អាជីវករលក់ទូរស័ព្ទ មិនបង់ពន្ធ សម្រុកចូលបង់ពន្ធ រយៈពេល ៥ថ្ងៃ ប្រមូលពន្ធបាន ជាង៥ម៉ឺនដុល្លារ

ភ្នំពេញ៖ បន្ទាប់ពីទទួលបាន ការលើកលែងការផាកពិន័យ ក្រុមអាជីវករលក់ទូរស័ព្ទគេចពន្ធ បានសម្រុកនាំគ្នាទៅ បង់ពន្ធលើទូរស័ព្ទ របស់ខ្លួនជាបន្តបន្ទាប់ ក្នុងនោះត្រឹមរយៈពេល ៥ថ្ងៃប៉ុណ្ណោះ ក្រុមអាជីវករបានស្ម័គ្រចិត្ត ចូលខ្លួន ទៅបង់ពន្ធលើទូរស័ព្ទ គ្មានពន្ធបាន ២.៥១៣គ្រឿង គិតជាទឹកប្រាក់សរុបប្រមាណ ២០៣.០៧៨.៤២៧រៀល ស្មើ នឹងជាង ប្រមាណ៥ម៉ឺនដុល្លារ។

មន្រ្តីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ បានប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិលថា បន្ទាប់ពីទទួលបានការជូនដំណឹង របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា កាលពីថ្ងៃទី៣០ ខែ តុលា ឆ្នាំ២០១៥កន្លងទៅ ដោយលើកលែងការផាកពិន័យរាល់ទូរស័ព្ទ ដែលកំពុងដាក់លក់ នៅក្នុងប្រទេសកម្ពុជា ដែលគ្មានពន្ធនោះ ក្រុមអាជីវករលក់ទូរស័ព្ទគេចពន្ធ បានចូលខ្លួនទៅបង់ពន្ធ និងអាករជាបន្តបន្ទាប់។

មន្រ្តីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក៏បានអំពាវនាវដល់ម្ចាស់ទូរស័ព្ទ និងគ្រឿងអេឡិចត្រូនិក គ្មានពន្ធគ្រប់ ប្រភេទ ដែលមិនទាន់បានចូលទៅប្រកាសពន្ធ និងអាករដោយស្ម័គ្រចិត្ត ឲ្យរួសរាន់ទៅបំពេញកាតព្វកិច្ចពន្ធ ដើម្បី ទទួលបានការលើកលែងផាកពិន័យ។ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក៏បានកើតសរសើរ និងថ្លែងអំណរ គុណដល់ម្ចាស់ទូរស័ព្ទ និង គ្រឿងអេឡិចត្រូនិក ដែលបានស្ម័គ្រចិត្តចូល ទៅបំពេញកាតព្វកិច្ចពន្ធ និងអាករ។

កាលពីថ្ងៃទី៣០ ខែតុលា កន្លងទៅនេះ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានសម្រេចលើកលែងការផាកពិ ន័យរាល់ទូរស័ព្ទ ដែលកំពុងដាក់លើទីផ្សារកម្ពុជា ដោយមិនបង់ពន្ធ តែបានដាក់កំហិតឲ្យ ក្រុមអាជីវករលក់ទូរស័ព្ទ មិនបង់ពន្ធនេះ ត្រូវចូលខ្លួនទៅបង់បំពេញ កាតព្វកិច្ចពន្ធ និងអាករ ឲ្យចប់សព្វគ្រប់ត្រឹម រយៈពេល១៥ថ្ងៃ គិតចាប់ពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៥។

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានអះអាងថា ខ្លួននឹងតាមដានជាប្រចាំ អំពីការអនុវត្តប្រព្រឹត្តកម្មអនុគ្រោះនេះ ហើយអាចនឹងចាត់វិធានការ ជំរុញការអនុវត្តច្បាប់គ្រប់ពេលវេលា ក្នុងករណីចាំបាច់។

ប្រតិបត្តិការប្រមូលពន្ធ លើផលិតផលគេចពន្ធ នៅលើទីផ្សារកម្ពុជា ពីសំណាក់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានធ្វើឡើង បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន បានក្រើនរំលឹកដល់អាជ្ញាធរ កម្លាំងប្រដាប់អាវុធ គ្រប់រាជធានី ខេត្ត-ក្រុង បញ្ចេញវិធានការទប់ស្កាត់ សកម្មភាពរត់គេចពន្ធ និងការមិនបង់ពន្ធ ដើម្បីបង្កើនចំណូលថវិកាជាតិ។ ការក្រើនរំលឹករបស់សម្តេច បានធ្វើឡើងក្នុងកិច្ចប្រជុំពេញអង្គ គណៈរដ្ឋមន្រ្តី កាលពីព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៥៕

អាជីវករលក់ទូរស័ព្ទ មិនបង់ពន្ធ សម្រុកចូលបង់ពន្ធ រយៈពេល ៥ថ្ងៃ ប្រមូលពន្ធបាន ជាង៥ម៉ឺនដុល្លារ
អាជីវករលក់ទូរស័ព្ទ មិនបង់ពន្ធ សម្រុកចូលបង់ពន្ធ រយៈពេល ៥ថ្ងៃ ប្រមូលពន្ធបាន ជាង៥ម៉ឺនដុល្លារ
អាជីវករលក់ទូរស័ព្ទ មិនបង់ពន្ធ សម្រុកចូលបង់ពន្ធ រយៈពេល ៥ថ្ងៃ ប្រមូលពន្ធបាន ជាង៥ម៉ឺនដុល្លារ

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត