ជនមិនស្គាល់មុខ ​បាញ់ប្រហារ មកលើក្រុម អភិរក្សសត្វព្រៃ ពេលចុះល្បាត, ស្លាប់២នាក់ របួសម្នាក់ និងបាត់ខ្លួនម្នាក់

ព្រះវិហារ៖ មានការបាញ់ប្រហារមួយ បង្កឡើងដោយជនមិនស្គាល់អត្តសញ្ញាណមួយក្រុម មកលើកម្លាំងអភិរក្សសត្វព្រៃ ស្ថិតនៅចំណុចអណ្តើក១០ ខាង ក្រោយវរយោធា៣៩១ ប្រហែល២គីឡូម៉ែត្រ ភូមិសែនរុងរឿង៣ ឃុំមរតក ស្រុកជាក្សាន្ត ខេត្តព្រះវិហារ បណ្តាលឲ្យស្លាប់២នាក់ ម្នាក់ជាប្រធានក្រុមល្បាតរដ្ឋបាល ព្រៃឈើ ឈ្មោះ សៀង ណារ៉ុង និងម្នាក់ទៀត ជាមន្រ្តីនគរបាលស្រុកឆែប ឈ្មោះ សាប់ យស់ ហើយមានម្នាក់ឈ្មោះ ភេទ សុភាន់ មន្រ្តីនគរបាលវរសេនាតូច ការពារព្រំដែនគោកលេខ១០៥ រងរបួស ខណៈដែលមន្រ្តីយោធា នៅវរសេនាតូចលេខ៣៩៤ នៃកងពលតូចលេខ៩ បានរត់រួចខ្លួនម្នាក់។

អំពើបាញ់ប្រហារខាងលើនេះ បានកើតឡើងនៅវេលាម៉ោង១ រំលងអធ្រាត្រ ឈានចូលថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៥ ខណៈដែលក្រុមអភិរក្ស កំពុងចុះល្បាត ហើយចាប់ម៉ាស៊ីនអារឈើ ចំនួន ២គោលដៅ ដោយគោលដៅទី១ ដកហូតបាន៦គ្រឿង និងកាំភ្លើងកាប៊ីនកែច្នៃ១ដើម ហើយគោលដៅទី២ ចាប់បានម៉ាស៊ីន៥គ្រឿង កាំភ្លើងកាប៊ីន១ដើម ផងដែរ។

តាមការបញ្ជាក់ពីសមត្ថកិច្ចនៅខេត្តព្រះវិហារ បានឲ្យដឹងថា ករណីនេះអគ្គស្នងការរង នគរបាលជាតិ ប្រចាំទិសប្រាសាទព្រះវិហារ នាយឧត្តមសេនីយ៍ ខេង សុមេធ អភិបាលខេត្តព្រះវិហារ លោក អ៊ុំ ម៉ារ៉ា និងស្នងការនគរបាលខេត្ត លោកឧត្តមសេនីយ៍ត្រី ស៊ី គីរី សហការជាមួយកម្លាំងជំនាញ របស់ទីបញ្ជាការេដ្ឋានអន្តរាគមន៍លេខ៣ របស់លោកឧត្តមសេនីយ៍ស្រី ឌឹក បាននិងកំពុងបញ្ជាឲ្យធ្វើការស្រាវជ្រាវ និងស៊ើបអង្កេតករណីនេះជាបន្ទាន់។

បច្ចុប្បន្នសពជនរងគ្រោះទាំងពីរនាក់ ត្រូវបានអាជ្ញាធរនិងសមត្ថកិច្ច បានប្រគល់ទៅឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ។ យ៉ាងណាក៏ដោយ រហូតមកដល់ពេលនេះ មិនទាន់មានការបញ្ជាក់ជាផ្លូវការ ថា ខ្មាន់កាំភ្លើងជាក្រុមខាងណានោះទេ ប៉ុន្តែប្រភពខ្លះសំដៅទៅលើក្រុមឈ្មួញរកស៊ី ឈើដោយខុសច្បាប់នៅតំបន់នោះ៕