ភាព​មិន​ប្រក្រតី​នៃ​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​សាកល្បង​តាម​កុំព្យូទ័រ​នៅ​រតនគិរី

មន្ត្រី​គណៈកម្មការ​សង្កេតការណ៍​ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា ហៅ​កាត់​ថា ខុមហ្វ្រែល (COMFREL) អះអាង​ថា ការ​ចុះ​ឈ្មោះ​អ្នក​បោះ​ឆ្នោត​សាកល្បង​តាម​ប្រព័ន្ធ​កុំព្យូទ័រ​នៅ​ខេត្ត​រតនគិរី មាន​ភាព​មិន​ប្រក្រតី​ចំនួន​ពីរ​ចំណុច។ ចំណែក​មន្ត្រី​រៀបចំ​ការ​បោះឆ្នោត​ខេត្ត​អះអាង​ថា នេះ​ជា​បញ្ហា​បច្ចេកទេស​ទាក់ទិន​ការ​រៀបចំ​ប្រព័ន្ធ​កុំព្យូទ័រ​របស់​អ្នក​ជំនាញ​ថ្នាក់​ជាតិ។

ភាព​មិន​ប្រក្រតី​ទាំង​ពីរ​ចំណុច​រួម​មាន កុំព្យូទ័រ មិន​ស្គាល់​ស្នាម​មេដៃ និង​ការ​ប្រើប្រាស់​ថាមពល​ថ្ម​កុំព្យូទ័រ មិន​បាន​អនុវត្ត​តាម​ការ​ណែនាំ​របស់ គ.ជ.ប។

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ហៅ​កាត់ (គ.ជ.ប) បាន​ជ្រើស​រើស​ភូមិ​ចំនួន​ពីរ​នៅ​ខេត្ត​រតនគិរី សម្រាប់​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​សាកល្បង​តាម​បច្ចេកវិទ្យា​ទំនើប។ ការ​ជ្រើសរើស​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី គ.ជ.ប ប្រកាស​ថា នឹង​រៀបចំ​ចុះ​ឈ្មោះ​បោះឆ្នោត​សាកល្បង​ចាប់​ពី​ថ្ងៃ​ទី​១ ដល់​ថ្ងៃ​ទី​១៥ ខែ​វិច្ឆិកា ឆ្នាំ​២០១៥។

លេខា​អង្គការ​ខុមហ្វ្រែល ខេត្ត​រតនគិរី លោក ជួន ភិនដារ៉ា កត់សំគាល់​ថា ករណី​ទាំង​ពីរ​នេះ​ត្រូវ​បាន​រក​​ឃើញ​នៅ​ការិយាល័យ​ចុះ​ឈ្មោះ​បោះឆ្នោត​នៅ​ភូមិ​១ សង្កាត់​កាចាញ កាល​ពី​ថ្ងៃ​ទី​៦ ខែ​វិច្ឆិកា បន្ទាប់ពី​​មន្ត្រី​ជំនាញ​ជប៉ុន និង​ជា​ទីប្រឹក្សា​រៀបចំ​ចុះ​ឈ្មោះ​បោះឆ្នោត គ.ជ.ប បាន​ធ្វើតេស្ត​ស្នាម​មេដៃ​របស់​​មនុស្ស​តែម្នាក់ ប៉ុន្តែ​ផ្ដិត​លើក​ទី​២ លំអៀង​បន្តិច ប្រព័ន្ធ​កុំព្យូទ័រ មិន​កំណត់​ការ​ចងចាំ​បាន។ ដោយ​ឡែក​ទាក់ទិន​ការ​ប្រើ​ថាមពល​ថ្ម​​កុំព្យូទ័រ ក៏​មន្ត្រី​ចុះ​ឈ្មោះ​មិន​ទាន់​បាន​អនុវត្ត​តាម​ការ​ណែនាំ​ឲ្យ​ប្រើ​ថាមពល​ថ្ម​កុំព្យូទ័រ ដើម្បី​ឲ្យ​ដឹង​ពី​កម្រិត​ពេល​ប្រើប្រាស់​តាម​ការ​ណែនាំ​របស់​ក្រុម​បច្ចេកទេស​នោះ​ដែរ។

លោក ជួន ភិនដារ៉ា៖ «យើង​ធ្វើ​ពិសោធន៍ បើ​យើង​ផ្ដិត​ចំ​វា​ស្គាល់ បើ​យើង​ផ្ដិត​ចំហៀង​ម៉ាស៊ីន​ហ្នឹង​អត់​ស្គាល់​ទេ វា​ឲ្យ​យើង​ចុះ​ទៀត។ ដល់​ផ្ដិត​មេដៃ​ស្ដាំ ៤​ដង មេដៃ​ឆ្វេង ៤​ដង បើ​ផ្ដិត​ឲ្យ​ចំ​ម៉ាស៊ីន​ហ្នឹង​ឲ្យ​ទៅ អ៊ីចឹង​មាន​ន័យ​ថា រាល់​មេដៃ​ដែល​កម្មវិធី​នេះ​ដាក់​ផ្ដិត​តែ​មេដៃ​ដំបូង ឬ​យ៉ាង​ម៉េច? ខ្ញុំ​មិន​យល់​ពី​បញ្ហា​ហ្នឹង អ៊ីចឹង​បាន​ខ្ញុំ​បារម្ភ​ពី​បញ្ហា​ហ្នឹង»

​ទាក់ទិន​ការ​លើក​ឡើង​ពី​ភាព​មិន​ប្រក្រតី​នេះ ប្រធាន​លេខាធិការដ្ឋាន​រៀបចំ​បោះឆ្នោត​ខេត្ត​រតនគិរី ​លោក ប៉ែន ឈុនឌី បញ្ជាក់​ថា នេះ​ជា​ការ​រៀបចំ​ចុះ​ឈ្មោះ​សាកល្បង ហេតុ​នេះ​ក្រុម​ជំនាញ​ជប៉ុន បាន​​មក​ធ្វើតេស្ត​ដើម្បី​ដក​ពិសោធន៍​រក​ចំណុច​ខ្វះខាត​ក្នុង​ការ​ចុះ​ឈ្មោះ​តាម​កុំព្យូទ័រ ដើម្បី​កែសម្រួល​ទិន្នន័យ​ចុះ​ឈ្មោះ​នេះ​ឲ្យ​បាន​កាន់តែ​សុក្រឹត។ ដោយ​ឡែក​ការ​ប្រើប្រាស់​ថ្ម​កុំព្យូទ័រ លោក​ថា ដោយសារ​ការ​ការិយាល័យ​ចុះឈ្មោះ​ភូមិ​១ មាន​អគ្គិសនី​ប្រើប្រាស់ ហេតុនេះ​បុគ្គលិក​ចុះ​ឈ្មោះ​បាន​ប្រើ​​ប្រាស់​ថាមពល​អគ្គិសនី​ដូច​ធម្មតា។ ចំណែក​ការ​ណែនាំ​ឲ្យ​ប្រើប្រាស់​ថ្ម​កុំព្យូទ័រ ដោយ​មិន​ប្រើ​ថាមពល​ចរន្តអគ្គិសនី​នឹង​ត្រូវ​អនុវត្ត​នៅ​ការិយាល័យ​ចុះ​ឈ្មោះ​ភូមិ​៣ ដើម្បី​ពិសោធ​ឲ្យ​ដឹង​ពីរ​រយៈពេល​ប្រើប្រាស់​កុំព្យូទ័រ ដោយ​ប្រើ​តែ​ថាមពល​ថ្ម មិន​ប្រើ​ថាមពល​អគ្គិសនី។

លោក ប៉ែន ឈុនឌី៖ «ខាង​បច្ចេកទេស​ជប៉ុន គេ​កំពុង​រៀបចំ​សាកល្បង​ហ្នឹង ដើម្បី​រក​ចំណុចខ្លាំង ចំណុច​ខ្សោយ ដើម្បី​កែ​​លម្អ។ យើង​រវល់​តែ​ធ្វើ​សាកល្បង​រឿង​ថ្ម​ម៉ាស៊ីន យើង​ស្ទះ​ការងារ ចុង​ក្រោយ ឬ​ថ្ងៃ​បន្ត​បន្ទាប់​យើង​​មិន​សូវ​មាន​មនុស្ស យើង​នឹង​សាក​មើល»

​តាម​កាលវិភាគ​ថ្ងៃ​ចុះ​ឈ្មោះ​បោះឆ្នោត​នៅ​ខេត្ត​រតនគិរី ចាប់​ពី​ថ្ងៃ​ទី​១ ដល់​ថ្ងៃ​ទី​៤ ខែ​វិច្ឆិកា។ ការ​ចុះ​ឈ្មោះ​ធ្វើ​ឡើង​នៅ​សាលាសង្កាត់​កាចាញ។ ពី​ថ្ងៃ​៥ ដល់​ថ្ងៃ​ទី​៩ ការ​ចុះ​ឈ្មោះ​ធ្វើ​ឡើង​នៅ​សាលា​ភូមិ១។ ចាប់​ពី​ថ្ងៃ​ទី​១០ ដល់​ថ្ងៃ​ទី​១៣ នៅ​ភូមិ៣ និង​ពី​ថ្ងៃ​ទី​១៤ ដល់​ថ្ងៃ​ទី​១៥ ការ​ចុះ​ឈ្មោះ​ធ្វើ​ឡើង​នៅ​សាលា​​សង្កាត់​កាចាញ។

​យ៉ាង​នេះ​ក្តី មន្ត្រី​បច្ចេកទេស​នៃ​លេខាធិការដ្ឋាន​រៀបចំ​ការ​បោះ​ឆ្នោត​ខេត្ត​រតនគិរី លោក ម៉េង ស្រ៊ាង ឲ្យ​ដឹង​ថា ជា​ទូទៅ​ស្ថានភាព​ប្រជាពលរដ្ឋ​មក​ចុះ​ឈ្មោះ​មាន​លក្ខណៈ​ល្អ​ប្រសើរ មិន​មាន​បាតុភាព​អ្វី​កើត​មាន​នោះ​ទេ៖ «នៅ​មួយ​ភូមិ​ទៀត។ ចប់​ភូមិ១ ទៅ ត្រូវ​ទៅ​ភូមិ៣។ សាកល្បង​ទៅ ហើយ​ចប់​ពី​ភូមិ៣ ទៅ​បើ​តាម​ប្រក្រតី​​ទិន​យើង​វិល​ទៅ​សាលា​ឃុំ​វិញ»

​ស្ថិតិ​របស់​ក្រុមប្រឹក្សា​សង្កាត់​កាចាញ ភូមិ​ចំនួន​ពីរ​ដែល​នឹង​ត្រូវ​រៀបចំ​ចុះឈ្មោះ​បោះឆ្នោត​សាកល្បង​រួម​មាន ភូមិ១ និង​ភូមិ៣ មាន​ប្រជាពលរដ្ឋ​គ្រប់​អាយុ​បោះឆ្នោត​ចំនួន​ជាង ១.៥០០​នាក់។ គិត​ត្រឹម​ម៉ោង ១២​ថ្ងៃ ទី​៧ ខែ​វិច្ឆិកា ចំនួន​អ្នក​មក​ចុះ​ឈ្មោះ​កើន​ឡើង​ជិត ៤០០​នាក់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។