ក្រសួងធម្មការ និងសាសនា គ្រោងសង់ អគាររដ្ឋបាល ក្នុងបរិវេណ ពុទ្ធសាសនបណ្ឌិត្យ

ភ្នំពេញ៖ អ្នកនាំពាក្យ ក្រសួងធម្មការនិងសាសនា លោក សេង សុមុនី បានឲ្យដឹង នៅរសៀលថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៥នេះថា ក្រសួងគ្រោង សង់អគាររដ្ឋបាល ដែលមានកម្ពស់ពី ៥ទៅ៧ជាន់ នៅចុងឆ្នាំ២០១៥ ឬដើមឆ្នាំ២០១៦ ស្ថិតនៅក្នុងបរិវេណ វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ ដែលការសាងសង់នេះ នឹងប្រើប្រាស់ថវិកា អស់ប្រមាណ៤លានដុល្លារ ដែលជាថវិការបស់រដ្ឋទាំងស្រុង។

អ្នកនាំពាក្យរូបនេះ បានបញ្ជាក់ថា ខណៈដែលសេដ្ឋកិច្ចរបស់ជាតិ មានការរីកចម្រើនលើវិស័យសាសនា ដូច្នេះការពង្រីក សាងសង់អគាររដ្ឋបាល ចាំបាច់ត្រូវតែធ្វើឡើងដើម្បីសម្រួលការងារ ហើយក៏អំពាវនាវដល់សាធារណជន ជាពិសេសព្រះសង្ឃ និងពុទ្ធបរិស័ទគ្រប់រូបឲ្យបានជ្រាបថា វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ គឺជាកម្មសិទិ្ធរបស់រដ្ឋ មិនមែនជាកម្មសិទិ្ធរបស់ព្រះសង្ឃ ឬវត្តអារាមណាមួយនោះទេ។

បើតាមអ្នកនាំពាក្យ ក្រសួងធម្មការនិងសាសនា នៅតែរក្សាទីតាំងដដែល មិនមានការផ្លាស់ប្តូរឡើយ ហើយអគារថ្មីដែលគ្រោងសាងសង់នេះ គ្រាន់តែជាអគារផ្នែក រដ្ឋបាលរបស់ក្រសួងប៉ុណ្ណោះ៕