របរ​ផលិត​ទ្រនាប់ជើង​ពី​​កង់ឡាន​របស់​កសិករ​នៅ​ខេត្ត​តាកែវ

មនុស្ស​មួយ​ចំនួន​រមែង​គិត​ថា សំបក​កង់ និង​ពោះវៀន​រថយន្ត​ដែល​ប្រើប្រាស់​រួច ហាក់​មិន​មាន​តម្លៃ​អ្វី​ឡើយ ក្រៅ​តែ​ពី​ធ្វើ​ឱ្យ​ចង្អៀត​លំនៅឋាន និង​បំពុល​បរិស្ថាន។ ប៉ុន្តែ​សម្រាប់​គ្រួសារ លោក អ៊ុក ម៉េង នៅ​ភូមិ​ប្រវង់ ឃុំ​តាភេម ស្រុក​ត្រាំកក់ ខេត្ត​តាកែវ មិន​គិត​ដូច​នេះ​ឡើយ។ លោក អ៊ុក ម៉េង បាន​បង្កើត​អាជីវកម្ម​ផ្ទាល់​ខ្លួន​មួយ គឺ​ការ​ផលិត​ទ្រនាប់​ជើង​កង់ឡាន ដើម្បី​ស្វែង​រក​ប្រាក់​បន្ថែម​សម្រាប់​ទ្រទ្រង់​ជីវភាព​គ្រួសារ។

គ្រួសារ​លោក អ៊ុក ម៉េង ចាប់​ផ្ដើម​របរ​ផលិត​ទ្រនាប់​ជើង​កង់ឡាន​តាំង​ពី​ឆ្នាំ​២០១០។ លោក អ៊ុក ម៉េង អាយុ ៦០​ឆ្នាំ ចេះ​ជំនាញ​ផលិត​ទ្រនាប់ជើង​កង់ឡាន ពេល​ដែល​លោក​ដើរ​ទិញ​ទ្រនាប់​ជើង​ប្រភេទ​នេះ​ពី​ខេត្ត​បាត់ដំបង ដើម្បី​យក​មក​លក់​បន្ត។ លោក អ៊ុក ម៉េង និយាយ​ថា បាត​ធ្វើ​ពី​សំបក​កង់ រី​ឯ​ខ្សែ​ធ្វើ​ពី​ពោះវៀន​រថយន្ត ធ្វើ​ឱ្យ​ទ្រនាប់ជើង​កង់ឡាន​នេះ​មានគុណ​ភាព​ល្អ មិន​ងាយ​ដាច់​រហែក​ដូច​ទ្រនាប់ជើង​ធម្មតា​ឡើយ។

ផលិតកម្ម​ទ្រនាប់ជើង​កង់ឡាន​របស់​លោក អ៊ុក ម៉េង ជា​ស្នាដៃ​ហត្ថកម្ម​ដែល​ប្រើប្រាស់​កម្លាំង​បាយ​សុទ្ធសាធ។ អាជីវកម្ម​ខ្នាត​តូច​នេះ​មាន​មនុស្ស ៤​នាក់ គឺ​លោក អ៊ុក ម៉េង ភរិយា​របស់​លោក និង​កូនៗ ២​នាក់។ ក្នុង​មួយ​ថ្ងៃៗ ពួក​លោក​អាច​ផលិត​ទ្រនាប់ជើង​បាន​ប្រហែល ២០​គូ។

មុន​នឹង​ផលិត​បាន​ទ្រនាប់ជើង​មួយ​គូ​ត្រូវ​ឆ្លង​កាត់​ដំណាក់កាល​ច្រើន​យ៉ាង។ ជា​ដំបូង លោក អ៊ុក ម៉េង ត្រូវ​ដើរ​ទិញ​សំបក​កង់ និង​ពោះវៀន​រថយន្ត​នៅ​តាម​កន្លែង​ប៉ះ​កង់​រថយន្ត​ទាំង​នៅ​ជិត និង​នៅ​ឆ្ងាយ​ពី​ផ្ទះ។ សម្បក​កង់​រថយន្ត​មួយ​តម្លៃ ៣​ម៉ឺន​រៀល និង​អាច​កាត់​បាន​ទ្រនាប់ជើង ៣០​គូ។

លោក អ៊ុក ម៉េង រៀបរាប់​ពី​ដំណាក់កាល​នៃ​ការ​ផលិត៖ «គូ​ពុម្ព​វា​ច្រៀក រួច​ហើយ​អ៊ុត​វា។ កង់ឡាន​វាង ដល់​ពេល​យើង​អ៊ុត​ទៅ​វា​ត្រង់​វិញ។ អ៊ុត​ហើយ យើង​ចោះ​រន្ធ​ខ្សែ រួច​ដាប់​វា រួច​ទាញ​ខ្សែ​បញ្ចូល​ជា​ការ​ស្រេច»

ទ្រនាប់ជើង​កង់ឡាន ៦២០
អ្នក​ផលិត​ទ្រនាប់ជើង​ពី​កង់ឡាន លោក អ៊ុក ម៉េង ទាញ​បញ្ចូល​​ខ្សែ​ទ្រនាប់ជើង​នា​គេហដ្ឋាន ឃុំ​តាភេម ស្រុក​ត្រាំកក់ ខេត្ត​តាកែ កាល​ពី​ថ្ងៃ​ទី​២៧ តុលា ឆ្នាំ​២០១៥។ RFA/Yang Chandara

បន្ទាប់​ពី​ផលិត​បាន រឿង​ដែល​សំខាន់​គឺ​ត្រូវ​រក​ទីផ្សារ​ដើម្បី​លក់។ លោក អ៊ុក ម៉េង ត្រូវ​យក​ទ្រនាប់ជើង​ទាំង​នោះ​ទៅ​លក់​នៅ​ទី​ឆ្ងាយ​ពី​ផ្ទះ ហើយ​ពេល​ខ្លះ​លោក​ត្រូវ​ធ្វើ​ដំណើរ​ឆ្លង​ខេត្ត​ទៀត​ផង។ ១០​ថ្ងៃ​ម្តង លោក​យក​ទ្រនាប់ជើង​ប្រហែល ២០០​គូ​ទៅ​លក់ ដែល​ក្នុង​មួយ​ជើងៗ លោក​ត្រូវ​ចំណាយ​ពេល ៣ ទៅ ៤​ថ្ងៃ ទម្រាំ​លក់​អស់។ ទ្រនាប់ជើង​កង់​ឡាន​របស់​លោក​មាន​តម្លៃ​ចាប់​ពី ៥​ពាន់​រៀល រហូត​ដល់ ១​ម៉ឺន​រៀល ទៅ​តាម​ទំហំ​តូច ឬ​ធំ៖ «អស់​មួយ​ខេត្ត​កំពត ទៅ​វាលរេញ កំពង់សោម ហើយ​បាន​មក​ខាង​ជើង ទៅ​ខាង​ត្រែងត្រយឹង កំពង់ស្ពឺ ចំណែក​ឯ​ខេត្ត​តាកែវ​វិញ លក់​សព្វ​អស់​ហើយ»

កំពុង​អង្គុយ​ចោះ​រន្ធ​ឡេវ និង​ចាក់ខ្សែ​ទ្រនាប់ជើង អ្នកស្រី ណុប ម៉ុន ត្រូវ​ជា​ភរិយា​របស់​លោក អ៊ុក ម៉េង បញ្ជាក់​ថា របរ​ធ្វើ​ទ្រនាប់ជើង​កង់ឡាន​នេះ ធ្វើ​ឱ្យ​គ្រួសារ​អ្នកស្រី​រួច​ចាក​ផុត​ពី​ភាព​ក្រីក្រ​ដោយសារ​វា​ផ្ដល់​ចំណូល​ជា​ប្រចាំ។ ក្នុង​មួយ​ខែៗ អ្នកស្រី​អាច​រក​ចំណូល​បាន​ជាង ២​លាន​រៀល ពី​មុខ​របរ​ធ្វើ​ទ្រនាប់ជើង​កង់ឡាន៖ «វា​មិន​សល់​អី​ប៉ុន្មាន​ទេ បាន​សល់​តែ​ផ្ទះ សល់​តែ​គោ​មួយ​នឹម។ ខ្ញុំ​ទិញ​ដីស្រែ​គេ​ដែរ រក​បាន​មក»

​ក្រៅ​ពី​លក់​បោះ​ដុំ និង​រាយ​នៅ​តាម​ទីកន្លែង​ជិត​ឆ្ងាយ មាន​អតិថិជន​មួយ​ចំនួន​ទៅ​ទិញ​ទ្រនាប់ជើង​កង់ឡាន​ដល់​ផ្ទះ​លោក អ៊ុក ម៉េង តែម្ដង។

លោក ដារ៉ាវុធ អតិថិជន​ម្នាក់​ដែល​ទៅ​ជាវ​ទ្រនាប់ជើង​ដល់​ទី​តាំង​ផលិត បង្ហាញ​ចំណាប់​ថា លោក​ពេញ​ចិត្ត​នឹង​គុណភាព​របស់​វា ពិសេស​លោក​ចង់​ជួយ​ថែរក្សា​បរិស្ថាន​តាម​រយៈ​ការ​ជាវ​របស់របរ​ដែល​កែច្នៃ​សា​ជា​ថ្មី៖ «ខ្ញុំ​ជួយ​ទិញ​ស្បែក​ជើង​គាត់ ទី​មួយ​គឺ​វា​អាច​ជួយ​កាត់​បន្ថយ​នូវ​ការ​បំពុល​បរិស្ថាន។ ទី​ពីរ​យើង​អាច​ជួយ​ផ្សព្វផ្សាយ​ឱ្យ​គាត់​មាន​ការ​លក់​ចេញ គាត់​អាច​ទិញ​កង់ឡាន​ចាស់ៗ​ចូល បង្កើន​ជីវភាព​របស់​គាត់​ផង​ដែរ»

បើ​ទុក​ជា ទ្រនាប់​ជើង​កង់ឡាន​មានគុណ​ភាព​ល្អ និង​មាន​ច្រើន​ម៉ូត ច្រើន​ម៉ាក​ក្តី ក៏​ទ្រនាប់ជើង​ប្រភេទ​នេះ​ពិបាក​ប្រកួតប្រជែង​ជាមួយ​ទ្រនាប់​ជើង​ធម្មតា​ដែរ ដោយសារ​តែ​ខ្វះ​ភាព​ទាក់ទាញ។ ផលិត​ឡើង​ដោយ​ដៃ និង​មាន​វត្ថុធាតុ​ដើម​ជា​សំបក​កង់ និង​ពោះវៀន​រថយន្ត។ ទ្រនាប់ជើង​កង់ឡាន​មាន​តែ​ពណ៌​ខ្មៅ​តែប៉ុណ្ណោះ ដែល​ធ្វើ​មនុស្ស​មួយ​ចំនួន​មិន​សូវ​ពេញ​ចិត្ត ហើយ​មាន​អ្នក​ខ្លះ ក៏​មិន​ចាប់​អារម្មណ៍​លើ​វា​ដែរ ប្រហែល​ដោយ​គេ​គិត​ថា​វា​ហួស​សម័យ។

​អ្នកស្រី ណុប ម៉ុន ភរិយា​លោក អ៊ុក ម៉េង បញ្ជាក់​ថា ការ​លក់​ទ្រនាប់ជើង​កង់ឡាន​ហាក់​មាន​ការ​ធ្លាក់​ចុះ​ជាង​មុន ដែល​បង្ខំ​ឱ្យ​ប្ដី​អ្នកស្រី​យក​ទៅ​លក់​ដល់​ទី​​កន្លែង​កាន់​តែ​ឆ្ងាយ៖ «កាល​ពី​មុន​លក់​ដាច់ ឥឡូវ​លក់​អត់​សូវ​ដាច់។ ពី​មុន​វា​ពេញ​និយម ឥឡូវ​ទាល់តែ​យើង​យក​ទៅ​លក់​នៅ​ដី​ឆ្ងាយៗ។ ៥-៦​ឆ្នាំ វា​ពេញ​ដី​ហើយ គេ​ពាក់​ជាប់​បាន​យូរ»

​ចំពោះ​ថ្ងៃ​អនាគត​វិញ អ្នកស្រី ណុប ម៉ុន មិន​មាន​ភាព​ប្រាកដ​ប្រជា​នៅ​ឡើយ ថា​តើ​នឹង​ត្រូវ​ធ្វើ​អ្វី​បន្ត​ទៀត​ចំពោះ​អាជីវកម្ម​មួយ​នេះ។

អ្នកស្រី ណុប ម៉ុន អាយុ​ជិត ៥០​ឆ្នាំ លើក​ឡើង​ថា ក្រុម​គ្រួសារ​អ្នកស្រី​អាច​នឹង​បញ្ចប់​មុខ​របរ​ធ្វើ​ទ្រនាប់ជើង​កង់ឡាន​នេះ​នៅ​ឆ្នាំ​ក្រោយ ដោយសារ​តែ​អ្នកស្រី និង​ប្ដី​មាន​វ័យ​កាន់តែ​ចាស់ មិន​មាន​កម្លាំង​គ្រប់គ្រាន់​អាច​ធ្វើ​បាន ហើយ​មក​ទល់​នឹង​ពេល​នេះ មិន​មាន​អ្នក​ណា​ម្នាក់​មក​រៀន​អាជីព​នេះ​ពី​គ្រួសារ​អ្នកស្រី​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។