ខែតុលា​ចំនួន​ពលករ​ខ្មែរ​ដែល​បញ្ជូន​ពី​ថៃ​ធ្លាក់​ចុះ​ជាង​ខែកញ្ញា ២០១៥

ខេត្តបន្ទាយមានជ័យ ៖ ចំនួន​ពលករ​ខ្មែរ​បាន​បញ្ជូន​ពី​ភា​កី​ថៃ តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត នៅ​ក្នុង​ខែតុលា​នេះ គឺ​មានការ​ថយ​ចុះ​ជាង​ខែកញ្ញា ឆ្នាំ​២០១៥ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​ពី​មន្ត្រី​នៅ​ទីតាំង​ទទួល​ពលករ​ក្នុង​ក្រុង​ប៉ោយ​ប៉ែ​ត ។

មន្ត្រី​បម្រើ​ការ​នៅ​ទីតាំង​ទទួល​ពលករ​ក្នុងភូមិ​សង្កាត់​ប៉ោយ​ប៉ែ​ត​បានឱ្យ​ដឹង​ថា ចំនួន​ពលករ​ក្នុង​ខែតុលា​គឺ​មាន​ចំនួន​សរុប​៤៤១៧​នាក់ ហើយ​ក្នុង​ចំណោម​នេះ មាន​ស្ត្រី​១៤១៤​នាក់​, កុមារ​ចំនួន​៣៩៥​នាក់ ដោយ​ដឹក​តាម​រថយន្ត​ទ្រុង​ចំនួន​៩៥​លើក ។

មន្ត្រី​រូប​នោះ​បន្ត​ថា ចំនួន​ពលករ​ក្នុង​ខែតុលា បើ​ធ្វើការ​ប្រៀបធៀប​ទៅ​នឹង​ចំនួន​ពលករ​សរុប​ប្រចាំ​ខែកញ្ញា ឆ្នាំ​២០១៥ គឺ​មានការ​ធ្លាក់​ចុះ​គួរ​ឱ្យ​កត់សម្គាល់ ។ កាលពី​ខែកញ្ញា​នោះ គឺ​ចំនួន​ពលករ​មាន​រហូត​ដល់​ទៅ​៦៧០៦​នាក់ ដែល​ក្នុង​នោះ​មាន​ស្ត្រី​២២៥៩​នាក់​និង​កុមារ​៥៣៧​នាក់ ។ ពលករ​បញ្ជូន​ពី​ថៃ​មួយ​រយៈ​ចុង​ក្រោយ​នេះ គឺ​មាន​លក្ខណៈ​ចម្រុះ មាន​ទាំង​ពលករ​ចាញ់បោក​មេខ្យល់​នាំ​ទៅ​កាប់​ឈើ​គ្រញូង ទាំង​ព្រះសង្ឃ​ឆ្លង​ដែន​ខុសច្បាប់ និង​សង្ឃ​ក្លែងក្លាយ​ជាដើម ។

ការ​បញ្ជូន​ពលករ​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត តាម​រថយន្ត​ទ្រុង​របស់​ថៃ ពេល​ខ្លះ​មានការ​កត់​សម្គាល់ថា អមនុស្សធម៌​នៅឡើយ គឺ​កុមារ​តូច​ត្រូវ​គេ​ញាត់​ក្នុង​រថយន្ត​ទ្រុង​ជាមួយ​មនុស្ស​ធំ​យ៉ាង​ណែនណាន់តាន់តាប់ ៕