សម្តេច​ប្រធានរដ្ឋសភា ចាត់​តំណាង​អញ្ជើញ​ទៅសួរសុខទុក្ខ​តំណាងរាស្ត្រ ដែល​កំពុង​សម្រាក​ព្យាបាល របួស​នៅ​ប្រទេស​ថៃ​

ភ្នំពេញ: ​តំណាងរាស្ត្រ​មកពី​គណបក្ស​ប្រជាជន​កម្ពុជា លោក ឈាង វុន និង​លោកស្រី បាន ស្រីមុំ អញ្ជើញ​សួរសុខទុក្ខ តំណាងរាស្ត្រ​មកពី​គណបក្ស​សង្គ្រោះ​ជាតិ លោក គង់ សភា និង​លោក ញ៉យ ចំរើន ដែល​កំពុង​សម្រាក​ព្យាបាល​របួស​នៅ​ទីក្រុង​បាងកក​។
​ក្រុមតំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា ក៏បាន​នាំយក​ថវិកា​ឧបត្ថម្ភ​ដល់​លោក គង់ សភា និង​លោក ញ៉យ ចំរើន ម្នាក់ៗ ២.០០០ ដុល្លារ​ផងដែរ​។​

​សូមបញ្ជាក់ថា សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា បាន​ចាត់តាំង​តំណាង​ដ៏​ខ្ពង់ខ្ពស់ ចុះ​បំពេញបេសកកម្ម​សួរសុខទុក្ខ លោក គង់ សភា តំណាងរាស្ត្រ​មណ្ឌល​ខេត្តស្វាយរៀង និង​លោក ញ៉យ ចំរើន តំណាងរាស្ត្រ​មណ្ឌល​ខេត្តកំពង់ចាម ដែល​កំពុង​សម្រាក​ព្យាបាល នៅ​មន្ទីរពេទ្យ​ផ្យា​ថៃ នាទី​ក្រុង​បាងកក ប្រទេស​ថៃ​។​

​លោក គង់ សភា និង លោក ញ៉យ ចំរើន ត្រូវបាន​ជន​មួយក្រុម​វាយដំ​លើ​រាងកាយ​នៅ​ក្រៅរបង​រដ្ឋសភា កាលពី​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០១៥ បន្ទាប់ពី​លោក​ទាំងពីរ​ចេញពី​ប្រជុំ​រដ្ឋសភា​។ ក្រោយ​ទទួលរង​របួស លោក​ទាំងពីរ​ត្រូវបាន​ប​ញ្ជួ​ន ទៅ​ព្យាបាល​នៅ​ប្រទេស​ថៃ ដោយ​ក្នុងនោះ សម្តេច ប្រធានរដ្ឋសភា បាន​ជួយឧបត្ថម្ភ​ថវិកា​សរុប​ចំនួន ៣ ម៉ឺន​ដុល្លារ​។​

​ដោយ​ក្តីបារម្ភ និង​ការយកចិត្តទុកដាក់​ចំពោះ​សុខទុក្ខ តំណាងរាស្ត្រ​ទាំងពីរ​រូប សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន បាន​ចាត់តាំង លោក ឈាង វុន សមាជិក​គណៈកម្មាធិកា​រ​អចិន្ត្រៃយ៍ ប្រធាន​គណៈកម្មការ​កិច្ចការបរទេស សហប្រតិបត្តិការ​អន្តរជាតិ ឃោសនាការ និង​ព័ត៌មាន​នៃ​រដ្ឋសភា ដឹកនាំ​គណៈប្រតិភូ​រដ្ឋសភា​មួយក្រុម ចុះទៅ​សួរសុខទុក្ខ​តំណាងរាស្ត្រ​ទាំង​ពីររូប​ផ្ទាល់​នៅ​ប្រទេស​ថៃ ចាប់ពី​ថ្ងៃទី​៦ ដល់​ថ្ងៃទី​៨ ខែវិច្ឆិកា ឆ្នាំ​២០១៥​។​

​ពាក់ព័ន្ធ​នឹង​ករណីនេះ បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក បាន​បរិយាយ​ថា លើស​ង្វៀន​នយោបាយ ពួកយើង​អាច​ប៉ះពារ​សម្តី​គ្នា រិះគន់​គ្នា ពេលខ្លះ​អាច​សម្តី​ធ្ងន់ៗ​ដាក់គ្នា​។ តែ​ក្រៅ​សង្វៀន​នយោបាយ ពួកយើង​គឺជា​ពលរដ្ឋ​ខ្មែរ ដែលមាន​ឈាមជ័រ​តែមួយ យើង​ស្រឡាញ់គ្នា យើង​រាប់​រកគ្នា យើង​រួមគ្នា ដើម្បី​ជាតិខ្មែរ តែ​មិនមែន​បំភ្លេច​បំផ្លាញ ជាតិខ្មែរ​ឡើយ​៕​