មេបញ្ជាការ​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត កំពុង​ល្បីឈ្មោះ​ខាង​កាង​ល្បែងស៊ីសង

មន្ត្រីរាជការ​និង​ប្រជាពលរដ្ឋ​នៅ​ក្រុង​ប៉ោយប៉ែត បាន​រិះគន់ថា​ក្រោយពេល​ទទួលបាន​តំណែង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​រួចមក លោក ជា ដា មិនដែល​យកចិត្តទុកដាក់​ពង្រឹង​សន្តិសុខ​សង្គម​ឲ្យ​ស្របតាម​បទបញ្ជា​ពី​ថ្នាក់លើ​នោះទេ​។ ផ្ទុយទៅវិញ​លោក ជា ដា មេបញ្ជាការ​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត បាន​ប្រើ​អំណាច​និង​តួនាទី​របស់ខ្លួន​ទៅ​កាង​ល្បែងស៊ីសង ដើម្បី​ផលប្រយោជន៍​ដោយ​គ្មាន​សេចក្ដី​អៀនខ្មាស​។ ហេតុនេះហើយ​ទើប​ល្បែងស៊ីសង​គ្រប់​ប្រភេទ​កំពុង​រាលដាល​ពេញ​ក្រុង​ប៉ោយប៉ែត បណ្ដាល​ឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​សន្តិសុខ​សណ្ដាប់ធ្នាប់​សង្គម​។

​ប្រជាពលរដ្ឋនៅក្នុង​ក្រុង​ប៉ោយប៉ែត បាន​ឲ្យ​ដឹងថា​ល្បែងស៊ីសង​ជាច្រើន​ប្រភេទ ជាពិសេស​កន្ទុយលេខ​ត្រូវគេ​បើក​លេង​តាម​ផ្ទះល្វែង​មួយចំនួន​នៅ​ចំណុច​ភូមិ​ក្បាលស្ពាន​១ នៅក្នុង​ផ្សារ​រាត្រី ផ្សារ​អគ្គ​ថ្មី ក្នុងភូមិ​បា​លិ​លេ​យ្យ យ៉ាង​អនាធិបតេយ្យ​។ ចំណែក​ល្បែងភ្នាល់​បាល់ទាត់​តាម​ប្រព័ន្ធ​អន​ឡាញ​ត្រូវគេ​បើក​លេង​យ៉ាង​គគ្រឹកគគ្រេង​ដូចជា​នៅក្រោយ​កាស៊ីណូ​ហ្គា​ន​ដាយ​មិន​ស៊ី​ធី មាន​ទីតាំង​បើក​ល្បែងភ្នាល់​បាល់ទាត់​ជិត​២០​កន្លែង នៅ​ចំណុច​កាស៊ីណូ​ផ្កាយ​៥​មាន​ប្រមាណ​ជិត​១០​កន្លែង ហើយ​នៅ​ទីតាំង​ផ្សេងទៀត​ក៏មាន​បើក​លេង​ដែរ​។ សមត្ថកិច្ច​ក្នុង​ក្រុង​ប៉ោយប៉ែត ជាពិសេស​កងរាជអាវុធហត្ថ​និង​នគរបាល​មិន​ចាត់វិធានការ​ទប់ស្កាត់​ល្បែងស៊ីសង​ខុសច្បាប់​នោះទេ ចំណែក​លោក ង៉ោ ម៉េង​ជ្រួ​ន អភិបាលរង​ប៉ោយប៉ែត ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់​។

ប្រភពពី​មន្ត្រី​កងរាជអាវុធហត្ថ​តូចតាច​មួយចំនួន​ក្នុង​ក្រុង​ប៉ោយប៉ែត បាន​ឲ្យ​ដឹងថា​អ្នក​ចង់​បើក​ល្បែងស៊ីសង​ត្រូវមាន​ទំនាក់ទំនង​ជាមួយ​មន្ត្រី​អាជ្ញាធរ​ក្រុង និង​សមត្ថកិច្ច​កងរាជអាវុធហត្ថ ព្រមទាំង​សមត្ថកិច្ច​នគរបាល ទើប​អ្វី​អាច​ប្រព្រឹត្ត​ទៅដោយ​រលូន​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា លោក ជា ដា មេបញ្ជាការ​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត បានដាក់​ពង្រាយ​កូនចៅ​ឲ្យ​ដើរ​ប្រមូល​លុយ​ពី​កន្លែង​បើក​លេង​ល្បែងស៊ីសង​ខុសច្បាប់​ទាំងនោះ យកទៅ​ធ្វើ​មាន​ធ្វើបាន​យ៉ាង​សុខ​ស្រួល ព្រោះ​លោក ជា ដា បាន​ស្គាល់​អត្តសញ្ញាណ​មេ​ល្បែងស៊ីសង​ច្បាស់លាស់​អស់​ទៅហើយ​។ ការដែល​លោក ជា ដា អាចធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត គឺអាច​មានការ​បើកដៃ​ពី​លោក ឱ បូ​រិន្ទ មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​ផងដែរ ទើប​រាល់​កំហុស​របស់​លោក ជា ដា មិនដែល​ទទួលរង​នូវ​ការស្ដីបន្ទោស​ម្តងណា​ឡើយ​៕

image0011លោក ជា ដា មេ​បញ្ជាការកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត