ពលរដ្ឋ​រងគ្រោះ​រឿង​ដីធ្លី​ចង្អុល​ដាក់​និស្សិត​វាស់​ដី និង​រដ្ឋាភិបាល ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា


ប្រជាពលរដ្ឋមកពីខេត្តក្រុងជាច្រើន បានបង្ហាញពីទុក្ខលំបាករបស់ពួកគេ ជុំវិញវិបត្តិដីធ្លី និងការមិនទទួលខុសត្រូវ របស់​អាជ្ញាធរ​មូលដ្ឋាន ក៏​ដូច​ជា​រដ្ឋាភិបាល ដែល​បណ្តែតបណ្តោយ ឲ្យពលរដ្ឋរស់នៅ​ទាំងភាព​មិន​ច្បាស់​លាស់។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ក្រុមពលរដ្ឋបានចង្អុល​ដាក់​ក្រុម​និស្សិត​វាស់ដី ថា​បាន​បន្សល់​ទុក នូវ​បញ្ហា​មិន​ប្រក្រតី​ជា​ច្រើន ទុក​រហូត​មក​ដល់​ថ្ងៃ​នេះ និងគ្មាន​នរណា​ម្នាក់​ទទួល​ខុស​ត្រូវ។
ពលរដ្ឋ​រងគ្រោះ​រឿង​ដីធ្លី​ចង្អុល​ដាក់​និស្សិត​វាស់​ដី និង​រដ្ឋាភិបាល ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា

ក្រុមពលរដ្ឋ ព្រះសង្ឃ នៅក្នុងសន្និសីទថ្នាក់ជាតិ លើកទីលើកទី៩ ដែលបានរៀបចំឡើង ដោយអង្គការសង្គមស៊ីវិល ជាតិ និងអន្តរជាតិជិត៥០ អង្គការ។ (រូបថត monoROOM.info/ S. Tith)

វិបត្តិដីធ្លី នៅតែបន្តលងសង្គមកម្ពុជា បើទោះជាកន្លងមក រដ្ឋាភិបាលកម្ពុជា បានអះអាងដោយមោទនភាព ទាក់ទងនឹងការវាស់វែង​ដីធ្លី ដោយក្រុមនិស្សិត«តេជោ» និងបានបញ្ជាក់ហើយ បញ្ជាក់ទៀតថា បញ្ហានេះ​ត្រូវ​បានដោះស្រាយ ព្រមទាំងមានចំនួន​ថយ​ចុះ​យ៉ាងច្រើន បើប្រៀបទៅឆ្នាំមុនៗក៏ដោយ។ ប៉ុន្តែសម្រាប់ពលរដ្ឋ ដែលរងគ្រោះនឹងបញ្ហាដ៏ស្មុគ្រស្មាញនេះ នៅតែបន្តឡើងមក​រាជធានី ជាពិសេសនៅក្នុងសន្និសីទតស៊ូមតិ ថ្នាក់​ជាតិលើកទី៩ ដែលបានរៀបចំឡើង ដោយអង្គការសង្គមស៊ីវិល ជាតិ និង​អន្តរជាតិ​ជិត​៥០អង្គការ ដើម្បី​សម្ដែងពីទុក្ខព្រួយ ដែលបន្តរំខានដល់ការរស់នៅ និងអនាគតរបស់ពួកគេ។

មកពីសហគមព្រៃឈើ ខេត្តពោធិសាត់ ពលរដ្ឋឈ្មោះ លី ភក្តី បានលើកឡើងថា បើទោះរដ្ឋាភិបាល​កម្ពុជា​បានប្រកាស និងបង្ហាញ​នូវការតាំងចិត្ត ក្នុងការដោះស្រាយ ជម្លោះដីធ្លី តាមរយៈការដកដីសម្បទានសេដ្ឋកិច្ច ពីក្រុមហ៊ុនមួយចំនួន ឬកាត់បន្ថយ នូវការ​ជួល​ដី ឲ្យក្រុមហ៊ុនទាំងនោះ មកនៅត្រឹមតែ៥០ឆ្នាំក៏ដោយ តែការ​កាត់បន្ថយទុក្ខលំបាក របស់ប្រជាពលរដ្ឋ ហាក់ដូចជាមិនមាន​ប្រសិទ្ធិភាព​ឡើយ។ លោកអះអាងថា ជម្លោះ​ទាំងនោះ បានបន្សល់ទុក ក្រោយការវាស់វែង របស់ក្រុមនិស្សិតវាសវែងដីធ្លី ដោយ​គ្មាន​ភាព​សុក្រិត។

លោក លី ភក្ដី បានថ្លែងឡើងថា៖ «មានការលំអៀង ទៅលើអ្នកដែលមានលុយកាក់ច្រើន អ្នកមានអំណាច អ្នកមានបុណ្យស័ក្ត។ ផ្ទុយទៅវិញអ្នកក្រីក្រ ដេលមានដី លើសពីក្បាលខ្សែបន្តិចបន្តួច គាត់មិនព្រមវាស់​ឲ្យ​ទេ។ នេះជាបញ្ហាទំនាស់ដីធ្លីនៅកម្ពុជា ដែល​បានអូសបន្លាយពេលវេលា។»

សូមស្តាប់ការរៀបរាប់ពីទុក្ខលំបាករបស់លោក ភក្ដី៖


អ្នកស្រី លន ស៊ីនី មកពីសហគមព្រៃឈើដដែល បានលើកឡើងថា «បញ្ហា» ដីធ្លី និងសិទ្ធិលំនៅដ្ឋាន​ភាគ​ច្រើន កើតឡើងដោយ​អាជ្ញាធរ ឬរដ្ឋាភិបាលផ្ទាល់តែម្តង។ អ្នកស្រីបន្តថា ដើមឡើយ មានបញ្ហាតែបន្តិច​បន្តួច​ប៉ុណ្ណោះ ដែលស្នើឲ្យអាជ្ញាធរ ឬរដ្ឋាភិបាល​អន្តរាគមន៍ និងដោះស្រាយ។ តែបញ្ហាទាំងនោះ ក៏ត្រូវបានកប់​ចោល ដោយ​គ្មាន​ដំណោះស្រាយ រហូតរីកសាយជារឿងធំ។ ទោះ​យ៉ាង​នេះក្តី ប្រជាពលរដ្ឋខំបន្តស្វែងរក​ដំណោះ​ស្រាយ ក៏តែងតែទទួលការបដិសេធ ពីក្រុមអាជ្ញាធរទាំងនោះថា អ្នកមកប្តឹងមុខតែ​ដដែលៗ និង​រឿង​ដដែលៗ។ ប៉ុន្តែរឿងទាំងនោះ មិនត្រូវបានអាជ្ញាធរទាំងនោះ យកចិត្តទុកដាក់ និងដោះស្រាយម្តង​ណា​ឡើយ។

សូមស្តាប់ការរៀបរាប់ពីទុក្ខលំបាករបស់អ្នកស្រី ស៊ីនី៖


រីឯលោក យូន ឌី ជនជាតិភាគតិចកួយ មកបីខេត្តស្ទឹងត្រែង បានថ្លែងថា ក្នុងសហគមរបស់លោក មានការ​កាប់ទន្ទានដីព្រៃ មិន​ឈប់ឈរ ពីសំណាក់ពលរដ្ឋ មកពីខាងក្រៅតំបន់ និងគ្មានការទប់ស្កាត់ ឬកិច្ចអន្តរាគម ពីអាជ្ញាធរមូលដ្ឋានឡើយ។ លោកបន្តថា បើទោះសហគមលោក បានប្តឹងឡើងទៅថ្នាក់ស្រុក ឬខេត្តក៏ដោយ ក៏គ្មានកិច្ចអន្តរាគមដែរ។ លោកបន្ថែមថា ក្រោយការកាប់​ទន្ទ្រានបាន មានបុគ្គលម្នាក់មានលុយ និងអំណាច បានឲ្យក្រុមនិស្សិត ធ្វើការវាស់វែងដីនោះ ជាកម្មសិទ្ធិផ្ទាល់ខ្លួនតែម្តង។ លោក ឌី បានរៀបរាប់ថា៖ «ការ​កាប់​នេះ ចេះតែមានតមក...គេកាប់បានចេះតែនាំគ្នាកាប់យក...ឃើញដីល្អ នាំគ្នាកាប់រាប់មើលហិចតា»។

សូមស្តាប់ការរៀបរាប់ពីទុក្ខលំបាករបស់លោក ឌី៖


ចំពោះលោក ក្រូស សុខ មកពីសហគមភូមិលាំមេះ ក្រុងប៊ូស្រ្តា ខេត្តមណ្ឌលគីរីវិញ បានស្នើឲ្យក្រុម​អ្នក​ស្រាវ​ជ្រាវ ពីបញ្ហាសហគម និងសិទ្ធិដីធ្លី ធ្វើយ៉ាងណា រកឲ្យឃើញពី«បញ្ហា» ដែលនាំឲ្យមានផលប៉ះពាល់ ដល់​សិទ្ធិ​ដីធ្លី និងលំនៅដ្ឋានរបស់ប្រជាពលរដ្ឋ។ លោកបន្តថា បើទោះជាមានការបំលាស់ទី របស់ប្រជាពលរដ្ឋ ដោយ​អាជ្ញាធរមានសមត្ថកិច្ច ឬក្រុមហ៊ុនក៏ដោយ តែធ្វើយ៉ាងណា ឲ្យ​មាន​ការដោះស្រាយមួយ ដែល​អាច​ទទួល​យក​បាន។

សូមស្តាប់ការរៀបរាប់ពីទុក្ខលំបាករបស់លោក សុខ៖


ចំណែកលោក អ៊ី ស៊ីមន មកពីសហគមទំនប់ ពីសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ បានថ្លែងថា ក្នុងសហគម​របស់លោក មិនត្រូវបាន​សាលារាជធានីភ្នំពេញ កាត់ឈ្មោះ ជាប្លង់កម្មសិទ្ធិឡើយ ដោយយកលេសថា មាន​ទំនាស់ជាមួយនឹងក្រុមហ៊ុន ឬស្ថិតលើ​តំបន់​អភិវឌ្ឍន៍ របស់សាលារាជធានីភ្នំពេញជាដើម។ លោកបាន​អះ​អាង​ថា បើទោះជាសហគមលោក ត្រូវមានការចុះឈ្មោះ ជាលក្ខណៈ​ប្រព័ន្ធក៏ដោយ តែសហគមន៍មួយនេះ មិន​ត្រូវ​បានជូនដំណឹងដោយអាជ្ញាធរ ឬសាលារាជធានី ឲ្យចូលរួមឡើយ។ លោកថា ពលរដ្ឋ​ក្នុងសហគមនេះ បាន​បង្ហាញ​នូវការភ័យព្រួយ នាពេលខាងមុខនេះ ខ្លាចមានការបណ្តេញចេញ ដោយបង្ខំ។

សូមស្តាប់ការរៀបរាប់ពីទុក្ខលំបាករបស់លោក ស៊ីមន៖


អ្នកស្រី ច្រាយ នីម តំណាងពីសហគមថ្មគោល ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ បានលើកឡើងថា បច្ចុប្បន្ន​នេះ ទាំងពលរដ្ឋ​ដែលកំពុងតែប្រឈម និងពលរដ្ឋដែលបានរងគ្រោះ មិនត្រូវបានទទួលការអើពើ និងដោះស្រាយឲ្យឡើយ។ អ្នកស្រីបន្តថា ជំងឺដ៏​រាំរ៉ៃ​មួយនេះ បើទោះជាមានការតវ៉ា តាមរយៈការតស៊ូមតិ ឬដាក់ញតិ្ត ទៅតាមស្ថានប័នពាក់ព័ន្ធ របស់រដ្ឋទាំងអស់យ៉ាងណាក៏ដោយ ក៏​គ្មានការឆ្លើយតបជាវិជ្ជមាន ឬអវិជ្ជមានឡើយ។ ក្នុងនោះតួយ៉ាង ដូចជាលោក នាយករដ្ឋមន្រ្តី ហ៊ុន សែនជាដើម ដែលហាក់​ដូចជា​ព្រងើយ​កន្តើយ ចំពោះទុក្ខលំបាករបស់ប្រជារាស្រ្ត បើទោះបីមានការស្រែកយំ ស្វែងរកកិច្ចអន្តរាគម ដើម្បី«យុត្តិធម៌​សង្គម»​ក៏​ដោយ។

សូមស្តាប់ការរៀបរាប់ពីទុក្ខលំបាករបស់អ្នកស្រី នីម៖


ដោយឡែក នាយកវេទិការអង្គការមិនមែនរដ្ឋាភិបាល លោក តឹក វណ្ណរ៉ា បានទទួលស្គាល់ថា ស្ថាប័នរដ្ឋ និងស្ថាប័នពាក់ព័ន្ធ​នឹង​ដីធ្លីមួយចំនួន មានភាពយឺតយ៉ាវ ក្នុងការដោះស្រាយបញ្ហា ជូនប្រជាពលរដ្ឋ។ជា​មួយ​គ្នានេះ លោកស្នើឲ្យមានលំហូរ ផ្នែកថវិការ បានចូលដល់សហគម​ជនជាតិភាគតិច ហើយត្រូវធ្វើការ​គ្រប់​គ្រង និងចាត់ចែងឡើងវិញ នូវដីសម្បទានសេដ្ខកិច្ច ដែលបានដក​ពីក្រុមហ៊ុនមួយចំនួន ដោយធ្វើការកំណត់ និង​បែងចែកឲ្យបានច្បាស់លាស់។ លោក បានថ្លែងឲ្យដឹងថា៖ «យើងចង់ឃើញមាន គោលនយោបាយ​សំណង គោលនយោបាយតាំងទីលំនៅ តម្លៃសំណងសមស្រប មានស្តង់ដាត្រឹមត្រូវ និងគោលនយោបាយ​ជាក់​លាក់។ យើងអត់ចង់ឃើញទេ ករណីដោះស្រាយ ករណីទៅតាមតំបន់នីមួយៗ ដែលអាស្រ័យ លើ​គណៈ​កម្មការ​អន្តរ​ក្រសួង​នោះ។»

សូមស្តាប់ការបកស្រាយ របស់តំណាងសង្គមស៊ីវិលលោក តឹក វណ្ណរ៉ា៖


លោក សួន ប៊ុន សាក់ អគ្គលេខាធិការនៃអង្គការច្រាក់ បានលើកឡើងថា កម្ពុជាមានច្បាប់ កម្ពុជាមានបញ្ញត្តិ​ជាច្រើន ទាំងអាជ្ញាធរ​ដែនដី ទាំងរដ្ឋាភិបាល បើអនុវត្តទៅតាមគោលការណ៍ និងបញ្ញត្តិច្បាប់ទាំងនោះ នឹង​មិន​​មានបញ្ហា ឬវិវាទដីធ្លី កើតឡើងឡើយ។ លោកបន្តថា កិច្ចការទាំងឡាយ ត្រូវធ្វើឡើងជាសាធារណៈ និង​ផ្តល់​សិទ្ធិ​យ៉ាងទូលាយ ទៅដល់ប្រជាពលរដ្ឋ​នូវសិទ្ធិទទួល​បាន​ព័ត៌មាន។ លោកស្នើដល់ឲ្យអាជ្ញាធរ និង​រដ្ឋាភិបាល តោងរួមគ្នាអនុវត្តតាមច្បាប់ ដែលមាន។ លោក ប៊ុនសាក់ បានពន្យល់ថា៖ «បញ្ហា (ដីធ្លី)​ដែល​កើត​មាន​កន្លង​មក ក្រុមវាស់ដីជូនប្រជាពលរដ្ឋចេះតែធ្វើ...។ ការធ្វើមិនត្រឹមត្រូវតាមច្បាប់អញ្ចឹងហើយបានជា មាន​មតិ​ថា ការ​ផ្តល់​ដី​តាមរយៈអង្គការយុវជន មិនជាមានការគាប់ប្រសើប៉ុន្មានទេ។»

សូមស្តាប់ការបកស្រាយ របស់តំណាងសង្គមស៊ីវិល លោក សួន ប៊ុនសាក់៖