ប្រពន្ធ​ស្លាប់ និង​ប្តី​កំពុង​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ សង្ស័យ​ពុល​នំ​បញ្ចុក


កម្មករសំណង់មួយគ្រួសារ ធ្វើការនៅម្តុំទួលទំពូង បានរងគ្រោះ ទាំងពីរនាក់ប្តីប្រពន្ធ នៅព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ​២០១៥​នេះ ដោយស្ត្រីជាភរិយាបានស្លាប់ ចំណែកបុរសជាស្វាមី កំពុងសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យ។ អ្នក​ទាំង​ពីរ​មាន​អាការៈ​ធ្ងន់ធ្ងរ ក្រោយ​ពីបាន​ទិញ​នំបញ្ចុក​មួយ​កន្លែង នៅក្បែរផ្សារទួលទំពូង យក​មក​ទទួលទាន។
ប្រពន្ធ​ស្លាប់ និង​ប្តី​កំពុង​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ សង្ស័យ​ពុល​នំ​បញ្ចុក

រូបថតជំនួស បង្ហាញពីចង្វាយនំបញ្ចុក ចំណីអាហារខ្មែរដ៏ឆ្ងាញ់ តែអាចបង្កគ្រោះថ្នាក់ បើនំនេះមិនត្រូវបានធ្វើ តាមក្បួន និងខុសអនាម័យ។ (រូបថត ឯកសារ)

ហេតុការណ៍នេះ ត្រូវបានបងប្អួនសាច់ញាតិ នៃសពនៅភូមិបឹងក្រទឹប ឃុំជាងដែក ស្រុកកំពង់ត្របែក ប្រាប់​ឲ្យដឹងថា បុរសជាប្តី ឈ្មោះ រ៉ុង អាយុប្រមាណ៤០ឆ្នាំ ចំណែកប្រពន្ធឈ្មោះ ធន អ្នកទាំងពីរ ជាកម្មករសំណង់ ធ្វើការនៅម្តុំទួលទំពូង។ អ្នកជិតខាងទាំងនោះ បានបន្ថែមទៀតថា មុនពេលមានអាការៈពុល បែបនេះ​កើត​ឡើង ទាំងពីរនាក់ប្តីប្រពន្ធ បាននាំគ្នាទៅទិញនំបញ្ចុកគីឡូ (មានតែនំបញ្ចុកសុទ្ធ គ្មានទឹកសម្លរ គ្មានល្បោយ) ពីអ្នកលក់មួយកន្លែង នៅក្បែរផ្សារខាងលើ។

លុះទិញនំបញ្ចុករួច និងត្រឡប់មកដល់បន្ទប់ជួលវិញ ទើបប្តីប្រពន្ធខាងលើ ចាប់ផ្តើមស្លរទឹកនំបញ្ចុកនោះ ដោយ​ខ្លួនឯង ក្រោយពីទទួលទានមិនបានប៉ុន្មានផង ស្រាប់តែមានអាការៈមិនស្រួល ដោយ​ក្អួតចេញ​មក​យ៉ាងខ្លាំង ទាំងពីរនាក់ប្តីប្រពន្ធ នៅកណ្តាលយប់ ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៥កន្លងទៅនេះ។ អ្នកធ្វើការ​ជា​មួយ បានបញ្ជូនប្ដីប្រពន្ធរងគ្រោះទាំងពីរ ទៅកាន់មន្ទីរពេទ្យមួយ នៅរាជធានីភ្នំពេញ។

ក្រុមគ្រួសារនៃសព ឲ្យដឹងទៀតថា ពេលទៅដល់មន្ទីរពេទ្យ ស្រ្តីជាប្រពន្ធបានទទួលមរណៈភាពភ្លាមៗ ចំណែក​បុរជាប្តី កំពុងធ្វើការសង្គ្រោះបន្ទាន់ តែមិនទាន់ទទួលបានលទ្ធផល យ៉ាងណានោះឡើយ។ បច្ចុប្បន្ន សពស្រ្តីជាប្រពន្ធ ត្រូវបានបញ្ជូនទៅធ្វើបុណ្យ នៅស្រុកកំពង់ត្របែក ខេត្តព្រៃវែង ដែលជាស្រុកកំណើត។

ក្រុមពលរដ្ឋ ដែលរស់នៅបន្ទប់ជួល ក្បែរអ្នករងគ្រោះ បាននិយាយតៗគ្នាថា ពួកគាត់សង្ស័យគ្រួសារខាងលើ ពុលនំបញ្ចុកទាំងពីរនាក់។ ព្រោះនៅល្ងាចកើតហេតុ អ្នកទាំងពីរមិនបានទទួលទានបាយ ឬញ៉ាំគ្រឿង​ស្រវឹង​អ្វីនោះទេ មានតែនំបញ្ចុកមួយមុខគត់។ ដោយឡែក គេនៅមិនទាន់ទទួលបាន លទ្ធផលច្បាស់លាស់ ពី​គ្រូពេទ្យ​នៅឡើយ ទាក់ទងនិងការការសង្ស័យនេះ។ យ៉ាងណា អ្នកជិតខាងបានសន្និដ្ឋានយ៉ាងដូច្នេះ ព្រោះ​ដោយ​ឃើញ​ស្ថានភាពជាក់ស្តែង របស់អ្នកជំងឺតែម្ខាងប៉ុណ្ណោះ៕