តំណាង​រដ្ឋសភា​បាន​ជួប​សមាជិកសភា​ដែល​ត្រូវគេ​វាយដំ​ហើយ

​ប្រតិភូ​តំណាង​រដ្ឋសភា​កម្ពុជា​ដែល​រួមមាន​លោក ឈាង វុន លោក យ៉ែម បុញ្ញ​ឬ​ទ្ធ និង​អ្នកស្រី បាន ស្រីមុំ រួមទាំង​មន្ត្រី​រដ្ឋសភា​៣​រូប​ទៀត បាន​ទៅដល់​បន្ទប់​សម្រាក​ព្យាបាល​របស់លោក គង់ សភា និង លោក ញ៉យ ចំរើន​ហើយ​នៅ​ព្រឹក​ថ្ងៃ​សៅរ៍​ទី​៧​វិច្ឆិកា​នេះ​។ នេះ​បើតាម​ការបង្ហាញ​រូបភាព​នៅលើ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់លោក ឈាង វុន​។​

​លោក ឈាង វុន តំណាងរាស្ត្រ​របស់​គណ​បក្ស​កាន់អំណាច និង​ជា​ប្រធាន​ប្រតិភូ​តំណាង​រដ្ឋសភាជាតិ បាន​សរសេរ​នៅ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់លោក​រៀបរាប់​អំពី​ស្ថានភាព​ជំងឺ​របស់​សមាជិក​រដ្ឋ​សភា​មកពី​គណបក្សប្រឆាំង​ផងដែរ​។ លោក ឈាង វុន បាន​សរសេរ​យ៉ាង​ដូច្នេះ​៖« លោក​ទាំងពីរ (​លោក គង់ សភា និង​លោ​កក ញ៉យ ចំរើន​) មិនទាន់​ត្រូវបាន​គ្រូពេទ្យ​អនុញ្ញាត​ឲ្យ​ចាក​ចេញពី​មន្ទីរពេទ្យ​នៅឡើយ​ទេ ដោយសារ​លោក​ទាំងពីរ​នៅ​ឈឺ​គ្រាំ​ក្នុង​ទ្រូង និង​បញ្ហា​ត្រចៀក​នៅ​ឈឺ​ស្តាប់​មិនទាន់​ឮ​ច្បាស់​»​។​

​នៅឯ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ មុន​ចេញដំណើរ​ទៅ​ទីក្រុង​បាងកក​នោះ លោក ឈាង វុន បាន​ថ្លែងថា អំពើហិង្សា​ដែល​ត្រូវបាន​ប្រព្រឹត្តិ​ទៅលើ​អ្នកតំណាងរាស្ត្រ​ទាំង​ពីររូប​គឺជា​អ្វីដែល​គេ​មិនអាច​អត់ឱន​ឲ្យ​បានឡើយ ព្រោះថា សម្រាប់​លោក វា​គឺជា​ការរំលោភ​ទៅលើ​តំណាង​របស់​ពលរដ្ឋ​។ នេះ​ជា​ប្រសាសន៍​របស់លោក ឈាង វុន ដែល​ត្រូវបាន​ផ្សាយ​នៅលើ​គេហទំព័រ​នៃ​រដ្ឋសភាជាតិ​។ លោក ឈាង វុន ថ្លែងបន្តថា​៖«​តំណាងរាស្ត្រ​មាន​អភ័យឯកសិទ្ធិ​ដែល​គេ​មិនអាច​រំលោភ​បានទេ​។ យើង​ត្រូវ​ធ្វើយ៉ាងណា ដើម្បី​ឲ្យ​អ្នកប្រព្រឹត្តិ​ហិង្សា​ទទួលទោស​ពិតប្រាកដ​»​។​

​នៅ​ថ្ងៃទី​២៦​តុលា​កន្លងទៅ មនុស្ស​មួយក្រុម​បាន​ព្រួត​វាយដំ​អ្នកតំណាងរាស្ត្រ​នៃ​គណបក្សប្រឆាំង​រហូតដល់​របួស​ធ្ងន់ធ្ងរ​។ ប្រតិកម្ម​ពី​ស្ថាប័ន​ជាតិ និង​អន្តរជាតិ​បាន​រិះគន់​យ៉ាងខ្លាំង​លើ​អំពើហិង្សា​នេះ​។ មនុស្ស​៣​នាក់​បាន​ចេញមុខ​សារភាព​ហើយ ប៉ុន្តែ​ក្រុម​គណបក្សប្រឆាំង​បានទាមទារ​ឲ្យ​អាជ្ញាធរ​បន្ត​ស្វែងរក​អ្នកបញ្ជា​ក្រុម​ជនដៃដល់​បន្ថែមទៀត​។​

​គួររម្លឹកថា អំពើហិង្សា​លើ​អ្នកតំណាងរាស្ត្រ​បានកើត​ឡើង តែ​ប៉ុន្មាន​ម៉ោង​ក្រោយពី​បាតុកម្ម​របស់​ពលរដ្ឋ​ទាមទារ​ឲ្យ​លោក កឹម សុខា ដែលជា​អនុប្រធាន​គណបក្សប្រឆាំង​នៅក្នុង​រដ្ឋសភា ចេញពី​តួនាទី​អនុប្រធានរដ្ឋសភា​។ ជា​បាតុកម្ម​ដែល​បាន​កើតឡើង ក្រោយពី​មាន​បាតុកម្ម​ប្រឆាំង​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន នៅ​សហរដ្ឋអាមេរិក និង​នៅ​ប្រទេស​បារាំង​៕