មេ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្តរតនគិរី បង្កើត​កុងត្រូលជជុះ​ប្រមូល​លុយ​តាម​អំពើ​ចិត្ត​

​មន្ត្រីនគរបាល​តូចតាច​នៅក្នុង​ស្នងការដ្ឋាន​នគរបាល​ខេត្តរតនគិរី បាន​ឲ្យ​ដឹងថា លោក នូវ ដា​រ៉ា នាយការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត កំពុង​ប្រើ​អំណាច​និង​តួនាទី​ដើម្បី​ប្រមូល​លុយ​យកទៅ​ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន និង​បែងចែក​ទៅ​ថ្នាក់លើ​យ៉ាង​រលូន​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា​លោក នូវ ដា​រ៉ា បាន​បង្កើត​កុងត្រូលជជុះ នៅ​គ្រប់​ច្រកល្ហក​ដើម្បី​ជំរិត​យកលុយ​ពី​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ខុសច្បាប់ និង​ពី​ឈ្មួញ​ដឹកជញ្ជូន​ទំនិញគេចពន្ធ​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ មានន័យថា​លោក នូវ ដា​រ៉ា កំពុង​ជាន់ឈ្លី​បទបញ្ជា​របស់​រដ្ឋាភិបាល​លោក ហ៊ុន សែន ក្នុងការ​លុបបំបាត់​កុងត្រូលជជុះ​ដែល​រំខាន​ដល់​ការរកស៊ី​ចិញ្ចឹមជីវិត​របស់​អាជីវក​រ និង​ប្រជាពលរដ្ឋ​។​

​តាម​ប្រភព​ខ្លះ​បាន​ឲ្យ​ដឹងថា លោក នូវ ដា​រ៉ា បាន​ប្រើ​គ្រប់​វិធី​ក្នុងការ​ផ្ដួល​លោក ស៊ិន សុខន ដើម្បី​ឡើង​ធ្វើជា​ប្រធានការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ស្នងការ​ដា្ឋ​ន​នគរបាល​ខេត្តរតនគិរី​។ ការដែល​លោក នូវ ដា​រ៉ា អាចធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​គឺមាន​ការបើក​ដៃ​ពី​លោក ងួន គឿន ស្នងការ​នគរបាល​ខេត្តរតនគិរី​ផងដែរ ជាពិសេស​ការបង្កើត​កុងត្រូលជជុះ​ដើម្បី​ជំរិត​យកលុយ​ពី​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ប្រណីត​ខុសច្បាប់​។ ក្នុងចំណោម​មន្ត្រីនគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្តរតនគិរី ប្រមាណ​២០​នាក់​គឺ​លោក នូវ ដា​រ៉ា ជ្រើសរើស​មនុស្ស​ស្និទ្ធ​នឹង​ខ្លួន​តែ​ប៉ុន្មាន​នាក់​ប៉ុណ្ណោះ ឲ្យ​បង្កើត​កុងត្រូលជជុះ​ជំរិត​យកលុយ​ពី​ឈ្មួញ​ដឹកជញ្ជូន​ឈើ និង​ពី​រោង​សិប្បកម្ម​កែច្នៃ​ឈើ​ជាច្រើន​កន្លែង​ក្នុង​ក្រុង​បាន​លុង និង​បណ្ដា​ស្រុក​នានា​។

​សេចក្តីរាយការណ៍​ពី​ប្រភព​ដែល​ស្និទ្ធ​នឹង​លោក នូវ ដា​រ៉ា បាន​ឲ្យ​ដឹងថា​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត​រន​ត​គិរី បាន​ជំរិត​យកលុយ​ពី​រថយន្ត​ដឹកជញ្ជូន​ឈើ​តាម​អំពើ​ចិត្ត គឺ​រថយន្ត​តូចៗ​ត្រូវ​បង់​ចាប់ពី​៣០​ដល់​៥០​ដុល្លារ​ក្នុង​មួយគ្រឿង​។ ចំណែក​រថយន្ត​ធំៗ​ត្រូវ​បង់លុយ​ឲ្យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ក្នុង​មួយគ្រឿង​ពី​២០០​ដល់​៥០០​ដុល្លារ ហើយ​សូម្បីតែ​រថយន្ត​ដឹកឈើ​របស់​មេ​ឈ្មួញ ទ្រី ភាព ក៏​កូនចៅ​លោក នូវ ដា​រ៉ា ហ៊ាន​សុំ​លុយ​ថ្លៃ​បាយ​ដែរ​។ មិនតែប៉ុណ្ណោះ​ចំពោះ​សិប្បកម្ម​កែច្នៃ​ឈើ​ឬ​ដេប៉ូ​លក់​ឈើ​ក្នុង​ខេត្តរតនគិរី ត្រូវ​កូនចៅ​របស់លោក នូវ ដា​រ៉ា ជំរិត​យកលុយ​ក្នុង​មួយកន្លែង​ចាប់ពី​១៥០០​ដល់​២០០០​ដុល្លារ បើ​មិន​ដូច្នេះ​ត្រូវ​ប្រឈម​នឹង​ការបង្ក្រាប​ជាមិនខាន​។ ទាំង​សិប្បកម្ម​កែច្នៃ​ឈើ​ស្របច្បាប់​និង​សិប្បកម្ម​ខុសច្បាប់ សុទ្ធតែ​ត្រូវ​បង់លុយ​ឲ្យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​របស់លោក នូវ ដា​រ៉ា ដើម្បី​ចៀសវាង​នូវ​ការបង្ក្រាប​នាំ​ឲ្យ​ខាតបង់​ផលប្រយោជន៍​ធំ​៕

Wat-Nov-Daraលោក នូ​វ ដារ៉ា ប្រធានការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តរតនគិរី wwf