ខូច​ម៉ូតូ​ចុះ​បណ្តើរ តែ​ត្រូវ​ឡាន​បុក​ពី​ក្រោយ ទារ​សំណង​មិន​បាន

បុរសជាម្ចាស់ម៉ូតូម្នាក់ ត្រូវបានឡានប្រភេទទេសចរណ៍ របស់ក្រុមហ៊ុនស្រាបៀរលីអូ (Leo) មួយគ្រឿង​បុក​ពី​ក្រោយ ខណៈដែលខ្លូន កំពុងបណ្តើរម៉ូតូ នៅជាយផ្លូវ ក្នុងទិសដៅស្របគ្នា។ ឡានបង្ក បាន​បុក​ម៉ូតូបុរស​រងគ្រោះ​ឲ្យ​ដួល និង​បណ្តាល​ឲ្យមានការខូចខាតមួយចំនួន តែជនរងគ្រោះ មិនអាចទាមទារសំណង ពីម្ចាស់ឡានបង្ក នៅ​នឹង​កន្លែង​កើត​ហេតុ​បាន​ឡើយ។
ខូច​ម៉ូតូ​ចុះ​បណ្តើរ តែ​ត្រូវ​ឡាន​បុក​ពី​ក្រោយ ទារ​សំណង​មិន​បាន
ទិដ្ឋភាពជជែករឿងសំណង នៅកន្លែងកើតហេតុ រវាងម្ចាស់ម៉ូតូ និងរថយន្ដប្រភេទទេសចរណ៍។ (រូបថត monoROOM.info/ H. Vuthy)

ហេតុការណ៍គ្រោះថ្នាក់នេះ បានកើតឡើង កាលពីវេលាម៉ោង១៧ និង២០នាទី ល្ងាចថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ​២០១៥ នៅតាមបណ្តោយផ្លូវ៦០ ម៉ែត្រ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ បុរសជា​ម្ចាស់​ម៉ូតូ ដែលសុំលាក់អត្តសញ្ញាណ បានរៀបរាប់ឲ្យដឹងថា លោកជិះម៉ូតូធុន យ៉ាម៉ាហា ពណ៍ខ្មៅ​លាយ​លឿង មិន​ទាន់​មានស្លាកលេខ ស្រាប់តែជិះ ជិតដល់កន្លែងកើតហេតុ ម៉ូតូរបស់លោករលត់។

ក្រោយមក លោកបានចុះបណ្តើរ ប្រមាណ១៥០ម៉ែត្រ ស្រាប់តែមានឡានមួយគ្រឿង ធុនសាំយ៉ុង ដែលគេ​ស្គាល់ថា ជាឡាន របស់ក្រុមហ៊ុនស្រាបៀរលីអូ ពណ៍ក្រហម ស្លាកលេខភ្នំពេញ ២V-២៧៥២ បាន​បើក​យ៉ាង​លឿន មកពីក្រោយ ក្នុងទិសដៅស្របគ្នា រួចវ៉ាឡានក្រុងធំមួយគ្រឿង ទាំងមិនបន្ថយល្បឿន ក៏ជ្រុលចង្កូត ទៅ​បុកម៉ូតូរបស់លោក កំពុងបណ្តើរពេញទំហឹង បណ្តាលឲ្យដួលបែកបាក់ និងខូចខាតមួយចំនួន។ តែលោក​ជា​ម្ចាស់​ម៉ូតូ មិនមានគ្រោះថ្នាក់ធ្ងន់ធ្ងរនោះទេ។

ក្រោយពីកើតហេតុភ្លាមៗ ម្ចាស់ម៉ូតូបានទាមទារសំណងមួយចំនួន ពីអ្នកបើកឡានបង្ក ដើម្បីជួសជុលម៉ូតូ ដែលខ្លួនកំពុងស្រឡាញ់។ តែអ្នកបើកឡានបង្ក មិនបានផ្តល់សំណងទាំងនោះទេ ដោយបដិសេធថា ការ​ទាម​ទារនោះហួសប្រមាណ លើសពីអ្វីដែលម៉ូតូបានខូចខាត។ ភាគីទាំងសងខាង មិនអាចសម្របសម្រួលគ្នា នៅ​កន្លែងកើតហេតុបានទេ ទើបមន្រ្តីចររារណ៍ ដែលស្ថិតនៅទីតាំងកើតហេតុ បញ្ជូនសំនុំរឿងទៅកាន់ សាលា​ខណ្ឌ​មានជ័យ ដើម្បីធ្វើការដោះស្រាយ ទៅតាមផ្លូវច្បាប់៕