ក្រុម​ប៉េតង់​កម្ពុជា​មក​ភ្នំពេញ​វិញ​ល្ងាច​ស្អែក​ជា​មួយ​មេដាយ​មាស​ពិភព​លោក​

ក្រុម​ប៉េតង់​កម្ពុជា​មក​ភ្នំពេញ​វិញ​ល្ងាច​ស្អែក​ជា​មួយ​មេដាយ​មាស​ពិភព​លោក​

ក្រុម​កីឡា​ប៉េតង់​កម្ពុជា​នឹង​វិល​ត្រឡប់​មក​ប្រទេស​កំណើត​វិញ​នៅ​ល្ងាច​ថ្ងៃ​ទី​៨​ ខែ​វិច្ឆិកា​ ស្អែក​នេះ​​ដោយ​នាំ​មក​ជា​មួយ​មេដាយ​មាស​ពិភព​លោក​១​គ្រឿង​ បន្ទាប់​ពី​​វីរនារី​កម្ពុជា កែ ឡេង​ដណ្តើម​បាន​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​ជើង​ឯក​ប៉េតង់​ពិភព​លោក​ឆ្នាំ​២០១៥​នៅ​ទី​ក្រុង​បាងកក ប្រទេស​ថៃ។

តាម​ការ​ឲ្យ​ដឹង​ពី​ប្រភព​ព័ត៌មាន​នៅ​ប្រទេស​ថៃ​ថា​ ក្រុម​កីឡាករ និង​កីឡា​ការិនី​ប៉េតង់​ជម្រើស​ជាតិ​កម្ពុជា​បាន​បញ្ចប់​ការ​ប្រកួត​របស់​ខ្លួន​អស់​ហើយ​ក្នុង​ព្រឹត្តិការណ៍​កីឡា​ប៉េតង់​ជើង​ឯក​ពិភព​លោក​ World Women Championships of Petanque ​នៅ​លើក​ទី​១៥​ ក្នុង​ទី​ក្រុង​បាងកក ប្រទេស​ថៃ​ និង​ត្រូវ​វិល​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ​ល្ងាច​ស្អែក។

 

ក្រុម​ប៉េតង់​កម្ពុជា​មក​ភ្នំពេញ​វិញ​ល្ងាច​ស្អែក​ជា​មួយ​មេដាយ​មាស​ពិភព​លោក​

កីឡាការិនី​កម្ពុជា(ខោ​ជើងវែង)ថត​រូប​អនុស្សាវរីយ៍ (រូបថត៖ Chantrea Oum)

 

ជា​លទ្ធផល​​មាន​តែ​កីឡា​ការិនី​កម្ពុជា​ កែ ឡេង តែ​ម្នាក់​គត់​ដែល​ដណ្តើម​បាន​មេដាយ​​គឺ​មេដាយ​មាស​ បន្ទាប់​ពី​ឆ្លង​កាត់​ការ​ប្រកួត​ដ៏​លំបាក​ជា​ច្រើន​​នឹង​កីឡា​ការិនី​​ខ្លាំង​ៗ​ជិត​១០០​នាក់​មក​ពី​ទូទាំង​ពិភព​លោក។ កែ ឡេង​បាន​ឈ្នះ​មេដាយ​មាស​ពិភព​លើក​ទី​២​នេះ​ បន្ទាប់​ពី​ឈ្នះ​កីឡា​ការិនី​ទុយណេស៊ី​ដោយ​លទ្ធផល​​ ៣៣-២៥​នៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ។

 

កម្ពុជា​បាន​បញ្ជូន​កីឡា​ករ និង​កីឡា​ការិនី​ចំនួន​១០​រូប​គឺ​ផ្នែក​យុវជន​៦​រូប​ដែល​មាន​កី​ឡ​ការ​មួង ​ទិ​ត្យ, ម៉ា​ណែ​ត, ផាន់​ ហាស់​សិទ្ធ​, ​ទេវរាជ ទីវរ​ដ្ឋា​ ព្រម​ទាំង​​កីឡា​ការិនី ​ស្រៀង និង​ សុរ៉ា​នី​ម។​​ ​កីឡា​ការិនី​ដែល​មនុស្ស​ពេញ​វ័យ​គឺ​ ​អ៊ុក ស្រីមុំ​, អ៊ុំ ចន្ទ្រា, អ៊ុន ស្រី​យ៉ា និង​កែ ឡេង។ កីឡាករ​ និង​កីឡា​ការិនី​ទាំង​១០​រួម​ដំណើរ​ជា​មួយ​លោក​​សូ​ម៉ៃ​ សុខ​គា​​ជា​ប្រធាន​ប្រតិភូ​ ព្រម​ទាំង​គ្រូ​បង្វឹក​អ៊ុក យ៉ារី និង​លោក​សុខ ម៉ុង។

 

ពួក​គាត់​ទាំង​អស់​គ្នា​មក​ដល់​ប្រទេស​កម្ពុជា​នៅ​ល្ងាច​ថ្ងៃ​ទី​៨ ខែ​វិច្ឆិកា​ស្អែក​នេះ​វេលា​ម៉ោង​ប្រហែល​ជា​៤​ល្ងាច។ ទោះ​យ៉ាង​ណា​នៅ​មិន​ប្រាកដ​ច្បាស់​ថា មាន​ពិធី​ដង្ហែ​ក្បួន​ឬ​យ៉ាង​ណា​នោះ​ទេ។ លោក វ៉ាត់ ចំរើន​ អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​បាន​ប្រាប់​ថា មិន​ទាន់​ដឹង​ច្បាស់​ថា​ត្រូវ​ហែ​ល្ងាច​ស្អែក​ឬ​យ៉ាង​ណា​នោះ​ទេ ខណៈ​ល្ងាច​ថ្ងៃ​ទី​៧​វិច្ឆិកា​នេះ​លោក​កំពុង​ប្រជុំ។

កាល​ពី​ឆ្នាំ​២០១៣​នៅ​ប្រទេស​បារាំង កម្ពុជាឈ្នះ​មេដាយ​ចំនួន​៤​គ្រឿង​គឺ​មាស​១ និង​សំរឹទ្ធ​៣ ប៉ុន្តែ​សម្រាប់​ឆ្នាំ​២០១៣​នៅ​ប្រទេស​ថៃ​នេះ​កម្ពុជា​ឈ្នះ​មេដាយ​មាស​១​គ្រឿង៕

 

អត្ថបទ៖ ជាន ចាន់រ៉ា​​