ចាប់ខ្លួន​បុរស​ម្នាក់​ជា​អ្នកបើកបរ​រថយន្ត​ឲ្យ​មន្ត្រី​គយ​ ដែល​ថ្លើមធំ​យក​រថយន្ត​ចៅហ្វាយ​ទៅ​ដាក់បញ្ចាំ​បាន​លុយ​លេងល្បែង​

​បុរស​ម្នាក់​មានមុខរ​បរជា​អ្នកបើកបរ​រថយន្ត​ឲ្យ​មន្ត្រី​គយ​ និង​រថយន្ត​ជា​វត្ថុ​តាង​មួយ​គ្រឿង​ ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ខណ្ឌ​៧​មក​រា​ សហការ​ជាមួយ​នគរបាល​រដ្ឋបាល​បឹង​ព្រលិត​ ដេញ​ស្ទាក់​ចាប់​បាន​ និង​ឃាត់ខ្លួន​ភ្លាមៗ​ កាលពី​វេលា​ម៉ោង​២១​និង​១៥​នាទី​យប់​ នា​ថ្ងៃ​ទី​០៦​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ម្សិលមិញ​ នៅ​ត្រង់​ចំណុច​វិ​ថី​លេខ​១០៥​ ឋិត​ក្នុង​សង្កាត់​បឹង​ព្រលិត​ ខណ្ឌ​៧​មក​រា​ រាជធានី​ភ្នំពេញ​ ខណៈ​បុរស​រូប​នោះ​កំពុង​បើកបរ​រថយន្ត​កម្មសិទ្ធិ​របស់​ចៅហ្វាយ​ខ្លួន​ បម្រុង​យក​ទៅ​ដាក់បញ្ចាំ​ បាន​លុយ​លេងល្បែង​ស៊ីសង​នៅ​បន​កាស៊ីណូ​ NAGA​ World​ បន្ទាប់​ពី​ធ្លាប់​បាន​យក​រថយន្ត​មួយ​គ្រឿង​របស់​ចៅហ្វាយ​ដាក់បញ្ចាំ​ យក​លុយ​លេងល្បែង​ចាញ់​អស់​ម្តង​រួច​មក​ហើយ​ ។​

​សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា​ បុរស​ញៀន​ល្បែងស៊ីសង​ និង​ថ្លើមធំ​ហ៊ាន​យក​រថយន្ត​ចៅហ្វាយ​របស់​ខ្លួន​ដាក់បញ្ចាំ​បាន​លុយ​លេងល្បែង​ ដែល​ត្រូវ​ចាប់​ឃាត់ខ្លួន​បាន​នោះ​ មានឈ្មោះ​ សេង​ ប៊ុ​ន​ធី​ អាយុ​៣៤​ឆ្នាំ​ មុខរបរ​ជា​អ្នកបើកបរ​រថយន្ត​ឲ្យ​មន្ត្រី​គយ​ជា​ចៅហ្វាយ​ និង​មានស្រុក​កំណើត​នៅ​ស្រុក​ព្រៃឈរ​ ខេត្តកំពង់ចាម​ ។​ រីឯ​មន្ត្រី​គយ​រង​គ្រោះជា​ចៅហ្វាយ​ជនសង្ស័យ​ មានឈ្មោះ​ ញឹ​ម​ សុខ​ណា​ ភេទ​ប្រុស​ អាយុ​៥១​ឆ្នាំ​ រស់នៅ​ភូមិ​គ្រឹះ​លេខ​៤១១​ ផ្លូវ​លេខ​២០៤​ សង្កាត់​ទំនប់​ទឹក​ ខណ្ឌចំការមន​ រាជធានី​ភ្នំពេញ​ ។​

​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​មូលដ្ឋាន​ បាន​ឲ្យ​ដឹង​ដែរ​ថា​ កាលពី​រសៀល​ថ្ងៃ​ទី​០៦​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ សមត្ថកិច្ច​បាន​ទទួល​ពាក្យបណ្តឹង​របស់​មន្ត្រី​គយ​រង​គ្រោះ​ម្នាក់​អះអាង​ថា​ អ្នកបើកបរ​រថយន្ត​របស់​គាត់​ធ្លាប់​បាន​យក​រថយន្ត​ម៉ាក​ Toyota​ Corolla​ ពណ៌​ខ្មៅ​ ស៊េរី​ឆ្នាំ​២០០៨​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 2K-2627​ មួយ​គ្រឿង​ទៅ​បាត់​ បន្ទាប់​មក​ក៏​យក​រថយន្ត​ម៉ាក​ Toyota​ Sienna​ ពណ៌​ស​ ស៊េរី​ឆ្នាំ​២០១១​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 2AI-0270​ មួយ​គ្រឿង​ទៅ​បាត់​ទៀត​ ។​ ទើប​នៅ​រាត្រី​នា​ថ្ងៃ​កើតហេតុ​ សមត្ថកិច្ច​ស្ទាក់​ចាប់​បាន​ និង​ឃាត់ខ្លួន​បុរស​ជា​ជនសង្ស័យ​តែ​ម្តង​ តាម​ពាក្យបណ្តឹង​របស់​មន្ត្រី​គយ​រង​គ្រោះ​ ។​

​នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ បុរស​ជា​ជនសង្ស័យ​បាន​សារភាព​ថា​ ខ្លួន​ពិតជា​បាន​យក​រថយន្ត​ម៉ាក​ Toyota​ Corolla​ មួយ​គ្រឿង​របស់​ចៅហ្វាយ​ជា​មន្ត្រី​គយ​ យក​ទៅ​ដាក់បញ្ចាំ​បាន​លុយ​៨.៥០០​ដុល្លារ​អា​មេ​រិ​ក​ ហើយ​ក៏​លេងល្បែង​នៅ​ NAGA​ World​ ចាញ់​អស់ប្រាក់​ទៅ​ ។​ បន្ទាប់​មក​ ខ្លួន​ក៏​បាន​យក​រថយន្ត​ម៉ាក​ Toyota​ Sienna​ របស់​ចៅហ្វាយ​មាន​តម្លៃ​ជាង​១០​ម៉ឺន​ដុល្លារ​អា​មេ​រិ​កមួយ​គ្រឿង​ទៀត​ បម្រុង​យក​ទៅ​ដាក់បញ្ចាំ​បាន​លុយ​លេងល្បែង​ដើម្បី​ស្រង់​ដើម​ ប៉ុន្តែ​មិន​ទាន់​បាន​ដាក់បញ្ចាំ​បានលុយកំដរដៃផង​ ក៏​ត្រូវ​សមត្ថកិច្ច​ស្ទាក់​ចាប់​បាន​តែ​ម្តង​ ។​

​បច្ចុប្បន្ន​ សមត្ថកិច្ច​កំពុងធ្វើការ​សាកសួរ​ជនសង្ស័យ​ និង​កសាង​សំណុំរឿង​ចាត់ការ​បន្ត​តាម​នីតិវិធី​នៃ​ច្បាប់​ ៕​

ចាប់ខ្លួន​បុរស​ម្នាក់​ជា​អ្នកបើកបរ​រថយន្ត​ឲ្យ​មន្ត្រី​គយ​ ដែល​ថ្លើមធំ​យក​រថយន្ត​ចៅហ្វាយ​ទៅ​ដាក់បញ្ចាំ​បាន​លុយ​លេងល្បែង​ ចាប់ខ្លួន​បុរស​ម្នាក់​ជា​អ្នកបើកបរ​រថយន្ត​ឲ្យ​មន្ត្រី​គយ​ ដែល​ថ្លើមធំ​យក​រថយន្ត​ចៅហ្វាយ​ទៅ​ដាក់បញ្ចាំ​បាន​លុយ​លេងល្បែង​ ចាប់ខ្លួន​បុរស​ម្នាក់​ជា​អ្នកបើកបរ​រថយន្ត​ឲ្យ​មន្ត្រី​គយ​ ដែល​ថ្លើមធំ​យក​រថយន្ត​ចៅហ្វាយ​ទៅ​ដាក់បញ្ចាំ​បាន​លុយ​លេងល្បែង​