ការពារ​ប្អូន​អោយ​ផុតពី​កា​ធ្វើ​ទារុណកម្ម និង​កេងប្រវ័ញ្ច​លើ​កម្លាំង​ពលកម្ម​កុមារ បែរជា​តុលា​ការចេញ​ដីកា​កោះហៅ អោយ​បំភ្លឺ​ពីបទ​លួច​យក​កូនចិញ្ចឹម​គេ​ទៅវិញ​

​ខេត្តកំពង់ឆ្នាំង​៖ នារី​ម្នា​ក់បាន​ខិតខំ​ការពារ​ប្អូនៗ​ពី​ការកេងប្រវ័ញ្ច​កម្លាំង​ពលកម្ម​កុមារ រស់នៅ​ភូមិ​ចុង​កោះ សង្កាត់​ផ្សារ ឆ្នាំង ក្រុង​កំពង់​ឆ្នាំ បាន​ពឹងពាក់​អោយ​សមាគម​ការពារ​សិទ្ធិមនុស្ស​អា​ហុក​ខេត្តកំពង់ឆ្នាំង នៅ​ព្រឹក​ថ្ងៃទី​៦ ខែវិច្ឆិកា ឆ្នាំ​២០១៥​ជួយ​អន្តរាគមន៍​ខ្លួន​ដោយសារតែ​ការភ័យខ្លាច បន្ទាប់ពី​មាន​ដីកា​របស់​សាលាដំបូង​ខេត្តកំពង់ឆ្នាំង បង្គាប់​នាង​ចូលទៅ​បំភ្លឺ​នៅ​តុលាការ តាម​បណ្តឹង​ដោយ​ចោទប្រកាន់​ពីបទ​លួច​យក​កូនចិញ្ចឹម​របស់​ដើមបណ្តឹង​។​ ​

តាម​ដីកា​របស់​តុលាការ​សាលាដំបូង​ខេត្តកំពង់ឆ្នាំង បាន​កោះហៅ​ឈ្មោះ ឈៀង តាំង​អ៊ី ភេទ​ស្រី ដែល​ត្រូវជា​បង​បង្កើត​របស់​ក្មេងរងគ្រោះ​២​នាក់ ១.​ឈ្មោះ​សេង មិនា ភេទ​ស្រី អាយុ​១៥​ឆ្នាំ និង ២.​ឈ្មោះ​ឈៀង ភក្តី ហៅ​(​មាន​) ភេទ​ប្រុស អាយុ​១១​ឆ្នាំ អោយចូល​ខ្លួន​ទៅ​បំភ្លឺ​នៅ​តុលាការ ដោយបាន​ចោទប្រកាន់​ទៅ​ឈ្មោះ​ឈៀង តាំង​អ៊ី ថា​បាន​លួច​យក​កូនចិញ្ចឹម​របស់​ស្ត្រី​ឈ្មោះ ស៊ឹម ណេង ដែល​កុមា​រទាំង​២​ត្រូវជា​ប្អូន​របស់​នាង​។​

នៅ​ចំពោះ​មន្ត្រី​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដ​ហុ ឈ្មោះ​ឈៀង តាំង​អ៊ី​បាន​និយាយ​រឿង​ដោយ​ដឹងថា​៖ ដំបូង​ឡើយ ឈ្មោះ​ស៊ឹម ស៊ី​ណេង ភេទ​ស្រី ជា​អ្នកមាន​ទ្រព្យសម្បត្តិ បាន​ប្រើ​រូបភាព អោយ​ម្តាយ​របស់​នាង​ឈ្មោះ​ឆេង ញឹ​ប ខ្ចីលុយ​ចំនួន​១០០​ដុល្លារ និង​បាន​បង្ខំ​អោយ​ម្តាយ​នាង​ធ្វើ​កិច្ចសន្យា​ប្រគល់​កូន​២​នាក់​ឈ្មោះ​សេង មិនា និង​ឈ្មោះ ឈៀង ភក្តី ហៅ​(​មាន​) អោយធ្វើជា​កូនចិញ្ចឹម​របស់​ឈ្មោះ ស៊ឹម ស៊ី​ណេង ។​ ​ ​

ចាប់តាំងពី​ប្អូន​របស់​នាង​ទៅ​រស់នៅ​ជាមួយ​ស៊ឹម ស៊ី​ណេង មាន​រយៈពេល​ជាង​៤​ឆ្នាំ​ហើយ គឺ​រស់នៅក្នុង​ខេត្តកំពង់ឆ្នាំង ដោយ​មិនបាន​ចាត់ទុក​ប្អូន​នាង​ជា​កូន​នោះទេ ដោយ​មិនអោយ​រៀនសូត្រ​ឡើយ​។ ក្រោយមក​នៅ​រយៈពេល​ជិត​មួយឆ្នាំ​ចុងក្រោយ​នេះ ឈ្មោះ​ស៊ឹម ស៊ី​ណេង បាន​បញ្ជូន​ប្អូន​របស់​នាង​អោយទៅ​នៅ​ភ្នំពេញ​ជាមួយ​កូនប្រុស​របស់គាត់​ឈ្មោះ​សាន់ ប៊ុនលី ហៅ​(​មាំ​ង​) ពេលនោះ​ប្អូន​របស់​នាង​ទាំង​២​នាក់​មានការ​លំបាក​លើ​ស​ដើម​។ ​ ​

កុមារ​ឈ្មោះ​សេង មិនា និង ឈ្មោះ​ឈៀង ភក្តី បាន​រៀបរាប់​ពី​ទុក្ខលំបាក​ក្នុងការ​រស់នៅ​ជាមួយ​ឈ្មោះ ស៊ឹម ស៊ី​ណេង និង​ឈ្មោះ​សាន់ ប៊ុនលី ហៅ មាំ​ង នៅ​ភ្នំពេញ​ថា​៖ គេ​ពីរ​នាក់​បងប្អូន​បង្កើត នៅពេល​ព្រឹក​រហូតដល់​ល្ងាច​ត្រូវ​ឈ្មោះ​(​មាំ​ង​)​ប្រើ​ពួកគេ​អោយ បោក​ខោអាវ ជូត​ផ្ទះ និង​ប្រើ​ធ្វើ​កិច្ចការ​ផ្សេងៗ​មិនអោយ​ទំនេរ​នោះទេ បើ​មិន​ធ្វើ​មិនទាន់​ចិត្ត​គេ​គឺ​ត្រូវគេ​វាយ​ធ្វើបាប និង​បានអោយ​ហូបបាយ​បានតែ​មួយពេល​ទេ​ក្នុង​មួយថ្ងៃ​។ ចាប់តាំងពី​ម៉ោង​៥​ល្ងាច រហូតដល់​ម៉ោង​១​យប់ ដោយ​ដើរ​លក់​ផ្លែឈើ​ត្រាំ​ម្ជូរ​មាន ផ្លែ​ម្កាក់ ស្វាយ ចេក ខ្វិត អំពិល តាម​ហាង​នានា​ក្នុង​ភ្នំពេញ នៅពេល​ត្រឡប់មក​ដល់ផ្ទះ​ត្រូវបាន ឈ្មោះ​(​មាំ​ង​) វាយ​ធ្វើបាប​ទៀត​នៅពេលដែល​លក់​មិន​ដាច់ ឬ ដើរ​លក់​យឺត ពេលខ្លះ​គេ​បាន ទះកំភ្លៀង ទាត់ ធាក់ និង យក​ច្រ​វ៉ា​ក់វា​យមក​លើ​ពួកគេ​ទៀតផង​។ ដោយសារតែ​មូលហេតុ​ទាំងនេះហើយ​ទើប​ពួកគេ​មិន​ត្រឡប់​ទៅ​នៅ​ជាមួយ​ម្ចាស់ផ្ទះ​នេះ​វិញ ។​ ​ ​

​នារី​ឈ្មោះ​ឈៀង តាំង​អ៊ី បាន​ប្រាប់ទៀតថា​៖ រឿងនេះ​នាង​បានដាក់​ពាក្យ​ប្តឹងទៅ​ប៉ុស្តិ៍នគរបាល និង​អាជ្ញាធរ​មូលដ្ឋាន ប៉ុន្តែ​គេ​មិន​អើពើ​ឡើយ ។ បែរជា​មាន​ដីកា​មួយ​របស់​តុលាការខេត្ត កោះហៅ​រូបនាង​អោយចូល​ខ្លួន​បំភ្លឺ​តាម​បណ្តឹង​របស់ ស៊ឹម ស៊ី​ណេង ទៅវិញ​ដោយ​ចោទប្រកាន់​រូបនាង​ថា បាន​លួច​យក​កូនចិញ្ចឹម ដែលជា​ប្អូន​របស់​នាង​មិនអោយ​ទៅ​នៅ​ជាមួយ​គេ​វិញ ។ ក្រោយមក ឈ្មោះ​ស៊ឹម ស៊ី​ណេង បាន​ឃុបឃិត​ជាមួយ​អាជ្ញាធរ​សង្កាត់​ខ្សា​ម បង្ខំ​អោយ​ម្តាយ​នាង​ឈ្មោះ​ឆេង ញឹ​ប ផ្តិតមេដៃ​ទទួលស្គាល់​លើ​ឯកសារ​ប្រគល់​ប្អូន​របស់​នាង​ផ្តាច់ ទៅ​ឈ្មោះ​ស៊ឹម ស៊ី​ណេង និង​ប្តឹង​គម្រាម​នាង​ដាក់គុក និង​គម្រាម​នាង​អោយ​សង​ប្រាក់​គេ​ទៀតផង ។​ ​ ​

លោក​សំ ចាន់​គា ប្រធាន​សមាគម​ការពា​រ​សិទ្ធមនុស្ស​អាដហុក​ប្រចាំខេត្ត​កំពង់ឆ្នាំង បាន​បញ្ជាក់ថា​៖ ករណីនេះ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក និង​អន្តរាគមន៍​ស្នើសុំ​អោ​យម​សមត្ថកិច្ច អាជ្ញាធរខេត្ត មន្ទីរ​សង្គមកិច្ច​ខេត្ត និង​មន្ទីរ​កិច្ចការនារី​ខេត្តកំពង់ឆ្នាំង​ជួយ​អន្តរាគមន៍ និង​ចាត់ការ​រឿងនេះ​ជាបន្ទាន់​ផង ព្រោះនេះ​ជាការ​ជួញដូរ​លើ​កម្លាំង​ពលកម្ម​របស់​កុមារ ដែលជា​ការរំលោភបំពាន​លើ​សិទ្ធិ​កុមារ​យ៉ាងធ្ងន់ធ្ងរ និង​បំពាន​លើ​ច្បាប់​ជួញដូរ​មនុស្ស​។​ ​ដោយឡែក ស្ត្រី​ឈ្មោះ ស៊ឹម ស៊ី​ណេង និង​កូនប្រុស​ឈ្មោះ​សាន់ ប៊ុនលី ហៅ​(​មាំ​ង​) អ្នកយកព័ត៌មាន​យើង​មិន​ស្គាល់​លេខ​ទូរស័ព្ទ​ពួកគាត់ ដើម្បី​ទាក់ទង​សុំ​ការបំភ្លឺ​បាន​នោះឡើយ​៕ ( សហការី )

KA-07-11-2015-15 KA-07-11-2015-16 ​ ​ ​