ប៉ូលិស​និង​មន្ត្រី​ព្រៃឈើ​ត្រូវ​ជន​មិន​ស្គាល់​មុខ​បាញ់​ស្លាប់​ពេល​ចុះ​បេសកកម្ម​នៅ​ព្រះវិហារ

ប្រភព​ពី​អាជ្ញាធរ​ស្រុក​ជាំក្សាន្ត នៃ​ខេត្ត​ព្រះវិហារ ឱ្យ​ដឹង​ថា ប៉ូលិស​នៅ​ស្រុក​ឆែប ម្នាក់ និង​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ម្នាក់ បាន​ស្លាប់ ព្រម​ទាំង​ប៉ូលិស​ការពារ​ព្រំដែន​ម្នាក់​ផ្សេង​ទៀត​រង​របួស​ដោយសារ​ជន​ប្រដាប់​អាវុធ​មួយ​ក្រុម​មិន​ស្គាល់​មុខ​លប​លួច​បាញ់​រះ​ប្រហារ​​នៅ​ពេល​យប់។

អភិបាល​ស្រុក​ជាំក្សាន្ត គឺ​លោក ជា គឹមសេង។ លោក​អះអាង​កាល​ពី​រសៀល​ថ្ងៃ​សៅរ៍ ទី​៧ ខែ​វិច្ឆិកា ថា មន្ត្រី​ប៉ូលិស​របស់​ស្រុក​ឆែប ម្នាក់​ឈ្មោះ សាត យស និង​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ម្នាក់ មក​ពី​ទីក្រុង​ភ្នំពេញ ឈ្មោះ សៀង ដារង្គ បាន​ស្លាប់​នៅ​ក្នុង​ព្រៃ​នៃ​ព្រំប្រទល់​ស្រុក​ជាំក្សាន្ត ជាប់​នឹង​ព្រំដែន​ថៃ កាល​ពី​វេលា​ម៉ោង ១​រំលង​អធ្រាត្រ​​ថ្ងៃ​ទី​៦ ឈាន​ចូល​ថ្ងៃ​ទី​៧ ខែ​វិច្ឆិកា ដោយសារ​តែ​ជន​ប្រដាប់​អាវុធ​បាញ់​រះ​ក្នុង​ពេល​ដែល​មន្ត្រី​ទាំង​នោះ​ចុះ​បំពេញ​បេសកកម្ម​ការពារ​ព្រៃឈើ​ជាមួយ​នឹង​ក្រុម​អភិរក្ស​សត្វព្រៃ ដាប់បែលយូ.ស៊ី.អេស (WCS) ហើយ​បោះ​ជំរំ​ស្នាក់​នៅ​ក្នុង​ព្រៃ។

លោក​អភិបាល​ស្រុក​ជាំក្សាន្ត បញ្ជាក់​ទៀត​ថា ហេតុការណ៍​បាញ់​រះ​នោះ ក្រៅ​តែ​ពី​បណ្ដាល​ឱ្យ​ប៉ូលិស​ស្រុក​ឆែប ម្នាក់ និង​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ម្នាក់​ស្លាប់ ក៏​មាន​ប៉ូលិស​ការពារ​ព្រំដែន​ម្នាក់​ទៀត​ឈ្មោះ ភេទ សុភ័ណ្ឌ រង​របួស​ផង​ដែរ៖ «តំបន់​ដែល​ស្លាប់​ហ្នឹង នៅ​ចន្លោះ​អូរជុញ ហើយ​នៅ​ចំណុច​គេ​ហៅ​ថា អណ្ដើក ១០ ឃុំ​ទឹកក្រហម ស្រុក​ជាំក្សាន្ត ខេត្ត​ព្រះវិហារ»

រហូត​មក​ដល់​ពេល​នេះ សមត្ថកិច្ច​ខេត្ត​ព្រះវិហារ នៅ​មិន​ទាន់​ដឹង​ថា តើ​ជន​ប្រដាប់​អាវុធ​១​ក្រុម​ដែល​បាញ់​ប្រហារ​កង​ល្បាត​ការពារ​ព្រៃឈើ​នោះ​ជា​នរណា ហើយ​តើ​បណ្ដាល​មក​ពី​មូលហេតុ​អ្វី​ច្បាស់លាស់​នៅ​ឡើយ​ទេ៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។