​ពលរដ្ឋ​រិះគន់​អភិបាលស្រុក​អង្គរបុរី​ក្នុងការ​ឃុបឃិត​ឲ្យ​មាន​បទល្មើស​នេសាទ​

​ក្រុម​អ្នកនេសាទ​នៅ​ស្រុក​អង្គរបុរី ខេត្តតាកែវ បាន​ឲ្យ​ដឹង​កាលពីពេល​ថ្មីៗ​នេះ ថា ពួកគេ​បាន​បង់លុយ​ឲ្យ​អភិបាលស្រុក​អង្គរបុរី ជា​ថ្នូរ​ដើម្បី​បានការ​អនុញ្ញាត​នេសាទ នៅក្នុង​បឹង និង​ព្រែក ដែល​សំបូរ​ដោយ​មច្ឆជាតិ​នេះ​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា​មន្ត្រី​មានអំណាច និង​មន្ត្រី​ជំនាញ​ទទួល​ប្រាក់​របស់​ពួកគេ ទើប​ពួកគេ​អាចធ្វើ​សកម្មភាព​នេសាទ​បាន​ដូច​សព្វថ្ងៃនេះ​។​

បើទោះជា​មន្ត្រីជលផល​មួយចំនួន​បាន​ឆ្លើយ​ការពារ​ពី​ភាព​ស្អាតស្អំ​របស់​អភិបាលស្រុក​អង្គរបុរី​ក៏ដោយ ក៏​ពួក​អ្នកនេសាទ​នៅ​ស្រុក​អង្គរបុរី បាន​លើកឡើងថា ដើម្បី​បាន​សិទ្ធិ​រាំង​ព្រួល បិទ​ព្រែក​ពួកគេ​ត្រូវ​បង់លុយ​ឲ្យ​លោក ឌឹ​ម គឹម​សាន អភិបាលស្រុក​អង្គរបុរី​ពី ៣​លាន​រៀល​ឡើងទៅ តាម​ទំហំ​ព្រែក​ធំ​តូច ដែល​នៅក្នុង​ស្រុក​នេះ យ៉ាងហោចណាស់​ក៏មាន​ព្រែក​ប្រមាណ​៥០ ដែរ​។ ក្រុម​អ្នកនេសាទ​បាន​អះអាងថា បើ​មិនបាន​បង់លុយ​ឲ្យ​មន្ត្រី​មានអំណាច​ទេនោះ ប្រាកដជា​ពួកគេ​ដាក់​កម្លាំង​ឲ្យ​ស្រាវជ្រាវ និង​ចុះបង្ក្រាប​យក​ឧបករណ៍​ខុសច្បាប់​ទៅ​ដុតចោល មិនខានឡើយ​។​

ជុំវិញ​បញ្ហា​នេះ លោក ឌឹ​ម គឹម​សាន ដែល​រង​ការចោទប្រកាន់ មិនអាច​ទាក់ទង​សុំ​ការបំភ្លឺ​បានទេ ។ ប៉ុន្តែ​បើទោះជា​ដូច្នេះ​ក្ដី​លោក អ៊ូ និ​ត នាយ​សង្កាត់រដ្ឋបាល​ជ​ល​ផល​ស្រុក​អង្គរបុរី បាន​ថ្លែង​ទទួលស្គាល់ថា ស្រុក​អង្គរបុរី​ពិតជា​មានការ​បិទ​របាំ​ង​តាម​ព្រែក​ច្រើន​មែន តែ​វា​ជា​រឿង​សហគមន៍​នេសាទ​ជាមួយ​ក្រុម​អាជ្ញាធរ​ស្រុក លោក​មិនបាន​លូកដៃ​ចូលក្នុង​រឿងនេះ​ទេ ។

​មន្ត្រីជលផល​មួយរូប​បាន​បង្ហើប​ថា រឿង​អភិបាលស្រុក​អង្គរបុរី​ប្រមូល​លុយ​ពី​ពួក​អ្នក​ដាក់រ​បាំងបិទ​ព្រែក​នោះ មិន​ពាក់ព័ន្ធ​ជាមួយ​ក្រុម​មន្ត្រីជលផល​នោះទេ ព្រោះ​មកទល់ពេលនេះ​មន្ត្រីជលផល​មិនទាន់​ទទួលបាន​ផលប្រយោជន៍​ណាមួយ​ពី​ការបិទ​ព្រែក​នោះឡើយ​។ យ៉ាងណាក្តី​ប្រជាពលរដ្ឋ​ស្រុក​អង្គរបុរី​បាន​រិះគន់ថា មន្ត្រីជលផល​មិនគួរ​ឆ្លើយថា​បទល្មើស​នេសាទ​មិន​ពាក់ព័ន្ធ​នឹង​ក្រុម​ខ្លួន​នោះទេ ព្រោះ​បទល្មើស​នេសាទ​ជា​ជំនាញ​របស់​ពួកគេ​ដែល​ត្រូវតែ​បង្ក្រាប​៕

របាំងណរ៉ាវ