លោក អេង ឃាង បញ្ជាក់ថា អ្នកប្តឹងដកតំណែងលោក ជាមេបញ្ជាការរងទាំង៣ ដែលខឹងលោកបង្រ្កាប មិនឲ្យរកស៊ី រត់ពន្ធម៉ូតូពីវៀតណាម

ភ្នំពេញ៖ លោក អេង ឃាង មេបញ្ជាការវរៈសេនាតូចការពារព្រំដែន៣០១ ខេត្តតាកែវ បានចេញមកបញ្ជាក់ និង បំភ្លឺថា អ្នកដែលកៀងគរនាយទាហ៊ានរង និង ពលទាហាន នៃវរៈសេនាតូចការពារព្រំដែន៣០១ ផ្តិតមេដៃប្តឹងទៅ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ឲ្យដកតំណែងរបស់លោក គឺជាមេបញ្ជាការរង ៣នាក់ ដែល ត្រូវបានលោកបង្រ្កាប និងហាមឃាត់មិនឲ្យរកស៊ីរត់ពន្ធម៉ូតូរបស់ចោរកម្មពីប្រទេសវៀតណាម បូករួមទាំងការធ្វើ ឲ្យបាត់ផលប្រយោជន៍ របស់ពួកគេមួយចំនួនទៀត។

នាយទាហ៊ានរង និងពលទាហានក្នុងអង្គភាព របស់លោកប្រមាណជាង ៨០នាក់ នាពេលថ្មីៗនេះ បានផ្តិតមេដៃ ប្តឹងទៅសម្តេចតេជោ ហ៊ុន សែន ឲ្យដកតំណែងរបស់ អេង ឃាត ដោយពួកគេបានអះអាងថា លោក អេង ឃាង បានស៊ីដាច់ប្រាក់ឧបត្ថម្ភរបស់ពួកគេពេលមានបុណ្យទាន។

ក្រោយព័ត៌មាននេះត្រូវបានមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ចេញផ្សាយកាលពីថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ លោក អេង ឃាង ក៏បានចេញមកបកស្រាយបញ្ជាក់ពីភាពស្អាតស្អំរបស់ខ្លួនផងដែរ។

លោក អេង ឃាង បាន បញ្ជាក់ ឲ្យដឹងថា អ្នកដែលកៀងគរនាយទាហានរង និងពលទាហាន ឲ្យដកតំណែងរបស់ លោកនេះ គឺជាមេបញ្ជា ការរងវរៈសេនាតូចការពារព្រំដែន៣០១ចំនួន ៣នាក់ រួមមាន៖ លោក យ៉េន ហ៊ុង, ២- លោក ចាប សាវឿន និងទី ៣- លោក សាំង យ៉ាវ។ លោក អេង ឃាង បានបញ្ជាក់ថា លោក ចាប់ សាវឿន និង លោក សាំង យ៉ាវ ជាមេបញ្ជា ការរង ដែលគ្មានសេចក្តីសម្រេច ឬដឹងឮពីក្រសួងនោះឡើយ។

លោក អេង ឃាង ក៏បានឲ្យដឹងផងដែរថា ក្រុមមេបញ្ជាការរងទាំង ៣នាក់នេះ  ក៏ធ្លាប់បានដាក់ពាក្យប្តឹងលោកទៅ អង្គភាពប្រឆាំងអំពើពុករលួយ និងអធិការកិច្ចរបស់ក្រសួងការពារជាតិផងដែរ ហើយក៏ត្រូវបានលោកចូលទៅបំភ្លឺ ជាបន្តបន្ទាប់រួចរាល់ហើយដែរ។ បន្ទាប់ពីការប្តឹងលោកមិនបានផល ដោយអង្គភាពប្រឆាំងអំពើពុករលួយ និងក្រុម អធិការកិច្ចរបស់ក្រសួងរកមិនឃើញដូចការចោទប្រកាន់នោះ ទើបក្រុមមេបញ្ជាការរងទាំង ៣នាក់ បន្តធ្វើពាក្យប្តឹង រូបលោកទៅសម្តេចតេជោ ហ៊ុន សែន។

បើតាមលោក អេង ឃាង បណ្តឹងលើរូបលោកនេះ បានកើតមានឡើង បន្ទាប់ពីរូបលោក បានធ្វើឲ្យបាត់បង់ផលប្រ យោជន៍របស់ពួកគេ។

យោងតាមលិខិតបំភ្លឺទៅក្រុមអធិការកិច្ចរបស់ក្រសួងការពារជាតិ លោក អេង ឃាង បានបញ្ជាក់ថា កាលពីលោក សាយ សារុន នៅជាមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តតាកែវចាស់ បានចាត់តាំង កូន ប្អូន ក្មួយរបស់លោក ដែលមានបណ្តាឋានន្តរសក្តិធំ ឲ្យចុះទៅនៅប៉ុស្តិ៍ជាប់នឹងព្រំដែនជាច្រើននាក់ ទាំងខុសពីរចនាសម្ព័ន្ធ និងឋានានុ ក្រម។

ក្រោយពីលោក សាយ សារុន ទទួលមរណភាព បន្ទាប់មកលោក សេក រស់ បានទទួលភារកិច្ចជាមេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងតាកែវ លោកបានប្រជុំ ហើយដាក់បទបញ្ជាឲ្យអង្គភាពវរៈសេនាតូចលេខ ៣០១ រៀបចំ កម្លាំងក្រោមឱវាទឲ្យបានត្រឹមត្រូវទៅតាមឋានានុក្រម។

បន្ទាប់ពីទទួលបាននូវបទបញ្ជាពីលោកមេបញ្ជាការតំបន់សឹករងរួចមក លោក អេង ឃាង ក៏បានដាក់ផែនការប្រជុំ នៅក្នុងអង្គភាព ដើម្បីផ្សព្វផ្សាយដល់នាយទាហាន នាយទាហានរងណា ដែលគ្មានឈ្មោះនៅតាមបណ្តាកងអនុសេនាតូច អនុសេនាធំ ឲ្យវិលត្រឡប់ចូលអង្គភាពដើមវិញ។ ព្រោះតែរឿងនេះ បានធ្វើឲ្យបាត់បង់លាភសក្តារៈ របស់មន្រ្តីយោធាឈរជើងនៅតាមប៉ុស្តិ៍នានានោះហើយ ធ្វើឲ្យពួកគេកើតទុក្ខមិនសុខចិត្ត រិះរកគ្រប់ឧបាយកល ប្តឹងផ្តល់មូលបង្កាច់រូបលោកជាបន្តបន្ទាប់ ហើយបានគៀងគរប្រមូលផ្តុំនាយទាហានរង និងពលទាហានមួយចំនួន ដែលគ្នាពុំបានដឹងអ្វីឲ្យផ្តិតមេដាយភូត កុហកថា ផ្តិតដើម្បីតម្លើងឋានន្តរសក្តិ និងផ្តល់តួនាទីសំខាន់ៗ។

លោក អេង ឃាង ក៏បានឲ្យដឹងដែរថា លោក យ៉េន ហ៊ុង លោក ចាប សាវឿន និង លោក សាំង យ៉ាវ បានដើររក ស៊ីទិញម៉ូតូចោរឆ្លងដែនពីប្រទេសវៀតណាមមកកម្ពុជា។ លុះក្រោយមកអាជ្ញាធរស្រុកទិនបៀង ប្រទេសវៀត ណាម បានស្នើឲ្យកម្ពុជាជួយសហការទប់ស្កាត់បទល្មើសម៉ូតូ ចោរឆ្លងដែនពីប្រទេសវៀតណាមមកកម្ពុជា ដែល មានមាន លោក យ៉េន ហ៊ុង លោក ចាប សាវឿន និង លោក សាំង យ៉ាវ ជាមេខ្លោង។

ក្រោយទទួលសំណើនេះ លោក អេង ឃាង ក៏បានដឹកនាំកម្លាំងទប់ស្កាត់ និងបង្រ្កាប នាំឲ្យដាច់របររកស៊ីរបស់ លោក យ៉េន ហ៊ុង លោក ចាប សាវឿន និង លោក សាំង យ៉ាវ។ ព្រោះតែរឿងនេះ ធ្វើឲ្យមេបញ្ជាការរងទាំង៣ ខឹងសម្បា ហើយរកវិធីប្តឹងដកតំណែងរបស់លោកជាច្រើនដង៕

លោក អេង ឃាង បញ្ជាក់ថា អ្នកប្តឹងដកតំណែងលោក ជាមេបញ្ជាការរងទាំង៣ ដែលខឹងលោកបង្រ្កាប មិនឲ្យរកស៊ី រត់ពន្ធម៉ូតូពីវៀតណាម

លោក អេង ឃាង មេបញ្ជាការវរៈសេនាតូចការពារព្រំដែន៣០១