កីឡាការិនី​កីឡា​ប៉េតង់ កែ ឡេង ឈ្នះ​មេដាយមាស​ ជើងឯក​ពិភពលោក ​ឆ្នាំ​២០១៥

ភ្នំពេញ: លោកស្រី កែ ឡេង កីឡាការិនី ប៉េតង់ ទទួលបាន​មេដាយមាស នៅ​ប្រទេស​ថៃ កាលពី​យប់​ថ្ងៃ​សុក្រ ទី​៦​វិច្ឆិកា​។ លោកស្រី កែ ឡេង ជា​ម្ចាស់​មេដាយមាស​ពិភពលោក កាលពី​ឆ្នាំ​២០១៣ ក្នុងការ​ប្រកួត​កីឡា​ប៉េតង់ នៅ​ប្រទេស​បារាំង​។​

​កាលពី​ថ្ងៃទី​៩​មេសា ឆ្នាំ​២០១៥ រាជរដ្ឋាភិបាល បានរៀបចំ​ពិធី​ដង្ហែ​អបអរសាទរ​ដល់​វីរនារី កែ ឡេង នៅ​រាជធានី​ភ្នំពេញ​។ សម្តេច ហ៊ុន សែន បាន​បំពាក់​គ្រឿង​ឥស្សរិយយស​ជាតិ ថ្នាក់​មហា​សេរី​វឌ្ឍន៍​ជូន​ដល់​លោកស្រី កែ ឡេង និង​ផ្តល់​ប្រាក់រង្វាន់​ច្រើន​ថែមទៀត នៅ​វិមាន​សន្តិភាព មុន​ដង្ហែ​ចេញ​ទៅតាម​ដងផ្លូវ​នានា​ក្នុង​រាជធានី​ភ្នំពេញ​។​

​កើត​នៅ​ឆ្នាំ​១៩៦២ នៅ​ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង លោកស្រី កែ ឡេង បាន​ចាប់​អាជីព​ដំបូង ខាង​កីឡាបាល់ទះ​។ នៅ​ឆ្នាំ​១៩៨២ លោកស្រី កែ ឡេង ដែលជា​កូនកំព្រា ត្រូវបាន​ជ្រើស​ជា​កីឡាការិនី​បាល់ទះ ប្រចាំ​កងយោធពល​ខេមរភូមិន្ទ​។ អំឡុងពេល​ជា​កីឡាការិនី​បាល់ទះ លោកស្រី កែ ឡេង ក៏បាន​ជាប់​ឈ្មោះ ជា​បុគ្គលិក​ក្នុង​ក្រសួងការពារជាតិ រហូតដល់​សព្វថ្ងៃ​។​

​នៅ​ឆ្នាំ​១៩៨៧ លោកស្រី កែ ឡេង បាន​រៀបការ​ជាមួយ​បុរស​ម្នាក់ ជា​កងទ័ពជើងគោក​។ រហូតដល់​សព្វថ្ងៃ មានកូន ២ នាក់​។ កូនប្រុស​ច្បង ជា​មន្ត្រី​នៅ​ក្រសួងការពារជាតិ ហើយ​ចូលចិត្ត​លេង​ប៉េតង់ ( បោះ​ប៊ូល )​។ រីឯ​កូនស្រី​ពៅ រៀន​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិ​ល្បះ​។​

​នៅពេល​ក្រសួងការពារជាតិ បាន​រំសាយ​ក្រុម​បាល់ទះ​នារី នៅ​ឆ្នាំ​១៩៩៧ លោកស្រី កែ ឡេង បាន​ប្ដូរ​អាជីព​ទៅ​ហាត់​កីឡា​ប៉េតង់ ( ប៊ូល )​។
 
​ការប្រកួត​ជា​អន្តរជាតិ លើកដំបូង នៅ​ខែកញ្ញា ឆ្នាំ​១៩៩៩ លោកស្រី កែ ឡេង ដណ្តើមបាន​ពានរង្វាន់ ជើងឯក​អាស៊ី លើក​ទី​៣ ដោយ​ទទួលបាន​មេដាយមាស​១​។ បន្តបន្ទាប់ លោកស្រី កែ ឡេង ទទួលបាន​មេដាយមាស ប្រាក់ សំរិទ្ធ និង​ចុងក្រោយ​មេដាយមាស ជើងឯក​ប៉េតង់​អាស៊ាន លើក​ទី​២ នៅ​ខែមីនា ឆ្នាំ​២០១៥៕

កីឡាការិនី​កីឡា​ប៉េតង់ កែ ឡេង ឈ្នះ​មេដាយមាស​ ជើងឯក​ពិភពលោក ​ឆ្នាំ​២០១៥

កីឡាការិនី​កីឡា​ប៉េតង់ កែ ឡេង ឈ្នះ​មេដាយមាស​ ជើងឯក​ពិភពលោក ​ឆ្នាំ​២០១៥

កីឡាការិនី​កីឡា​ប៉េតង់ កែ ឡេង ឈ្នះ​មេដាយមាស​ ជើងឯក​ពិភពលោក ​ឆ្នាំ​២០១៥
លោកស្រី កែ ឡេង ឈ្នះមេដាយមាសពិភពលោក ឆ្នាំ២០១៥ ក្នុងការប្រកួត​នៅប្រទេសថៃ កាលពីយប់ថ្ងៃសុក្រ ទី៦វិច្ឆិកា
( រូបភាពពីហ្វេសប៊ុក Ramary Moung​ )