​នាវាចម្បាំង​កងទ័ពជើងទឹក ប្រទេស​ឥណ្ឌា ចូល​ចត​ជា​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​

ព្រះសីហនុ: នៅវេលា​ម៉ោង ៨​និង​៣០​នាទី ព្រឹក ថ្ងៃទី​៧ វិច្ឆិកា​នេះ នាវាចម្បាំង​កងទ័ពជើងទឹក ប្រទេស​ឥណ្ឌា មួយគ្រឿង បាន​ចូល​មកដល់ កំពង់ផែ​អន្តរជាតិ ខេត្ត​ព្រះសីហនុ តាម​ការគ្រោងទុក ដើម្បី​ធ្វើ​ទស្សនកិច្ច នៅលើ​ទឹកដី​ព្រះរាជាណាចក្រ​កម្ពុជា រយៈពេល​៤​ថ្ងៃ ចាប់ពី​ថ្ងៃទី​៧ ដល់​ថ្ងៃទី​១០​ខែវិច្ឆិកា ឆ្នាំ​២០១៥ ។

​ខណៈនោះ​ដែរ គណៈប្រតិភូ​នាវា ត្រូវ​បានទទួល​ស្វាគមន៍​យ៉ាង​កក់ក្តៅ​បំផុត​ពី​សំណាក់​មេបញ្ជាការ មេបញ្ជាការរង កងទ័ពជើងទឹក មូលដ្ឋាន​សមុទ្រ​រាម ប៉ូលិស ប៉េអឹម និង​អាជ្ញាធរខេត្ត ផងដែរ​។​

​នាវា​ដែល​បាន​ចូល​ចត​ខាងលើនេះ ឈ្មោះ INS SAMRTA (៤៧) បណ្ដោយ​១១០​ម៉ែត្រ ទទឹង ១៣,៧ ម៉ែត្រ ទម្ងន់​ផ្ទុក ៣.៥០០​តោន ជម្រៅ​ទឹក​៦​ម៉ែត្រ ចំនួន​ទាហាន​១៣១​នាក់ ដឹកនាំ​បញ្ជា​ដោយ​មេបញ្ជាការ វរ​នា​វី​ត្រី SK BHARATIRYA​។
​គោលបំណង​របស់​នាវា​នេះ ត្រូវបាន​មន្ត្រី​សាលាខេត្ត​ព្រះសីហនុ ប្រាប់​ឲ្យ​ដឹងថា ការចូល​ចត​នេះ ជា​ដំណើរ​ទស្សនកិច្ច​ផ្លូវការ មិត្តភាព រយៈ​ពាល​៤​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​៧ រហូត​ដល់ទី​១០ វិច្ឆិកា ដើម្បី​ពង្រីក​កិច្ចសហប្រតិបត្តិការ និង​ស្វែងយល់​ផ្លាស់ប្ដូរ​បទពិសោធន៍ រវាង​កងទ័ពជើងទឹក​កម្ពុជា និង​ឥណ្ឌា ឲ្យ​កាន់តែ​ល្អប្រសើរ​។​

​គណៈប្រតិភូ​ឥណ្ឌា ក៏បាន​ការអញ្ជើញ ឲ្យ​ចូលជួប​ពិភាក្សា ការងារ​មួយចំនួន​ពី​សំណាក់​លោក​អភិបាល អភិបាលរង​ខេត្ត​ព្រះសីហនុ ព្រមទាំង​មន្ត្រី​កងទ័ពជើងទឹក​មូលដ្ឋាន​សមុទ្រ​រាម​។ ក្នុងពេល​ចូល​ចត​នេះ ប្រតិភូ​នាវា​មួយចំនួន ដើរ​ទស្សនាចរ ជា​ផ្លូវការ​លើទឹក​ដី ខេត្ត​ព្រះសីហនុ និង​មួយចំនួនទៀត ធ្វើដំណើរ​ទៅ​ភ្នំពេញ ចូល​ទស្សនា​ព្រះបរមរាជវាំង និង​ព្រះវិហារ កែវ​មរកត និង​ទស្សនា​សារមន្ទីរ​គុក​ទួលស្លែង រមណីយដ្ឋាន​វត្តភ្នំ និង​មួយចំនួន​ធ្វើដំណើរ​ទៅកាន់​ខេត្តសៀមរាប ទស្សនា​ប្រាសាទ​អង្គ​វត្ត​ផងដែរ​។

​នាវា​នេះ នឹង​ត្រឡប់​ទៅវិញ​នៅ​ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០១៥​នេះ​៕V

​នាវាចម្បាំង​កងទ័ពជើងទឹក ប្រទេស​ឥណ្ឌា ចូល​ចត​ជា​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​

​នាវាចម្បាំង​កងទ័ពជើងទឹក ប្រទេស​ឥណ្ឌា ចូល​ចត​ជា​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​