ភាពយន្ដ​ខ្លី​ដែល​ធ្វើ​ឲ្យ​អ្នក​ទស្សនា​ស្រក់​ទឹក​ភ្នែក នឹក​ដល់​«គ្រូ»

ភាពយន្ដខ្លីមួយ ដែលបានផ្សាព្វផ្សាយ តាមបណ្តាញសង្គម នាពេលថ្មីៗនេះ ធ្វើឲ្យអ្នក​ដែល​បាន​ទស្សនា​រួច នឹក​ឃើញ​ពី​អតីតកាល​នៃ​ការ​សិក្សា រហូត​ទប់​ទឹក​ភ្នែក​មិន​ជាប់។
ភាពយន្ដ​ខ្លី​ដែល​ធ្វើ​ឲ្យ​អ្នក​ទស្សនា​ស្រក់​ទឹក​ភ្នែក នឹក​ដល់​«គ្រូ»
នាង ស្វែង សុជាតា ដែលជាតួសំដែង នៅក្នុងវីដេអូខ្លីរំលឹកពីគ្រូបង្រៀន។ (រូបថតផ្តិតពីវីដេអូ)

តាមវីដេអូឃ្លីបមួយ មានរយះពេល៥នាទី និង៧វិនាទី ដែលពោពេញទៅដោយអត្ថន័យអប់រំ សម្រាប់អ្នក​ធ្លាប់​បានឆ្លងកាត់ ការបង្ហាត់បង្ហាញពីគ្រូបង្រៀន ត្រូវបានផលិតកម្ម «សាស្ត្រា» ផលិតជាភាពយន្ដខ្លីឡើង ហើយ​យក​មកបង្ហោះ នៅលើទំព័រហ្វេសប៊ុករបស់ខ្លួន ឈ្មោះ «Sastra Film» បង្កចំណាប់អារម្មណ៍ ពេញ​បណ្តាញ​សង្គម រហូតដល់អ្នកដែលបានទស្សនា អាចនឹងទប់ទឹកភ្នែក មិនឲ្យហូរមិនបាន។

សម្ដែងដោយនាង ស្វែង សុជាតា ភាពយន្ដខ្លី តែន័យអប់រំជ្រៅមួយនេះ បានបង្ហាញពីខ្សែជិវិត របស់​គ្រូ​បង្រៀន ដែលព្យាយាមធ្វើគ្រប់យ៉ាងដើម្បី បង្រៀនសិស្សចេះ និងក្លាយជាមនុស្សល្អគ្រប់ៗគ្នា។ បើទោះ​ជា​ពេលខ្លះ គ្រូមានជម្ងឺ មានជីវភាពមិនសូវធូរធារ និងរងការបន្ទោស ពីអាណាព្យាបាលសិស្សក៏ដោយ ក៏គ្រូ​នៅ​តែយកចិត្តទុកដាក់ បង្រៀនណែនាំ លើកទឹកចិត្តស្រលាញ់សិស្ស រាល់គ្នាដែរ។

ជាងនេះទៅទៀត គ្រូបង្រៀនមិនដែលគិតថា នឹងបានការតបស្នង ពីសិស្សអ្វីឡើយ គ្រាន់តែចង់ឲ្យសិស្ស​គ្រប់រូបទាំងនោះ រៀនចេះដឹង និងទទួលបានជោជ័យ ក្នុងជីវិតនោះ វាគឺជាសុភមង្គលធំធេងណាស់​ទៅ​ហើយ សម្រាប់គ្រូ។

ការអប់រំ តាមរយះភាពយន្ដនេះ មានការគាំទ្រយ៉ាងច្រើន នៅក្នុងបណ្តាញសង្គម ដែលមានការចុច​«ចូល​ចិត្ត» និង«ចែករំលែក» តៗគ្នាយ៉ាងសន្ធឹកសន្ធាប់។ អ្នកប្រើប្រាស់ហ្វេសប៊ុក បាននាំគ្នាបញ្ចេញមតិ​យោបល់​ថា ការនិពន្ធវិដេអូនេះ បានធ្វើឲ្យពួកគេ​នឹកឃើញ​ដល់គ្រូ និងអតីតកាលរបស់ខ្លួន កាលពីនៅរៀន។ ចំណែក​អ្នក​ខ្លះ​ទៀត ទស្សនារួចរំភើបចិត្តពេក បានទាំងរំលឹកឡើងវិញ ពីកំហុស ដែលខ្លួនបានសាង នៅក្នុងអំឡុង​ពេល ដែលខ្លួន​ស្ថិត​ក្រោម​ការ​ប្រៀនប្រដៅ របស់គ្រូនៅឡើយ៕

» សូមទស្សនាភាពយន្ដខ្លីនេះ ដូចតទៅ៖