លោក​ហ៊ុន ម៉ា​ណែ​ត​៖​រាជរដ្ឋាភិបាល​បាន​នឹង​កំពុង​យកចិត្តទុកដាក់​លើ​វិស័យ​អប់រំ​ ដើម្បី​ផ្តល់ឱកាស​ឱ្យ​កូនចៅ​ប្រជាពលរដ្ឋ​រៀនសូត្រ​ចេះដឹង​

កំពត: លោក​ហ៊ុន ម៉ា​ណែ​ត បាន​មានប្រសាសន៍​បញ្ជាក់ថា រាជរដ្ឋាភិបាល​បាន​នឹង​កំពុងយកចិត្តទុកដាក់​ចំពោះ​ការអភិវឌ្ឍន៍​វិស័យ​អប់រំ​ដើម្បី​ផ្តល់ឱកាស​​ឱ្យ​កូនចៅ​ប្រជាពលរដ្ឋ​រៀនសូត្រ​ចេះដឹង ដើម្បី​អនាគត​របស់​ពួកគេ និង​មនុស្ស​ជំនាន់​ក្រោយផ្ទុយ​ពី​ការ​ពី​ការលើក​ឡើ​គ្មាន​មូលដ្ឋាន​ច្បាស់លាស់​ពី​សំណាក់​គណបក្សប្រឆាំង​ដែល​បាន​លើកឡើងថា ការអប់រំ​នៅ​ប្រទេស​កម្ពុជា​គ្មាន​តម្លៃ ដែលការលើកឡើង​នេះ គឺ​មិនបាន​លើកទឹកចិត្ត​និង​មិនបាន​ផ្តល់​តម្លៃ ដល់​ប្រព័ន្ធ​អប់រំនៅក្នុង​ស្រុក លោកគ្រូ អ្នកគ្រូ សិស្ស​និស្សិត​បញ្ញាវន្ត​និង​ប្រជាពលរដ្ឋ​ទូទៅ​។​

​ការ​ថ្លែង​បញ្ជាក់​នេះ បាន​ធ្វើឡើង​នៅក្នុង​ពិធី​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​អាគារ​បឋមសិក្សា​ម្រោម ស្ថិតនៅ​ឃុំ​ម្រោម ស្រុក​អង្គរជ័យ ខេត្តកំពត កាលពី​ព្រឹក​ថ្ងៃ​​ទី​៧ ខែវិច្ឆិកា ឆ្នាំ​២០១៥​។​

​លោក​បាន​បញ្ជាក់ថា សង្គ្រាមស៊ីវិល​នៅក្នុង​ប្រទេស​បាន​បំផ្លាញ​វិស័យ​អប់រំ​និង​អ្វីៗគ្រប់យ៉ាង​គ្មាន​សល់ ទើបតែ​ឆ្នាំ​១៩៩៨​ប្រទេសជាតិ​មាន​សុខសន្តិភាព​​ពេញ​ផ្ទៃ​ប្រទេស ដែល​ធ្វើឱ្យ​រាជរដ្ឋាភិបាល​មានឱកាស​ខិតខំ​អភិវឌ្ឍន៍​ប្រទេស​លើ​គ្រប់​វិស័យរហូតមកដល់​ពេលបច្ចុប្បន្ន​នេះ​ជាពិសេស​បាន​នឹង កំពុង​​អភិវឌ្ឍន៍​វិស័យ​អប់រំ​នេះ ដែល​អាចធ្វើឱ្យ​កូនចៅ​ប្រជាពលរដ្ឋ​មានឱកាស​បាន​រៀនសូត្រ​បាន​គ្រប់​ទីកន្លែងនិង​គ្រប់​កំរិត​ដើម្បី​ចូលរួម​អភិវឌ្ឍន៍​ប្រទេស​សម្រាប់​មនុស្ស​គ្រប់​ជំនាន់ ដែលការខិតខំ​ទាំងនេះ គឺ​ផ្ទុយទៅនឹង​លើកឡើង​គ្មាន​មូលដ្ឋាន​ច្បាស់លាស់​និងសកម្មភាព​របស់​គណបក្ស​ប្រឆាំង​។​

​លោក​ហ៊ុន ម៉ា​ណែ​ត បាន​ផ្តាំ​ផ្ញើឱ្យ​សិស្សានុសិស្ស​ខិតខំ​រៀនសូត្រ​និង​គោរព​ដឹងគុណចំពោះ​អ្នកមានគុណ​ទាំង​ទ្វេរ គឺមាន ឪពុក ម្តាយ លោកគ្រូ​អ្នកគ្រូ​ដែល​បាន​លះបង់​កម្លាំងកាយ​ចិត្ត​ច​ញ្ចឹ​ម​បីបាច់​ថែរក្សា បង្ហាត់បង្រៀន​ប្អូនៗ ក្មួយៗ​ឲ្យ​ក្លាយជាមនុស្ស​មានតម្លៃ​នៅក្នុង​សង្គម​៕R​

លោក​ហ៊ុន ម៉ា​ណែ​ត​៖​រាជរដ្ឋាភិបាល​បាន​នឹង​កំពុង​យកចិត្តទុកដាក់​លើ​វិស័យ​អប់រំ​ ដើម្បី​ផ្តល់ឱកាស​ឱ្យ​កូនចៅ​ប្រជាពលរដ្ឋ​រៀនសូត្រ​ចេះដឹង​