ស្វែង​យល់​ពីវិធី​សាស្ត្រ ធ្វើ​ធ្មេញ​ឱ្យ​សស្អាត

សុខភាព៖ ការធ្វើធ្មេញឱ្យស គឺជាការកែច្នៃ ពណ៌ធ្មេញតាមបែបបច្ចេកទេស ទំនើបនាពេលបច្ចុប្បន្ន។ តាមការស្ទាបស្ទង់ពីតួលេខនៃ មន្ទីរព្យាបាលមាត់ធ្មេញ ដ៏ធំជាងគេនៅប្រទេសកម្ពុជា បានបង្ហាញថា ការធ្វើធ្មេញឱ្យសកំពុង ពេញនិយមសម្រាប់អតិថិជន។ ភាគច្រើនពួកគេទាំងនោះ ជាពិសេសយុវវ័យ បានធ្វើការកែខៃពណ៌ធ្មេញ ពីធម្មជាតិទៅពណ៌សដើម្បី ជួយបង្កើនសោភ័ណ ភាពមាត់ធ្មេញរបស់ខ្លួន ឱ្យបានមួយកម្រិតថែមទៀត។ តើមានវិធីសាស្ដ្រយ៉ាងណាខ្លះ ដើម្បីធ្វើឱ្យធ្មេញសស្អាត? មានផលប៉ះពាល់អ្វីខ្លះ នៅពេលដែលលោក អ្នកធ្វើធ្មេញឱ្យពណ៌ស?

វិធីសាស្ដ្រធ្វើធ្មេញឱ្យស

ធ្មេញរបស់មនុស្សមានច្រើនពណ៌ មិនអាចកំណត់បានច្បាស់លាស់នោះទេ ហើយក៏មិនប្រាកដថា វាអាចធ្វើឱ្យសបានគ្រប់ ពណ៌ទាំងអស់នោះដែរ។ ព្រោះបើធ្មេញមានពណ៌ខ្មៅពេក ពិបាកនឹងកែខៃឱ្យសបានណាស់។ ការធ្វើឱ្យសនេះមិនអាច បានសស្អាតមួយ រយភាគរយនោះឡើយ គ្រាន់តែធ្វើឱ្យសជាងធ្មេញ កំណើតមួយកម្រិតតែប៉ុណ្ណោះ។

វិធីខាំពុម្ព ៖ វិធីនេះតម្រូវឱ្យ លោកអ្នកខាំពុម្ព តាមទម្រង់មាត់ធ្មេញរួចយក រាងធ្មេញនោះមកដាក់ថ្នាំ ដែលជួយធ្វើឱ្យស បន្ទាប់មកយកមកពាក់ នៅលើធ្មេញរយៈពេលប្រហែលជា ១៥ទៅ៣០នាទីជារៀងរាល់យប់។ ការធ្វើបែបនេះត្រូវប្រើរយៈពេល ប្រមាណជាមួយសប្ដាហ៍ទៅកន្លះខែ ទើបដឹងពីគុណភាព។ វិធីនេះមានភាពងាយស្រួល ព្រោះលោកអ្នកមិនចាំបាច់ទៅពេទ្យធ្មេញ រៀងរាល់ថ្ងៃនោះទេ គ្រាន់តែអ្នកអនុវត្ដតាម ការណែនាំរបស់គ្រូពេទ្យជំនាញ រួចយកមកធ្វើដោយខ្លួនឯង នៅឯផ្ទះជាការស្រេច។

ក៏ប៉ុន្ដែធ្មេញងាប់ ឬយកសរសៃធ្មេញហើយនោះ មានការពិបាកបន្ដិច ក្នុងការធ្វើធ្មេញឱ្យស។ គ្រូពេទ្យជំនាញអាចធ្វើធ្មេញប្រភេទនេះ ឱ្យសបានដោយខួងធ្មេញរួចដាក់ថ្នាំជួយឱ្យស ហើយបិទមកវិញប៉ុន្មានថ្ងៃ ក្រោយមកទើបយកថ្នាំនោះចេញ។ ការធ្វើដូច្នេះអាចជួយ ធ្មេញដែលងាប់នោះបានសមួយកម្រិត តែវាមិនអាចសនិងរឹងមាំ ដូចធ្មេញដែលនៅរស់បានទេ។   

វិធីបាញ់កាំរស្មី ៖ តម្រូវឱ្យលោកអ្នកទៅ ព្យាបាលនៅមន្ទីរពេទ្យ ដោយត្រូវដាក់អញ្ចាញធ្មេញ សិប្បនិម្មិតទន់ៗលើអញ្ចាញពិត រួចបាញ់ថ្នាំធ្វើឱ្យស នៅលើអញ្ចាញនោះ បន្ទាប់បាញ់កាំរស្មីនៅលើធ្មេញ ដើម្បីឱ្យកាត់ពណ៌ធ្មេញនោះចេញ។ វិធីនេះប្រើ ពេលលឿន និងឆាប់ដឹងពីប្រសិទ្ធភាព ប្រមាណជា១ម៉ោងតែប៉ុណ្ណោះ លោកអ្នកអាចឃើញពី ការប្រែប្រួលនៃពណ៌ធ្មេញភ្លាមៗ ដោយមិនចាំបាច់រង់ចាំយូរឡើយ។

មុននឹងធ្វើធ្មេញឱ្យស លោកអ្នកគួរថែទាំសុខភាពធ្មេញ ឱ្យមាំមួនជាមុនសិនលើសពីនេះ ការសម្អាតធ្មេញក៏ជួយសម្រួលភាព ស្រស់ស្អាតមួយសម្រាប់ ការធ្វើធ្មេញឱ្យសផងដែរ។

ប្រការប្រតិបត្ដិនៅពេលធ្វើធ្មេញឱ្យស

ជាតិគីមីដែលធ្វើធ្មេញឱ្យស វាបានបឺតជាតិពណ៌ចេញពីធ្មេញ ធ្វើឱ្យម៉ូលេគុលធ្មេញប្រហោងធំ ជាងមុនងាយរងនូវការជ្រាប ពណ៌ពីចំណីអាហារផ្សេងៗ។ ដូច្នេះលោកអ្នកគួរថែទាំ ឱ្យបានប្រសើរដោយត្រូវតម អាហារប្រភេទណាដែល មានពណ៌ដិតពេក ដូចជា កាហ្វេ តែ ស្រា បារី នៅរយៈពេលប្រមាណជា ១ឬ២សប្ដាហ៍ក្រោយពីធ្វើធ្មេញឱ្យសរួច។ ម្យ៉ាងទៀតលោកអ្នកគួរ តែជ្រើសរើសថ្នាំដុស ធ្មេញប្រភេទណាដែលមានជាតិក្លរអ័ររៃ ដែលជួយការពារធ្មេញសង្កៀរ ព្រោះធ្មេញសអាចមាន អាការស្រៀវខុសពី ធម្មតា បរិភោគអ្វី ក៏មិនឆ្ងាញ់។

ផលប៉ះពាល់នៃការធ្វើធ្មេញឱ្យស

ការធ្វើធ្មេញឱ្យស មិនមែនជាជម្រើសល្អសម្រាប់ សុខភាពធ្មេញឡើយ គ្រាន់តែអាចជួយលើក សោភ័ណភាពសម្រស់តែប៉ុណ្ណោះ។ ការកែប្រែពណ៌ធ្មេញ ពីធម្មជាតិប្រៀបដូចជាការ យកអាវពណ៌ផ្កាឈូកទៅធ្វើ ឱ្យក្លាយទៅជាពណ៌ស ដោយប្រើប្រាស់សារជាតិគីមីច្រើន ដើម្បីកាត់ក្លាយទៅជាពណ៌ស។ ទីបំផុតធ្មេញ ឬអាវនោះទទួលបានពណ៌ ដូចចង់បានពិតមែនប៉ុន្ដែមិនអាចប្រើប្រាស់ បានយូរអង្វែង ងាយពុកផុយនិងបាត់បង់ នូវគុណភាពខ្លះៗដោយសារថ្នាំ។ ប្រសិនបើលោកអ្នក អាចទទួលពណ៌ធ្មេញពីធម្មជាតិបាន គួរតែចៀសវាងការធ្វើធ្មេញឱ្យស វាជាការប្រសើរមួយក្នុងការថែទាំ ធ្មេញរបស់លោកអ្នកឱ្យមានភាពរឹងមាំ។

ដំបូន្មានអ្នកប្រឹក្សា

មុននឹងធ្វើធ្មេញឱ្យស លោកអ្នកគួរតែគិតថា តើធ្មេញលោកអ្នកមានសុខភាពមាំមួនហើយ ឬនៅ។ ព្រោះការធ្វើធ្មេញឱ្យស លុះត្រាតែធ្មេញមានលក្ខណៈ ប្រសើរជាមុនសិនទើបល្អ។ គួរតែពិភាក្សាជាមួយគ្រូពេទ្យជំនាញ ឱ្យបានច្បាស់លាស់មុនចង់បានធ្មេញស ព្រោះផលប៉ះពាល់មានច្រើន ជាងផលចំណេញ។ គួរធ្វើការសម្អាតធ្មេញ និងត្រួតពិនិត្យធ្មេញឱ្យបាន រៀងរាល់៦ខែម្ដង ដើម្បីការពារ និងថែរក្សាធ្មេញឱ្យបានរឹងមាំ៕

ស្វែង​យល់​ពីវិធី​សាស្ត្រ ធ្វើ​ធ្មេញ​ឱ្យ​សស្អាត