ពលរដ្ឋ​រិះគន់ លោក ស្រេង ស្រស់ ប្រធាន​មន្ទីរ​សាធារណការ ខេត្តក្រចេះ​ថា​មិន​ជួសជុល​ផ្លូវ

​ប្រជាពលរដ្ឋ ខេត្តក្រចេះ បាន​ត្អូញត្អែរថា មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន ខេត្តក្រចេះ ក្រោម​ការដឹកនាំ​របស់​លោក ស្រេង ស្រស់ និង​មន្ត្រីក្រោមឱវាទ អសកម្ម​ក្នុងការ​បំពេញការងារ​ខ្លាំងណាស់ ដោយ​មិនបាន​យកចិត្តទុកដាក់​បង្ការ​បង្ក្រាប និង​ទប់ស្កាត់ រថយន្ត​យី​ឌុប​ត​ទ្រុង ខុស​លក្ខណៈ​បច្ចេកទេស ផ្ទុក​លើស​ទម្ងន់ ដែល​កំពុង​បំផ្លាញ​ផ្លូវ​ស្ពាន ជាច្រើន​កន្លែង ក្នុង​ខេត្តក្រចេះ ឲ្យ​ស្របតាម​គោលនយោបាយ​របស់​រដ្ឋា​ភិ​បាល​គណបក្ស​ប្រជាជន​កម្ពុជា​នោះទេ​។​

​ប្រជាពលរដ្ឋ​រស់នៅ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៧ ត​ភ្ជាប់​ពី​ខេត្តក្រចេះ ទៅកាន់​ខេត្តស្ទឹងត្រែង បាន​រិះគន់​លោក ស្រេង ស្រស់ ដែលជា​ប្រធាន​មន្ទីរ​សាធារណការ​ខេត្តក្រចេះ ដែល​បាន​បើកដៃ អោយ​រថយន្ត​ខ្នាត​យក្ស ប្រភេទ​យី​ឌុប រាប់សិប​គ្រឿង ផ្ទុក​លើស​ទម្ងន់ ធ្វើ​ចរាចរណ៍ ឆ្លងកាត់​ដោយ​សេរី​។ ប្រភព​ដែល​បាន​បញ្ជាក់ថា លោក ស្រេង ស្រស់ និង​មន្ត្រីក្រោមឱវាទ​មិន​ត្រឹមតែ​មិនបាន​ទប់ស្កាត់​រថយន្ត​ដឹក​លើស​ទម្ងន់​នោះទេ តែ​ក្រុមមន្ត្រី​នៅ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តក្រចេះ ក៏​មិនបាន​យកចិត្តទុកដាក់​ជួសជុល​ផ្លូវ​ដែល​បាន​ខូចខាត​ផងដែរ​។​

​លោក ស្រេង ស្រស់ ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន ខេត្តក្រចេះ​ត្រូវ​ប្រឈម​នឹង​ការ​រិះគន់ថា​មិនបាន​ចាត់វិធានការ​បង្ក្រាប និង​ទប់ស្កាត់​លើ​រថយន្ត​លើ្ម​ស​ផ្សេងៗ​ដែល​ធ្វើ​ឲ្យ​ខូច​ផ្លូច​នោះទេ ហើយ​បើ​និយាយ​ពី​បញ្ហា​ប្រព័ន្ធ​លូ និង​បណ្តាញ​ផ្លូវ នៅ​ទូទាំង​ខេត្តក្រចេះ មិនសូវ​ឃើញ​មានការ ជួសជុល​ថែទាំ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើដំណើរ​បាន​ស្រួល​ផងដែរ​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា ជាធម្មតា​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តក្រចេះ ក៏មាន​កញ្ចប់​ថវិកា​ពី​ថ្នាក់ជាតិ​ដើម្បី​ធ្វើការ​ជួសជុល​កែលម្អ​ផ្លូវ​ក្នុង​ខេត្ត​ផងដែរ ប៉ុន្តែ​ជាក់ស្តែង​គេ​មិនសូវ​ឃើញ​មានការ​ជួសជុល​អ្វី​ឡើយ​។​

​ជុំវិញ​បញ្ហា​នេះ​ប្រជាពលរដ្ឋ​ខេត្តក្រចេះ​បានលើកឡើង​ថា​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​គួរ​ត្រួតពិនិត្យ​ពី​ភាពមិនប្រក្រតី​ទាំងនេះ​ឡើងវិញ ព្រោះ​សព្វថ្ងៃនេះ​ស្ថានភាព​ផ្លូវជាតិ ផ្លូវ​ខេត្ត និង​ផ្លូវលំ​នានា​ក្នុងភូមិ​សាស្ត្រ​ខេត្តក្រចេះ​បាន​រង​ការខូចខាត​យ៉ាងធ្ងន់ធ្ងរ តែ​មន្ត្រី​ជំនាញ​ខេត្ត​នេះ​មិនបាន​ធ្វើការ​ជួសជុល​ឲ្យ​បាន​ទាន់ពេលវេលា និង​មាន​គុណភាព​នោះឡើយ​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា​ផ្លូវ​ភាគច្រើន​រង​ការខូចខាត​ដោយសារ​ផ្លូវ​ធ្វើ​គ្មាន​គុណភាព និង​រថយន្ត​ដឹកឈើ​ផ្ទុក​លើស​ដឹក​ល​ទម្ងន់ ខណៈ​សមត្ថកិច្ច​ជំនាញ​គ្មាន​ការទប់ស្កាត់ និង​ជួសជុល​ឲ្យ​ទាន់ពេលវេលា​៕

SONY DSC