តំណាងរាស្រ្ត CPP ចុះសួរសុខទុក្ខ តំណាងរាស្រ្ត CNRP ដែលកំពុងសម្រាក ព្យាបាលរបួសនៅបាងកក

បាងកក៖ លោក ឈាង វុន និងលោកស្រី បាន ស្រីមុំ តំណាងរាស្រ្តមកពីគណបក្សប្រជាជនកម្ពុជា (CPP) នៅ ព្រឹកថ្ងៃទី០៧ ខែវិច្ឆិកា នេះ បានចុះទៅសួរសុខទុក្ខលោក គង់ សភា និង លោក ញ៉យ ចំរើន តំណាងរាស្រ្តមកពី គណបក្សសង្រ្គោះជាតិ ដែលកំពុងសម្រាកព្យាបាលរបួសនៅទីក្រុងបាងកក ប្រទេសថៃ។ ក្រុមតំណាងរាស្រ្ត ក៏ បាននាំយកថវិកាជូនក្រុមតំណាងរាស្រ្តរងរបួសទាំងពីររូបម្នាក់ៗ ២ពាន់ដុល្លារផងដែរ។

ក្រៅពីលោក ឈាង វុន និងអ្នកស្រី បាន ស្រីមុំ ដំណើរសួរសុខទុក្ខនេះ ក៏មានការអញ្ជើញចូលរួមពី លោក ញ៉ែម ឫញ្ញារិទ្ធ រួមនិងមន្រ្តីរដ្ឋសភា និង តំណាងស្ថានទូតនៃព្រះរាជណាចក្រកម្ពុជា ប្រចាំប្រទេសថៃផងដែរ។

ក្នុងដំណើរសួរសុខទុក្ខនេះ គណៈប្រតិភូរដ្ឋសភាកម្ពុជា បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឌសភា និងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ព្រមទាំង លោក ហ៊ុន ម៉ានី ក្នុងនាមយុវជនតំណាងរាស្រ្តមួយរូប។

លោក ឈាង វុន បានបញ្ជាក់ជំរាបជូនតំណាងរាស្រ្តទាំង២រូបថា សម្តេចប្រធានរដ្ឋសភា និងសម្តេចតេជោ ហ៊ុន សែន បានប្តេជ្ញានាំអ្នកប្រព្រឹត្តបទល្មើសហិង្សាយកមកផ្តន្ទាទោសតាមច្បាប់ជាធរមាន។

អ្នកតំណាងរាស្រ្តទាំង២រូប បានសម្តែងនូវចិត្តរំភើប ដោយមានទឹកភ្នែករលីងរលោងថែមទៀតផង ហើយក៏បាន អរគុណសម្តេចប្រធានរដ្ឋសភា សម្តេចតេជោនាយករដ្ឋមន្រ្តីកម្ពុជា និង លោក ហ៊ុន ម៉ានី ព្រមទាំងគណៈប្រតិភូ ដែលបានយកចិត្តទុកដាក់ ចំពោះរូបគាត់ទាំង២រូប។

សូមបញ្ជាក់ថា អ្នកតំណាងរាស្រ្តទាំងពីររូប ត្រូវបានក្រុមជនដៃដល់មួយក្រុម បានព្រួតគ្នាវាយបណ្តាលឲ្យរងរបួសយ៉ាងដំណំ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៥កន្លងទៅនេះ។ រហូតមកដល់ពេលនេះ ជនដៃដល់ ដែលប្រើហិង្សាលើអ្នកតំណាងរាស្រ្ត ត្រូវបានតុលាការសម្រេចឃុំខ្លួនពួកគេនៅពន្ធនាគារព្រៃស ដោយចោទប្រកាន់ពីបទប្រើអំពើហិង្សា និងបំភ្លេចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ ដោយចេតនាមានស្ថានទម្ងន់ទោស។

ជនដៃដល់ទាំង ៣នាក់ រួមមាន៖ ទី១- ឈ្មោះ ចាយ សារិទ្ធ ភេទប្រុស អាយុ៣៣ឆ្នាំ មានទីលំនៅ នៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ទី២- ឈ្មោះ ម៉ៅ ហឿន ភេទប្រុស អាយុ ៣៤ឆ្នាំ មានទីលំនៅ ឃុំព្រែក ខ្សាយ ស្រុកពាមរក៍ ខេត្តព្រៃវែង និងទី៣- ឈ្មោះ ស៊ុត វណ្ណនី ភេទប្រុស អាយុ៤៥ឆ្នាំ មានទីលំនៅសង្កាត់កំពង់ សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

តំណាងរាស្រ្ត CPP ចុះសួរសុខទុក្ខ តំណាងរាស្រ្ត CNRP ដែលកំពុងសម្រាក ព្យាបាលរបួសនៅបាងកក

តំណាងរាស្រ្ត CPP ចុះសួរសុខទុក្ខ តំណាងរាស្រ្ត CNRP ដែលកំពុងសម្រាក ព្យាបាលរបួសនៅបាងកក

តំណាងរាស្រ្ត CPP ចុះសួរសុខទុក្ខ តំណាងរាស្រ្ត CNRP ដែលកំពុងសម្រាក ព្យាបាលរបួសនៅបាងកក

តំណាងរាស្រ្ត CPP ចុះសួរសុខទុក្ខ តំណាងរាស្រ្ត CNRP ដែលកំពុងសម្រាក ព្យាបាលរបួសនៅបាងកក