បក្ស​ប្រឆាំង​រិះគន់​ចំពោះ​ការ​ដំឡើង​ថវិកា​ជាតិ​ឆ្នាំ​២០១៦

គណៈកម្មការ​សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និង​សវនកម្ម ឬ​ហៅ​ថា គណៈកម្មការ​ទី​២ នៃ​រដ្ឋសភា មាន​ផែនការ​កោះ​ហៅ​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន មក​សាកសួរ​រឿង​ថវិកា​ជាតិ​នៅ​ថ្ងៃ​ទី​១១ ខែ​វិច្ឆិកា សប្ដាហ៍​ក្រោយ។

ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ដំឡើង​ថវិកា​ជាតិ​បន្ថែម​សម្រាប់​ឆ្នាំ​២០១៦ ដែល​មាន​ទឹក​ប្រាក់​ស្មើ​ប្រហែល​ជាង ៤.២៧៣​លាន​ដុល្លារ​សហរដ្ឋអាមេរិក។ ចំនួន​នេះ មាន​ការ​កើន​ឡើង ២​ដង បើ​ធៀប​ការ​គ្រប់គ្រង​ថវិកា​ជាតិ​កាល​ពី​ឆ្នាំ​២០១៥។ ក៏​ប៉ុន្តែ​គណបក្ស​ជំទាស់​វិញ រិះគន់​ថា ការ​ដំឡើង​ថវិកា​ជាតិ​សម្រាប់​ឆ្នាំ​ថ្មី​ទៀត​នេះ នឹង​ពុំ​អាច​ធ្វើ​ឲ្យ​មាន​ភាព​ប្រសើរ​ឡើយ ថ្វី​បើ​ចំនួន​ថវិកា​ជាតិ​ត្រូវ​បាន​រដ្ឋាភិបាល​សម្រេច​ដំឡើង​យ៉ាង​ណា​ក៏ដោយ។

មន្រ្តី​គណបក្ស​ជំទាស់​លើក​ឡើង​នូវ​បញ្ហា​មួយ​ចំនួន ជា​មូលហេតុ​ដែល​គណបក្ស​នេះ​ពុំ​បាន​សាទរ​ចំពោះ​ការ​ព្យាយាម​ដំឡើង​ថវិកា​ជាតិ​បន្ថែម​សម្រាប់​ការ​គ្រប់គ្រង​ក្នុង​ឆ្នាំ​ថ្មី​នេះ​ឡើយ។

លោក សុន ឆ័យ សមាជិក​សភា​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​អនុប្រធាន​គណៈកម្មការ​សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និង​សវនកម្ម​នៃ​រដ្ឋ​សភា​ផង យល់​ឃើញ​ថា ការ​ដែល​រដ្ឋាភិបាល​ព្យាយាម​ដំឡើង​ថវិកា​ជាតិ​បន្ថែម​ទៀត​នេះ វា​ពុំ​មែន​ជា​រឿង​ដែល​ចម្លែក​នោះ​ឡើយ ក៏ប៉ុន្តែ​អ្វី​ដែល​ជា​បញ្ហា​ពី​មួយ​ឆ្នាំ​ទៅ នៅ​ត្រង់​ថា ការ​ចំណាយ និង​ចំណូល​នៅ​តែ​មិន​មាន​ភាព​ស្មោះត្រង់ និង​ខ្វះ​តម្លាភាព​ដដែល។ បន្ថែម​ពី​លើ​នេះ​ទៀត បើ​ទោះ​ជា​រដ្ឋាភិបាល​បង្ហាញ​ពី​ទំហំ​នៃ​ការ​ប្រមូល​ពន្ធ​បាន​ច្រើន​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​ក៏ដោយ ក៏​កម្ពុជា នៅ​តែ​បន្ត​ខ្ចី​លុយ​បន្ថែម​ពី​បរទេស​ក្នុង​ទំហំ​ទឹក​ប្រាក់​ដ៏​ច្រើន​លើសលប់​នៅ​ឡើយ៖ «»។

តំណាងរាស្ត្រ​គណបក្ស​ជំទាស់ លោក ងឹម ញ៉េង បាន​ថ្លែង​ថា សម្រាប់​ច្បាប់​ថវិកា​ជាតិ ដែល​អនុម័ត​ឲ្យ​ខ្ចី​លុយ​ពី​បរទេស គឺ​កំណត់​ត្រឹម ១៨០​ពាន់​លាន​លាន​រៀល​ប៉ុណ្ណោះ។ ក៏ប៉ុន្តែ​រដ្ឋាភិបាល​បច្ចុប្បន្ន​នេះ​វិញ បាន​ខ្ចី​លើស​ចំនួន​កំណត់​រហូត​ដល់​ទៅ​ជាង ២៨០​ពាន់​លាន​លាន​រៀល ដែល​ស្មើ​ប្រមាណ ១៥៥,៩​ភាគរយ ដែល​ជា​កំណើន​នៃ​កម្ចី​ដ៏​ខ្ពស់​ពី​ច្បាប់​កំណត់។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​រដ្ឋ​សភា​អោយ​ដឹង​ថា លោក ជាម យៀប ប្រធាន​គណៈកម្មការ​ទី​២​រដ្ឋ​សភា បាន​ប្រជុំ​ផ្ទៃក្នុង​គណៈកម្មការ​ដើម្បី​ពិនិត្យ​សិក្សា​លើ​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​ហិរញ្ញវត្ថុ​សម្រាប់​ការ​គ្រប់គ្រង​ឆ្នាំ​២០១៦ នៅ​ព្រឹក​ថ្ងៃ​ទី​៦ ខែ​វិច្ឆិកា ឆ្នាំ​២០១៥។ គណៈកម្មការ​នេះ​នឹង​ជួប​លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ នៅ​ថ្ងៃ​ទី​១១ ខែ​វិច្ឆិកា ឆ្នាំ​២០១៥ ខាង​មុខ ដើម្បី​ពិភាក្សា​ចម្ងល់​ផ្សេងៗ មុន​នឹង​បញ្ជូន​ត្រឡប់​ទៅ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋ​សភា​សម្រេច​ដាក់​បញ្ចូល​ក្នុង​របៀបវារៈ​សម័យ​ប្រជុំ​ពេញ​អង្គ​រដ្ឋសភា។

សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​ហិរញ្ញវត្ថុ​សម្រាប់​ការ​គ្រប់គ្រង​ថវិកា​ជាតិ​ឆ្នាំ​២០១៦ បាន​ផ្សព្វផ្សាយ​កាល​ពី​ថ្ងៃ​ទី​២១ ខែ​តុលា ក្រោយ​កិច្ច​ប្រជុំ​គណៈរដ្ឋមន្ត្រី​បាន​បិទ​បញ្ចប់​ឲ្យ​ដឹង​ថា រដ្ឋាភិបាល​គ្រោង​បង្កើន​ថវិកា​ជាតិ សម្រាប់​ការ​ចំណាយ​ក្នុង​ឆ្នាំ​២០១៦ ប្រមាណ ១៧លាន​លាន  (១៧.៤៦២.៤៧៧) រៀល ដែល​ស្មើ​ប្រហែល​ជាង ៤.២៧៣​លាន​ដុល្លារ​សហរដ្ឋអាមេរិក ឬ ១៦,១​ភាគរយ។ តួលេខ​នេះ បើ​ប្រៀបធៀប​សេចក្ដី​ព្រាង​ច្បាប់​ថវិកា​ជាតិ​ឆ្នាំ​២០១៥ វិញ បាន​កំណត់​ការ​ចំណាយ​ថវិកា​រដ្ឋ​សរុប​ចំនួន​ត្រឹម ១៥​លាន​លាន​រៀល ស្មើ​ប្រមាណ​ជិត ៤​ពាន់​លាន​ដុល្លារ។ ការ​ចំណាយ​នេះ មាន​កំណើន​ជិត ១១​ភាគរយ ធៀប​នឹង​ច្បាប់​ស្ដីពី​ហិរញ្ញវត្ថុ​ឆ្នាំ​២០១៤ ដែល​រដ្ឋ​ត្រូវ​ចាយ​ប្រាក់​ប្រមាណ​តែ​ជាង ៣​ពាន់​លាន​ដុល្លារ​ប៉ុណ្ណោះ​នោះ។

វិទ្យុ​អាស៊ីសេរី ពុំ​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​ជុំវិញ​រឿង​នេះ​ពី​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន បាន​ទេ។ ដោយ​ឡែក​លោក ជាម យៀប ប្រធាន​គណៈកម្មការ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​នៃ​រដ្ឋសភា​វិញ ក៏​ពុំ​អាច​សុំ​ការ​អត្ថាធិប្បាយ​បាន​ដែរ នៅ​ថ្ងៃ​ទី​៧ ខែ​វិច្ឆិកា។

លោក សន ជ័យ តំណាង​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​អាស៊ី​បូព៌ា និង​ប៉ាស៊ីហ្វិក មើល​ឃើញ​ថា បញ្ហា​ដែល​កើត​ឡើង​មិន​ចេះ​ចប់​នេះ ដោយសារ​តែ​ភាព​អន់ថយ និង​កង្វះ​សមត្ថភាព​នៃ​ក្រុម​សវនកម្ម​ជាតិ។ លោក​បន្ត​ថា គេ​ពិត​ជា​ពិបាក​ស្វែង​រក​ព័ត៌មាន​លម្អិត​ណាស់ ដើម្បី​ផ្ទៀងផ្ទាត់​ភាព​ខុស​គ្នា​រវាង​ចំណូល និង​ចំណាយ។ មិន​តែ​ប៉ុណ្ណោះ​លោក​អះអាង​ថា មាន​ឆ្នាំ​ខ្លះ របាយការណ៍​គេ​ទុក​ចោល​រហូត ២​ឆ្នាំ ទើប​ឃើញ​បញ្ចេញ​ក៏​មាន​ដែរ។ ហេតុ​នេះ ធ្វើ​ឲ្យ​ការ​គ្រប់គ្រង​អភិបាលកិច្ច​នៅ​ថ្នាក់​មូលដ្ឋាន​នៅ​តែ​ពុំ​អាច​ដំណើរ​ការ​ទៅ​មុខ​បាន៖ «»។

កិច្ច​ប្រជុំ​គណៈរដ្ឋមន្ត្រី​ដែល​ធ្វើ​ឡើង​ខុស​ថ្ងៃ​ធម្មតា កាល​ពី​ថ្ងៃ​ទី​២១ ខែ​តុលា គឺ​ថវិកា​ជាតិ​ដែល​អនុម័ត​រួច​ហើយ​នេះ នឹង​បម្រើ​ឲ្យ​សេចក្ដី​ត្រូវ​ការ​លើ​ផ្ដោត​លើ​វិស័យ​ជា​អាទិភាព​ចំនួន ៤ រួម​មាន ការ​អភិវឌ្ឍ និង​បណ្ដុះបណ្ដាល​បច្ចេកទេស​វិជ្ជាជីវៈ ដោយ​ផ្ដោត​លើ​យុវជន​ជាពិសេស។ ការ​បន្ត​វិនិយោគ​លើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត និង​ការ​កែ​លម្អ​ថែម​ទៀត កិច្ច​សម្រួល​ពាណិជ្ជកម្ម។ ការ​បន្ត​អភិវឌ្ឍន៍​វិស័យ​កសិកម្ម និង​ចុង​ក្រោយ​ការ​ពង្រឹង​អភិបាលកិច្ច និង​សមត្ថភាព​នៃ​ស្ថាប័នរដ្ឋ។

បើ​ទោះ​ជា​បែប​នេះ​ក៏ដោយ​ចុះ លោក សុន ឆ័យ រិះគន់​ថា ការ​ចំណាយ​ថវិកា​កន្លង​ទៅ នៅ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​ចាយ​លើស​កំណត់​រហូត​ដល់​ទៅ​ពី ២០០ ទៅ ៣០០​ដង​នៃ​ថវិកា​ជាតិ​ដែល​បាន​អនុម័ត​រួច​ម្ដងៗ។ លោក​បន្ថែម​ទៀត​ថា សព្វថ្ងៃ​រដ្ឋាភិបាល​កម្ពុជា នៅ​ជំពាក់​បំណុល​បរទេស​ប្រមាណ ៩​ពាន់​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក​នៅ​ឡើយ។ ជា​រៀង​រាល់​ឆ្នាំ​ដើម្បី​អាច​អនុម័ត​ថវិកា​ជាតិ គឺ​រដ្ឋាភិបាល​ត្រូវ​ខ្ចី​លុយ​ពី​បរទេស​បន្ថែម​ដើម្បី​យក​មក​គម្រប់​ការ​គ្រប់គ្រង​ថវិកា​ជាតិ​ម្ដងៗ ពី​លើ​ចំណូល​ពន្ធ​ដែល​​​ប្រមូល​បាន​ចំនួន ១​ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក។ ទន្ទឹម​នឹង​នេះ រដ្ឋាភិបាល​ត្រូវ​សង​បំណុល​វិញ​ដោយ​គិត​ត្រឹម​ការ​ប្រាក់​ប្រមាណ​ជាង ២០០​លាន​ដុល្លារ។

លោក សុន ឆ័យ មើល​ឃើញ​ថា មូលហេតុ​ដែល​នាំ​ឲ្យ​កម្ពុជា បន្ត​ខ្ចី​លុយ​បន្ថែម​ក្នុង​ទំហំ​ទឹក​ប្រាក់​ដ៏​ច្រើន​បែប​នេះ​ពី​បរទេស ដោយសារ​ការ​ប្រមូល​ពន្ធ​ពុំ​មាន​តម្លាភាព ក្នុង​នោះ​ចំណូល​បាន​ពី​អង្គរ មិន​មាន​របាយការណ៍ ដី​សម្បទាន​សេដ្ឋកិច្ច ចំណូល​ព្រៃឈើ និង​ចំណូល​ពី​បនល្បែង​កាស៊ីណូ ជាដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។