«ទឹកភ្នែក​និស្សិត» របស់​តារា​ចម្រៀង​ថ្មី នៃ​ផលិតកម្ម​ថោន


«ទឹកភ្នែកនិស្សិត» ជាចំណងជើងដ៏កំសត់ របស់ចម្រៀងមួយបទ របស់ផលិតកម្មថោន បង្ហើរ​តាម​សំនៀង របស់​តារា​វ័យ​ក្មេងមួយរូប ដែល​ពោរពេញ​ទៅ​ដោយ​អត្ថន័យ។
«ទឹកភ្នែក​និស្សិត» របស់​តារា​ចម្រៀង​ថ្មី នៃ​ផលិតកម្ម​ថោន

តារាចម្រៀងថ្មី កញ្ញា និរត្តន៍ នៅក្នុងឃ្លីបចម្រៀង «ទឹកភ្នែកនិស្សិត»។ (រូបថតផ្តិតពីវីដេអូ)

នៅពេលជាងមួយសប្តាហ៍នេះ ផលិតកម្មថោន បានបង្ហាញពីវត្តមានតារាស្រីថ្មី ដ៏ស្រស់ស្អាត និងមាន​សំនៀង​ដ៏ពិរោះ ឈ្មោះ និរត្តន៍ តាមរយះបទចម្រៀងមួយបទ ដែលមានចំណងជើងថា«ទឹកភ្នែកនិស្សិត» ដែល​និពន្ធ​ទំនុកច្រៀង ដោយលោក យឹម តាស្រង់ ក្នុងអត្ថន័យអប់រំ។

តាមពិតបទចម្រៀង ទឹកភ្នែកនិស្សិត នេះបានផ្សាព្វផ្សាយ តាមយូធូប តាំងពីថ្ងៃ ទី ២៦ ខែតុលាមកម្លេះ ប៉ុន្តែ​មិនទាន់មានការគាំទ្រ ពីសំណាក់អ្នកទស្សនា​ច្រើននៅឡើយ។ ទើបតែនៅដើមខែវិច្ឆកានេះ ទើបផលិតកម្ម​ថោន បានផ្សាយចម្រៀងនេះម្តងទៀត តាមទំព័រហ្វេសប៊ុករបស់ខ្លួន ហើយក៏ទទួលបានចំណាប់​អារម្មណ៍​យ៉ាង​ច្រើន ពីសំណាក់អ្នកប្រើប្រាស់ និងអ្នកគាំទ្រផលិតកម្ម ដែលលាន់មាត់ សឹងតែគ្រប់ៗគ្នាថា បទនេះ​ពិរោះ​ណាស់ ថែមទាំងមានន័យ ក្នុងការអប់រំនោះទៀត។

«ទឹកភ្នែកនិស្សិត» ជាចម្រៀងមនោសញ្ចេតនាកំសត់ ដែលរៀបរាប់ពីជិវិត របស់និស្សិតស្រុកស្រែ ដែលមក​រៀនយកបរិញ្ញាបត្រ នៅរាជធានី ហើយក៏ភ្លើតភ្លើនមានស្នេហា រហូតដល់មានកូនទាំងមិនរៀបការ និង​ត្រូវ​គូសង្សា​បោះបង់ចោលទៀត។ ចុងក្រោយ សល់តែវិប្បសារី និងសុំការអភ័យ ពីអ្នកមានគុណ ចំពោះទង្វើ​ខុស​ឆ្គងរបស់ខ្លួនតែប៉ុណ្ណោះ។

សូមស្តាប់ថា តើបទនេះពិតជាពិរោះ និងមានន័យមែន ឬយ៉ាងណា?