ព្រះសង្ឃ​ពីរ​អង្គ​ដេញ​វាយ​គ្នា ផ្អើល​អស់​ឧបាសក​ពេញ​ផ្លូវ

មិនមែនក្មេងស្ទាវទេ តែជាព្រះសង្ឃពីរអង្គ ដែលនិមន្តបិណ្ឌបាត ជាមួយគ្នាសុខៗ ស្រាប់តែ ដេញវាយគ្នានៅម្តុំវត្តភ្នំ ផ្អើលអស់ឧបាសកឧបាសិកា ដែលរស់នៅ និងធ្វើដំណើរនៅទីនោះ រហូតដល់សមត្ថកិច្ចមូលដ្ឋាន។
ព្រះសង្ឃ​ពីរ​អង្គ​ដេញ​វាយ​គ្នា ផ្អើល​អស់​ឧបាសក​ពេញ​ផ្លូវ
ព្រះសង្ឃទាំងពីរអង្គ នៅក្នុងប៉ុស្ដ៍នគរបាលវត្តភ្នំ។ (រូបថត monoROOM.info/ H. Vuthy)

មូលហេតុ ដែលឈានដល់ ការដេញវាយគ្នា របស់ព្រះសង្ឃទាំងពីរអង្គ គឺមកពី សូត្រធម៌មិនត្រូវគ្នា។ រឿង​ដេញវាយតប់នេះ បានកើតឡើង នៅថ្ងៃទី០៤ ខែវិច្ឆកា ឆ្នាំ២០១៥ វេលាម៉ោង៩ និង១៥ នាទីព្រឹក ស្ថិតនៅ​ម្តុំពេទ្យគន្ធបុប្ផាទី៤ ខាងជើងវត្តភ្នំ ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ។

តាមសម្តីរបស់លោក អ៊ុត សំអាត នាយប៉ុស្តិ៍នគរបាលវត្តភ្នំ បានថ្លែងឲ្យដឹងថា មុនកើតហេតុ ព្រះសង្ឃទាំង​ពីរ​អង្គ បាននិមន្តបិណ្ឌបាត នៅតាមបណ្តោយផ្លូវលេខ ៩០ លុះមកដល់ចំណុចខាងលើ ព្រះសង្ឃទាំងពីរអង្គ បានដេញវាយគ្នាតាមផ្លូវ ផ្អើលដល់អ្នកមកមន្ទីរពេទ្យ អ្នកធ្វើដំណើរ រហូតដល់សមត្ថកិច្ចមូលដ្ឋានទៀត។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបាននិមន្ត​ព្រះសង្ឃទាំងពីរអង្គ ទៅប៉ុស្តិ៍នគរបាលវត្តភ្នំ ដើម្បីសាកសួរ​រក​មូលហេតុ ដែលបណ្តាលឲ្យវាយគ្នា។ ពេលសួរចុះសួរឡើង ទើបដឹងថា ដោយសារតែសូត្រធម៍មិនត្រូវគ្នា នៅពេលបិណ្ឌបាត។

ព្រះសង្ឃទី១ មានព្រះនាម សឿន ម៉ាត់ ព្រះជន្ម ២២វស្សា និងបួសបាន ៤ វស្សា តែសូត្រធម៌មិនសូវ​ស្ទាត់ គង់នៅវត្តសារ៉ាវ័នតេជោ កុដិលេខ១៧ ។ ចំណែកមួយអង្គទៀត មានព្រះនាម កែវ ចំរើន មានព្រះជន្ម ២៥​វស្សា និងបួសអស់រយះពេល ៣ វស្សា ចេះសូត្រធម៌ស្ទាត់ គង់នៅវត្តជាមួយគ្នា កុដិលេខ ២៤។

បន្ទាប់ពីសាកសួរ ព្រះសង្ឃទាំងពីរអង្គ​ត្រូវបានសមត្ថកិច្ចប្រគល់ ទៅឲ្យចៅអធិការវត្តសារាវ័នតេជោ ដើម្បី​ធ្វើការណែនាំ ឬដាក់ពិន័យ តាមច្បាប់ព្រះពុទ្ធសាសនា៕