុយ​ពី​ពលករ​ឆ្លងដែន​ទេ​។ តែ​ការព្រមាន​របស់​មន្ត្រី​ខាងលើនេះ​គ្មាន​ប្រសិទ្ធភាព​នោះទេ ព្រោះ​អំពើពុករលួយ​បាន​គ្របដណ្តប់​លើ​មន្ត្រី​ខ្មែរ​តាំងពី​ថ្នាក់មូលដ្ឋាន​ដល់​ថ្នាក់​កំពូល​ទៅហើយ​។ ជាក់ស្តែង​ការបើក​ច្រករបៀង និង​ច្រក​តំបន់ ស្ថិត​ជាប់​ព្រំដែន​ក្នុងស្រុក​ស្វាយចេក និង​ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ ជាប់​ព្រំដែន​កម្ពុជា​-​សៀម ត្រូវគេ​ដឹងថា​មានការ​ឃុបឃិត​គ្នា​ជា​ប្រព័ន្ធ​រវាង​មន្ត្រី​យោធា និង​មន្ត្រី​ជំនាញ​ផ្សេងទៀត​ក្នុង​តំបន់​ខាងលើ​៕

ac678f87-5881-46a6-9609-ec5950cd9438​លោក​វរសេនីយ៍ឯក ឃួន ជឿន មេបញ្ជាការ​វរ​សេនា​តូច ៥១៥ c72fbaf3-1e9c-46d1-9bfc-e9a019191af4