អ្នកស្រី មូរ សុខហួរ ត្រូវ​បាន​ជ្រើស​ជា​ជន​ឆ្នើម​ប្រចាំ​ឆ្នាំ​២០១៥​នៅ​អាមេរិក

អ្នកស្រី មូរ សុខហួរ តំណាងរាស្ត្រ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​បាន​សាកលវិទ្យាល័យ​ដ៏​ធំ​មួយ​នៅ​សហរដ្ឋអាមេរិក ជ្រើស​យក​ជា​ជន​ឆ្នើម​ប្រចាំ​ឆ្នាំ​២០១៥ ដោយសារ​អ្នកស្រី​ចូល​រួម​ដឹកនាំ​ចលនា​ទាមទារ​សិទ្ធិ​សេរីភាព និង​ជំរុញ​អោយ​ស្ត្រី​ចូល​រួម​ក្នុង​វិស័យ​នយោបាយ។ អ្នកស្រី​គឺ​ជា​ស្ត្រី​ខ្មែរ​ទី​មួយ​ដែល​សាកលវិទ្យាល័យ​រដ្ឋ​សាន់ហ្វ្រាន់ស៊ីស្កូ (San Francisco) ផ្ដល់​កិត្តិយស​នេះ។

នៅ​កម្ពុជា ក្រៅ​តែ​ពី​ជា​អ្នក​តំណាងរាស្ត្រ​នៃ​គណបក្ស​ប្រឆាំង អ្នកស្រី មូរ សុខហួរ ក៏​ត្រូវ​គេ​ស្គាល់​ថា ជា​អ្នក​ហ៊ាន​ប្ដឹង​តតាំង​នឹង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។ ជា​អ្នក​ដឹក​នាំ​យុទ្ធនា​ការ​រំដោះ​ទីលាន​ប្រជាធិបតេយ្យ រហូត​ដល់​អាជ្ញាធរ​ចាប់​អ្នកស្រី​ដាក់​គុក​ព្រៃស។ នៅ​កម្ពុជា​ដែរ អ្នកស្រី​ក៏​កំពុងតែ​ប្រឈម​មុខ​នឹង​ការ​ដក​អភ័យ​ឯក​សិទ្ធ​តំណាងរាស្ត្រ និង​អាច​ត្រូវ​គេ​ចាប់​ដាក់​គុក​ឡើង​វិញ​ទៀត ប្រសិនបើ​គណបក្ស​សង្គ្រោះ​ជាតិ​របស់​អ្នកស្រី មិន​សម្របសម្រួល​តាម​ផែនការ​ដែល​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ចង់​បាន ឬ​ក៏​គេ​ហៅ​តាម​ភាសា​ម្យ៉ាង​ទៀត​អោយ​ពីរោះ​ស្ដាប់​បន្តិច​ថា វប្បធម៌​សន្ទនា។​

នៅ​ឯ​ក្រុង​សាន់ហ្វ្រាន់ស៊ីស្កូ នៃ​សហរដ្ឋអាមេរិក ឯ​ណេះ​វិញ អ្នកស្រី មូរ សុខហួរ ត្រូវ​បាន​គេ​ទទួល​ស្គាល់ និង​ចាត់​ទុក​ថា ជា​បុគ្គល​ដ៏​ឆ្នើម​មួយ​រូប​ក្នុង​ការ​តស៊ូ​ដើម្បី​បុព្វហេតុ​លើក​ស្ទួយ​សិទ្ធិមនុស្ស និង​សិទ្ធិ​របស់​ស្ត្រី។ នៅ​ថ្ងៃ​សុក្រ ទី​៧ ខែ​វិច្ឆិកា នេះ សាកលវិទ្យាល័យ​រដ្ឋ​សាន់ហ្វ្រាន់ស៊ីស្កូ បាន​សម្រេច​ជ្រើសរើស​ជា​ផ្លូវការ ចាត់​ទុក​អ្នកស្រី​ថា ជា​ជន​គំរូ ជា​ជន​មាន​ស្នាដៃ​ល្បី​ឆ្នើម ហើយ​ឆ្លាក់​ឈ្មោះ​អ្នកស្រី​លើ​ជញ្ជាំង​កិត្តិយស​ជាមួយ​នឹង​វរជន​ល្បីៗ​ដទៃ​ទៀត​នៅ​សហរដ្ឋអាមេរិក។

គេ​បាន​រៀបចំ​ពិធី​លៀង​សាយភោជន៍​ដ៏​ធំ​សម្បើម​នៅ​ក្នុង​សណ្ឋាគារ​ដ៏​ល្អ​ដាច់​គេ​មួយ​នៃ​ក្រុង​សាន់ហ្វ្រាន់ស៊ីស្កូ ដើម្បី​ចូល​រួម​សាទរ​អ្នកស្រី​ដែល​បាន​ទទួល​កិត្តិយស​ដ៏​ប្រពៃ​នេះ។

(សំឡេង​ហៅ​ឈ្មោះ មូរ សុខហួរ និង​ស្នូរ​ទះដៃ)

ក្រោម​ស្នូរ​ទះដៃ​យ៉ាង​យូរ និង​កងរំពង អ្នកស្រី មូរ សុខហួរ បាន​ឡើង​ទៅ​លើ​វេទិកា​ទទួល​យក​គោរមងារ​កិត្តិយស​នេះ ដែល​គេ​ឆ្លាក់​លើ​ឈើ​ប្រណិត​មួយ​ផ្ទាំង។ បន្ទាប់​មក​អ្នកស្រី​បាន​ឡើង​ថ្លែង​ប្រាប់​អ្នក​ចូលរួម​ក្នុង​ពិធី​ដែល​មាន​គ្នា​ប្រមាណ​ជា ១​ពាន់​នាក់ ជា​ភាសា​អង់គ្លេស​ថា ការ​តស៊ូ​ទាមទារ​រក​យុត្តិធម៌​គឺ​ជា​ការ​ប្រែក្លាយ​ជនរងគ្រោះ​អោយ​ទៅ​ជា​ជន​តស៊ូ​ដើម្បី​ជីវិត​រស់​នៅ ហើយ​ជន​ដែល​តស៊ូ​ដើម្បី​ជីវិត​រស់​នៅ​ទាំង​នេះ ត្រូវ​ការ​តតាំង​ដើម្បី​អោយ​គេ​ស្ដាប់​ឮ​នូវ​ការ​ទាមទារ​របស់​ខ្លួន។ អ្នកស្រី​បន្ត​ថា ការ​កសាង​ប្រជាធិបតេយ្យ គឺ​ជា​ការ​ហ៊ាន​ងើប​តស៊ូ​ប្រឆាំង​ដោយ​មិន​ចុះ​ញ៉ម ដោយ​ឈរ​លើ​គោលការណ៍​ជាក់លាក់ នោះ​គឺ​គោលការណ៍​ការពារ​សិទ្ធិមនុស្ស និង​សិទ្ធិ​សេរីភាព ដែល​រួម​មាន​សិទ្ធិ​ក្នុង​ការ​បញ្ចេញ​មតិ និង​សិទ្ធិ​ក្នុង​ការ​និយាយ​ស្ដី។

នេះ​មិន​មែន​ជា​លើក​ទី​មួយ​ទេ ដែល​អ្នកស្រី មូរ សុខហួរ ទទួល​បាន​កិត្តិយស​លើ​ឆាក​អន្តរជាតិ​បែប​នេះ។ កាល​ពី​ឆ្នាំ​២០០៥ អ្នកស្រី​ធ្លាប់​ត្រូវ​បាន​គេ​ជ្រើសតាំង​ជា​បេក្ខជន​សម្រាប់​តំណែង​ជយលាភី​រង្វាន់​ណូបែល​សន្តិភាព ក្នុង​ចំណោម​បេក្ខនារី​ដ៏​ល្បីឈ្មោះ​នៅ​លើ​ពិភពលោក។

កាល​ពី ៣៩​ឆ្នាំ​មុន គឺ​នៅ​ឆ្នាំ​១៩៧៦ ក្នុង​វ័យ ២២​ឆ្នាំ អ្នកស្រី មូរ សុខហួរ បាន​ចូល​រៀន​នៅ​សាកលវិទ្យាល័យ​សាន់ហ្វ្រាន់ស៊ីស្កូ នេះ ផ្នែក​ចិត្តវិទ្យា។ បន្ទាប់​មក​ទៀត អ្នកស្រី​បាន​ទៅ​បន្ត​ការ​សិក្សា​ថ្នាក់​អនុ​បណ្ឌិត​នៅ​សាកលវិទ្យាល័យ​ដ៏​ល្បី​ឈ្មោះ​មួយ​ទៀត​ផ្នែក​កិច្ចការ​សង្គម។

ថ្វី​ត្បិតតែ​អ្នកស្រី​បាន​រៀន​ចប់​នៅ​សាកលវិទ្យាល័យ​នេះ​ជិត ៤០​ឆ្នាំ​ទៅ​ហើយ​ក្តី កេរ្តិ៍ឈ្មោះ​ និង​ស្នាដៃ​របស់​អ្នកស្រី ត្រូវ​គេ​ចងចាំ​និង​កត់សម្គាល់ ហើយ​ត្រូវ​គេ​ស្វះស្វែង​រក​អ្នកស្រី​ទាល់​តែ​ឃើញ ដើម្បី​លើក​សរសើរ និង​ផ្ដល់​កិត្តិយស​ជូន​ផ្ទាល់​តែម្ដង។

​នាយក​នៃ​ការិយាល័យ​ទំនាក់ទំនង​នៃ​សាកលវិទ្យាល័យ​សាន់ហ្វ្រាន់ស៊ីស្កូ លោក ដាក្លាស់ ចន ហ៊ុបគី (Douglas John Hupke) មាន​ប្រសាសន៍​ថា លោក​ខំ​ស្វះស្វែង​រក​អ្នកស្រី​គ្រប់​វិធី។ លោក​ថា លោក​មាន​លេខ​ទូរស័ព្ទ​ចាស់​ដែរ តែ​ហៅ​មិន​ចូល។ អាសយដ្ឋាន​សម្រាប់​ផ្ញើ​សំបុត្រ​ក៏​មិន​មាន។ លោក​ខំ​ស្វះស្វែង​រក​បួន​ប្រាំ​ឆ្នាំ ទើប​រក​អ្នកស្រី មូរ សុខហួរ ឃើញ​លើ​បណ្ដាញ​ទំនាក់ទំនង​ហ្វេសប៊ុក (Facebook)។

​លោក​បន្ត​ថា ការ​ដែល​រក​អ្នកស្រី​ឃើញ ហើយ​បាន​អញ្ជើញ​អ្នកស្រី​អោយ​មក​ទទួល​កិត្តិយស​ជា​ជន​ឆ្នើម​ឆ្លាក់​ឈ្មោះ​លើ​ជញ្ជាំង​កិត្តិយស​នេះ គឺ​ជា​មោទនភាព​របស់​សាកលវិទ្យាល័យ​លោក ត្បិត​ការ​បណ្ដុះបណ្ដាល  និង​គុណធម៌​ទាំង​ឡាយ​ដែល​សាលា​បាន​ផ្ដល់​អោយ ត្រូវ​បាន​អ្នកស្រី​យក​ទៅ​អនុវត្ត​ដើម្បី​បុព្វហេតុ​យុត្តិធម៌​សង្គម និង​ការ​ផ្លាស់ប្ដូរ។

​ក្នុង​ទឹក​មុខ​ពោរពេញ​ទៅ​ដោយ​មោទនភាព អ្នកស្រី មូរ សុខហួរ ថ្លែង​ប្រាប់​អ្នក​ចូល​រួម​អបអរសាទរ​អ្នកស្រី​ថា អ្នកស្រី​ត្រូវ​អាជ្ញាធរ​ចាប់​ដាក់​ពន្ធនាគារ ដោយសារ​តែ​អ្នកស្រី​ហ៊ាន​ងើប​តតាំង​ជាមួយ​លោក​នាយករដ្ឋមន្ត្រី ទាមទារ​អោយ​គេ​បើក​ទីលាន​ប្រជាធិបតេយ្យ​ឡើង​វិញ ដែល​គេ​បាន​បិទ បន្ទាប់​គណបក្ស​សង្គ្រោះ​ជាតិ បាន​នាំ​គ្នា​ធ្វើ​បាតុកម្ម​ដោយ​មាន​ក្រុម​បាតុករ​ចូល​រួម​រាប់​សែន​នាក់ ពេល​ខ្លះ​ឡើង​ដល់​ខ្ទង់​លាន​នាក់។ អ្នកស្រី​បន្ត​ថា នេះ​គឺ​មក​ពី​ប្រជាពលរដ្ឋ ជាពិសេស​យុវជន​ចង់​មាន​ការ​ផ្លាស់ប្ដូរ។

​នៅ​ចុង​បញ្ចប់​នៃ​សន្ទរកថា​ប្រមាណ​បី​នាទី​របស់​អ្នកស្រី អ្នកស្រី​មាន​ប្រសាសន៍​ទាំង​អួល​ដើមក​ម្តងៗ​ថា អ្វី​ដែល​អ្នកស្រី​ទទួល​បាន​នៅ​ពេល​នេះ អ្នកស្រី​សូម​ឧទ្ទិស​ជា​ពិសេស​ដល់​មិត្ត​រួម​ការងារ និង​សហការី​របស់​អ្នកស្រី ដែល​កំពុង​ជាប់​ពន្ធនាគារ​នៅ​ឯ​ប្រទេស​កម្ពុជា ដោយសារ​តែ​ពួកគេ​មិន​ព្រម​ចុះ​ញ៉ម​នឹង​ការ​ជិះជាន់​គាប​សង្កត់ និង​ប្រជាធិបតេយ្យ​ដែល​មាន​តែ​ឈ្មោះ​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។