លោក ហ៊ុន ម៉ា​នី ទាមទារ​ឲ្យ​បុគ្គល​ដែល​ភ្ជាប់​លោក​ទៅនឹង​ករណី​ហិង្សា​វាយ​តំណាងរាស្ត្រ សុំទោស​

​អ្នកតំណាងរាស្ត្រ ហ៊ុន ម៉ា​នី បាន​ផ្សព្វផ្សាយ​លិខិត​ចំហ​មួយ​នៅថ្ងៃនេះ ច្រានចោល​រាល់​ការចោទប្រកាន់ និង​ការព្យាយាម​ភ្ជាប់​រូបលោក​ទៅនឹង​ហេតុការណ៍​វាយដំ​អ្នកតំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​កាលពី​ថ្ងៃទី​២៦​តុលា​។ តំណាងរាស្ត្រ​មណ្ឌល​កំពង់ស្ពឺ ថ្លែងថា លោក​ត្រូវបាន​គេ​ភ្ជាប់​ទៅនឹង​ករណី​ហិង្សា​នោះ ដោយ​គ្មាន​មូលដ្ឋាន និង​ភស្តុតាង​ច្បាស់លាស់​ឡើយ​។​

​នៅក្នុង​លិខិត​ចំហ​ដែល​ត្រូវបាន​បង្ហោះ​ផ្សាយ​នៅលើ​ទំព័រ​ហ្វ៊េ​ស​ប៊ុ​ក​របស់លោក​នោះ លោក ហ៊ុន ម៉ា​នី បានសរសេរថា លោក​មិនទាន់​បានឃើញ​មាន​ភស្តុតាង​ជាក់លាក់ និង​មាន​លក្ខណៈ​គតិយុត្តិ ដែល​អាច​ភ្ជាប់​រូបលោក​ទៅនឹង​អំពើហិង្សា​នោះឡើយ​។​

«​តើ​អ្វី​ដែលជា​មូលហេតុ និង​ជា​គោលដៅ​នៃ​ការភ្ជាប់​ខ្ញុំ​យ៉ាង​ដូច្នេះ​? ការចោទប្រកាន់ និង​មតិ​លើកឡើង​ទាំង​អម្បាលម៉ាន​នេះ គឺជា​ការ​បំផ្លើស ឬ​ជាការ​ទម្លាក់កំហុស​ដោយ​អ​សុទ្ធចិត្ត ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ផ្ទាល់​ដល់​កិត្តិយស និង​កិត្តិសព្ទ​របស់ខ្ញុំ​»​។ នេះ​ជាការ​អះអាង​របស់លោក ហ៊ុន ម៉ា​នី មុននឹង​លោក​អត្ថាធិប្បាយ​បន្ថែ​មយ៉ាង​ដូច្នេះ​៖«​ក្រុមការងារ​យើងខ្ញុំ សម្រេច​ពិគ្រោះ​យោបល់ ដើម្បី​ជ្រើសរើស​វិធានការ​សមស្រប​ណាមួយ ក្នុង​គោលដៅ​ការពារ​កិត្តិយស និង​សច​ក្តី​ថ្លៃថ្នូរ​របស់ខ្ញុំ​បាទ ដោយ​ទាមទារ​ដាច់ខាត​ឲ្យ​មានការ​សុំទោស​ជា​សាធារណៈ​ពី​បុគ្គល​ដែល​បាន​ប្រព្រឹត្តិ និង​ឲ្យ​មានការ​អនុវត្ត​ច្បាប់​ពី​ស្ថាប័ន​មាន​សមត្ថកិច្ច ក្នុងនាម​ខ្ញុំ​ជា​តំណាងរាស្ត្រ ដែល​ស្អប់ខ្ពើម​ការរំលោភច្បាប់​»​។​