គន្លឹះជួយឲ្យក្រចកស្អាត និង មានសុខភាពល្អ

Sanofi

មានទម្រង់មុខស្អាត រាងស្រឡូនស្វែល ប៉ុន្តែនៅពេលបុរសជាគូស្នេហ៍ដាក់ភ្នែកក្រឡេកមើលទៅឃើញក្រចកដៃ ក្រចកជើង បែរជាស្រឡាំង កាំងស្ទើរគាំងបេះដូង ព្រោះសភាពក្រចកមើលទៅពិបាកភ្នែកមែនទែន ។ អ៊ីចឹងទេល្មមដល់ពេលរកវិធីថែក្រចកដៃក្រចកជើងឲ្យត្រឡប់មកស្អាតមានពន្លឺជាបន្ទាន់ឡើងវិញហើយ ។

១-ទឹកខ្មេះប៉ោម

បើដៃជាដៃស្រណុកមិនសូវចូលចង្ក្រានបាយប៉ុន្មានទេ គឺគ្រាន់តែរកទិញទឹកខ្មេះប៉ោម ឬ ទឹកខ្មេះ ដែលផ្អាប់ពីប៉ោម ១ ដប ប្រើសំឡីជ្រលក់ហើយយកទៅបំពោកលើក្រចកទុកចោលប្រមាណជា ១ នាទី ។ តែប៉ុណ្ណឹងក៏អាចជួយឲ្យរំលាយកម្អែល ពណ៌លឿងដែលតោងស្អិតលើក្រចករបស់អ្នកបានដែរ ។

២-ព្យាបាលក្រចកខុបដោយពន្លៃ ស្លឹកម្លូ និង ស្លឹកត្របែក

បញ្ហានេះច្រើនតែកើតឡើងត្រង់ បរិវេណក្រចកជើង ទោះជាវានៅសែនទាបស្ទើរជាប់ដី ប៉ុន្តែពេលត្រូវពាក់ស្បែកជើងកែវចោតក៏ធ្វើឲ្យបាត់ជំនឿចិត្តអស់ដោយសារក្រចកជើងខុប ។ ដូច្នេះសូមសាកល្បងនាំយកមើម ពន្លៃ ១ ខ្នែង (ប្រមាណជា ២ អីុញ) អំបិលប្រមាណជា ១ ចឹប និង បាយ ឆ្អិនប្រមាណ ១ ក្តាប់ដៃទៀត យកមកបុកបញ្ចូលគ្នា ហើយយកមកបិទបំពោកត្រង់បរិវេណដែលកើតក្រចកខុបប្រមាណជា ២០ នាទី រួចលាងចេញ ។

រូបមន្តមួយទៀតគឺប្រើស្លឹកម្លូ ឬ ស្លឹកត្របែក ៣-៥ សន្លឹក យកមកបុកជាមួយអំបិលប្រមាណជា ១ ចឹប រួចយកមកបិទត្រង់បរិវេណក្រចកខុប ។ ធ្វើឲ្យបានជាប់ៗគ្នាប្រមាណ ៥-៧ ថ្ងៃ ពេលនោះ អាការជាំ និង កើតខ្ទុះ ដែលបណ្តាលមកពីក្រចកខុបនឹងបានធូរស្បើយម្តងបន្តិចៗ និង ជាដាច់នៅទីបំផុត ។

៣-បំប៉នប្រអប់ដៃ និង ក្រចកដោយទឹកម្នាស់

ស្ត្រីទាំងឡាយណាដែលមានប្រអប់ដៃគ្រើម រឹង គគ្រាត រហូតទាល់តែបុរសជាគូ ស្នេហ៍មិនហ៊ានប៉ះ រួមទាំងមានក្រចកដៃស្រអាប់មិនចេញពណ៌ស៊ីជម្ពូត្រូវយកស៊ុតមាន់ ១ គ្រាប់ គោះដាក់ចាន ហើយយកតែស៊ុតក្រហមមកលាយជាមួយទឹកម្នាស់ ២ ចានចង្កឹះ ។ ចាក់គ្រឿងផ្សំចូលក្នុងកាធុនហើយវាយឲ្យចូលគ្នា លាងដៃឲ្យស្អាត រួចដាក់ដៃចូលត្រាំក្នុង គ្រឿងផ្សំប្រមាណជា ១៥-២០ នាទី ។ ធ្វើឲ្យបានមួយខែត្រឹមតែ ២ ដង នោះសុខភាពប្រអប់ដៃ និង ក្រចកក៏នឹងត្រឡប់មកស្អាតដូចដើមវិញ ។

៤-ព្យាបាលក្រចកលឿងដោយអាសីុដដែលបាន ពីទឹកក្រូចឆ្មារ

ចេះតែចង់លេងពណ៌ក្រចកគ្រប់បែបគ្រប់ម៉ូដទាល់តែចង់សម្រាកឲ្យក្រចកថ្លាវិញក៏ជួបបញ្ហាក្រចក ឡើងលឿង ។ បែបនេះមិនត្រូវបង្អង់យូរឡើយ  ប្រញាប់ដើរតម្រង់ចូលទៅក្នុងផ្ទះបាយ រួចយកក្រូចឆ្មារដែល ទើបតែច្របាច់យកទឹកទៅប្រើផ្សំអាហារយកមកដុសខាត់ៗឲ្យសព្វក្រចកគ្រប់ម្រាម រួចទុកចោលប្រមាជា ៥-១០ នាទី (តាមកម្រិតភាពអត់ទ្រាំពីភាពផ្សារបស់អាសីុដដែលចេញពីក្រូច ឆ្មារ) មុននឹងលាងចេញដោយទឹកស្អាតជូតដៃឲ្យស្ងួត រួចលាបឡេបំប៉នប្រអប់ដៃតាមក្រោយ ធ្វើឲ្យបានជាប់ៗគ្នាប្រមាណជា ២-៣ ថ្ងៃ នោះអាការក្រចកលឿងក៏នឹងរលុបបាត់ម្តងបន្តិចៗរហូតទាល់តែអស់ ។

៥-ទឹកអម្ពិលទុំ

ពេលណាដែលក្រូចឆ្មារឡើងថ្លៃរហូតទាល់តែមិនចង់ទិញមកធ្វើអាហារគឺអាចចាត់ការស្រវាយកអម្ពិលទុំប្រមាណជា ១ ក្តាប់ដៃ ចាក់ទឹកក្តៅឧណ្ហៗចូលយកដៃខ្ញាំដើម្បីច្របាច់ឲ្យទឹកអម្ពិលចេញមកខាប់ៗ រួចញែកយកកាកអម្ពិលចោល ហើយដាក់ត្រាំទាំងម្រាមដៃ និង ម្រាមជើងទុកចោលប្រមាណជា ១០ នាទី ។

៦-កម្ចាត់ផ្សិតដោយទឹកក្រូចសើច

សម្រាប់ស្រ្តីការិយាល័យដែលញៀននឹងការពាក់ស្រោមដៃ ស្រោមជើង និង ស្បែកជើងប្រភេទស្រោមកែង នោះភាពផ្អាប់សើមពីញើសដែលជ្រាបចេញមកពេញមួយថ្ងៃ ជាហេតុធ្វើឲ្យកើតផ្សិតត្រង់បរិវេណក្រចកដៃ ឬ ក្រចកជើងបានដែរ ។ ដូច្នេះត្រូវយកក្រូចសើចមកច្របាច់យកតែទឹក ប្រើសំឡីជ្រលក់រួចយកមកលាបត្រង់បរិវេណដែលកើតផ្សិតជាប្រចាំនឹងជួយសម្លាប់ផ្សិតឲ្យថយចុះ និង នៅទីបំផុតក៏បាត់អស់ ៕ឆាន់ ចំរ៉ា

 

 

 

 

Related