លោក ហ៊ុន សែន ណែនាំ​​​មន្ត្រី​​​ឲ្យ​យក​ចិត្ត​ទុក​ដាក់​ដោះស្រាយ​បញ្ហា​ជូន​ពលរដ្ឋ

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ណែនាំ​ជា​ថ្មី​ទៀត​អោយ​មន្ត្រី​ក្រោម​ឱវាទ ជាពិសេស​មន្ត្រី​នៅ​តាម​មូលដ្ឋាន ដូចជា មេ​ភូមិ មេ​ឃុំ ចៅហ្វាយ​ស្រុក ចៅហ្វាយ​ខេត្ត យក​ចិត្ត​ទុក​ដាក់ និង​ដោះស្រាយ​បញ្ហា​ផ្សេងៗ​ជូន​ប្រជាពលរដ្ឋ។

តាម​រយៈ​សារ​នៅ​ក្នុង​ទំព័រ​ហ្វេសប៊ុក (Facebook) នៅ​ថ្ងៃ​ទី​៧ ខែ​វិច្ឆិកា លោក ហ៊ុន សែន ក៏​បាន​ដាស់​តឿន​ជា​ថ្មី​ទៀត​អោយ​មន្ត្រី​ត្រូវ​ងូត​ទឹក ដុសក្អែល ឆ្លុះ​កញ្ចក់ ព្យាបាល​មើល​ខ្លួន​ឯង​អោយ​ច្បាស់។ លោក​ព្រមាន​ថា បើ​ពុំ​នោះ​សោត មន្ត្រី​ទាំង​នោះ​នឹង​មិន​មាន​ឱកាស​បម្រើ​ប្រជាពលរដ្ឋ​ទៀត​ឡើយ។

លោក ហ៊ុន សែន ក៏​បាន​បញ្ជាក់​ដែរ​ថា កន្លង​ទៅ​ទំនាក់ទំនង​រវាង​លោក និង​ប្រជាពលរដ្ឋ​តាម​រយៈ​បណ្ដាញ​សង្គម​ហ្វេសប៊ុក មាន​ពលរដ្ឋ​ផ្ញើ​ព័ត៌មាន​ផ្សេងៗ រូបថត សំឡេង របាយការណ៍​ដែល​លោក​មិន​ធ្លាប់​ដឹង ឬ​ឮ​ពី​មុន ហើយ​លោក​ក៏​បាន​ដោះស្រាយ​បញ្ហា​មួយ​ចំនួន​ដល់​ពលរដ្ឋ​ដែល​ជួប​រឿង​អយុត្តិធម៌​ដោយ​មន្ត្រី​ខិលខូច។

បើ​ទោះ​ជា​យ៉ាងណា កន្លង​ទៅ​ប្រសាសន៍​បែប​នេះ​​របស់​លោក​នាយករដ្ឋមន្ត្រី តែង​ទទួល​បាន​ការ​សាទរ ប៉ុន្តែ​ក៏​ត្រូវ​គេ​មើល​ឃើញ​ថា ពុំ​សូវ​មាន​ប្រសិទ្ធភាព​ឡើយ ឬ​គ្រាន់​ជា​ការ​លើក​ឡើង​ដើម្បី​លួង​ចិត្ត​ពលរដ្ឋ​នៅ​មុន​ការ​បោះ​ឆ្នោត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។