អ៊ុង​សាន​ស៊ូ​ជី​៖ បើ​ប្រជាជន​នៅ​ខ្លាច​ការផ្លាស់ប្តូរ​ក្នុងការ​បោះឆ្នោត ពួកគេ​នឹង​នៅ​ភ័យខ្លាច​រហូត​

​មេបក្ស​ប្រឆាំង​មី​យ៉ាន់​ម៉ា លោកស្រី អ៊ុង​សាន ស៊ូ​ជី បាន​ផ្ញើ​សារ​នយោបាយ​មួយ​យ៉ាងច្បាស់​ទៅកាន់​ប្រជាជន រស់នៅក្នុង​កោះ Coco ដែល​ស្ថិតក្នុង​មហាសមុទ្រ​ឥណ្ឌា និង​ជនជាតិ​រួម​ជាតិ​ឯទៀត ជុំវិញ​ការបោះឆ្នោត ដើម្បី​ឈានទៅ​ផ្លាស់ប្តូរ​នៅ​ថ្ងៃអាទិត្យ​នេះ​។ លោកស្រី​ថ្លែងថា ដើម្បី​ឃើញ​ការផ្លាស់ប្តូរ​ពិតប្រាកដ ប្រជាជន​មិនគួរ​ភ័យខ្លាច​ឡើយ​។ ពួកគេ​នឹង​បន្ត​រស់នៅក្នុង​ភាពភ័យខ្លាច​កាន់តែ​យូរ បើ​មិន​ហ៊ាន​ជម្នះ​ភាពភ័យខ្លាច​ក្នុងការ​បោះឆ្នោត​ពេលនេះ​ទេ​។

​ខណៈ​ការបោះឆ្នោត​សកល​កាន់តែ​ជិត​មកដល់ ប្រធាន​បក្សប្រឆាំង​មី​យ៉ាន់​ម៉ា និង​ជា​ម្ចាស់​ពានរង្វាន់​ណូបែល​សន្តិភាព លោកស្រី អ៊ុង​សាន ស៊ូ​ជី បាន​ចេញមុខ​អំពាវនាវ​ឲ្យ​អ្នកបោះឆ្នោត​នៅលើ​កោះ Coco បោះឆ្នោត​ផ្លាស់ប្តូរ​អ្នកនយោបាយ​បច្ចុប្បន្ន ដោយ​ជម្នះ​ឲ្យ​បាន​នូវ​ភាពភ័យខ្លាច​និង​ការគំរាមកំហែង​ជាដើម​។ ការបោះឆ្នោត​ជា​ប្រវត្តិសាស្ត្រ​នា​ថ្ងៃស្អែក​នេះ គឺជា​វិញ្ញាសារ​ពិសេស និង​ជា​ប្រវត្តិសាស្ត្រ សម្រាប់​សាកល្បង​ប្រជា​ធិ​តេ​យ្យូ​ប​នីយកម្ម​នៅ​មី​យ៉ាន់​ម៉ា និង​ជា​ពេលដែល​ប្រជាជន​មី​យ៉ាន់​ម៉ា កំណត់​ជោគវាសនា​របស់​ប្រទេសជាតិ​ខ្លួន​ដែរ​។

​ក្នុង​សារ​នយោបាយ​ផ្ញើ​ជូនទៅ​ប្រជាជន​នៃ​កោះ Coco ក៏ដូចជា​ប្រជាជន​មី​យ៉ាន់​ម៉ា​ទូទៅ លោកស្រី ស៊ូ​ជី បាន​សង្កត់ធ្ងន់ថា បើសិនជា​ប្រជាជន​នៅតែ​ភ័យខ្លាច មិន​ហ៊ាន​ផ្លាស់ប្តូរ តាមរយៈ​ការបោះឆ្នោត​ពេលនេះ ពួកគេ​នឹង​បន្ត​ស្ថិតក្នុង​ភាពភ័យខ្លាច​ជា​រៀងរហូត​។ លោកស្រី​ថា​៖ «​តើ​មានអ្វីដែល​ពួកគេ​ភ័យខ្លាច​? ដើម្បី​ឃើញ​ការផ្លាស់ប្តូរ​មួយ​ពិតប្រាកដ ប្រជាជន​នៅលើ​កោះ​មិនគួរ​ភ័យខ្លាច​ទេ​។ ហើយ​បើ​ភ័យខ្លាច​ពេលនេះ ពួកគេ​នឹង​បន្ត​រស់នៅ​ជាមួយ​ភាពភ័យខ្លាច​កាន់តែ​យូរ​»​។ កាលពី​ដើមខែ​នេះ លោកស្រី ស៊ូ​ជី ក៏បាន​ប្រាប់​កុំ​ឲ្យ​ប្រជាជន​ខ្វាយខ្វល់​ចំពោះ​ការគំរាមកំហែង ការបំភ័យ ការ​ញុះញង់ ក្នុងការ​ឃោសនា​បោះ​ឆ្នោត ពី​សំណាក់​អាជ្ញាធរ ដែល​កើតមាន​មុន​បោះឆ្នោត​ផងដែរ​។ មាន​ការ​ប្តូរ​ពីមក​ជ្រើស​បក្ស​ប្រឆាំង​ប៉ុណ្ណោះ​ដែល​អាច​ជួយឲ្យ​មីយ៉ាន់ម៉ា​ផ្លាស់​ប្តូរ​ពិត​ប្រាកដ។

​លើសពីនេះ លោកស្រី​ក៏បាន​ផ្តាំផ្ញើ​ឲ្យ​ប្រជាជន​ទាំងអស់ ប្រមូល​ភស្តុតាង និង​កត់សម្គា​ល់​រាល់​សកម្មភាព​គំរាមកំហែង​នានា ដែល​កើតឡើង​ក្នុងពេល​បោះឆ្នោត ដើម្បី​ដាក់ពាក្យ​ប្តឹង​គណៈកម្មការ​រៀបចំ​កា​របោះ​ឆ្នោត​សហភាព​មី​យ៉ាន់​ម៉ា​។​តាមពិតទៅ​កោះ Coco ជា​កោះ​តូច​មួយ​របស់​មី​យ៉ាន់​ម៉ា ដែល​ស្ថិតនៅក្នុង​មហាសមុទ្រ​ឥណ្ឌា​។  បើតាម​គណកម្មកា​ររៀបចំ​ការ​បោះ​ឆ្នោត នៅលើ​កោះ​នេះ មាន​អាសនៈ​ប្រហែល​១​ប៉ុណ្ណោះ​។ ប៉ុន្តែ​ដោយសារ​វា​ជា​តំបន់​ដាច់ស្រយាល នៅ​ឆ្ងាយ​ពី​ភ្នែក​ច្រមុះ​របស់​អ្នកសង្កេតការណ៍ គេ​ភ័យខ្លាច​ថា ការគំរាមកំហែង ឬ​កេង​បន្លំ​សន្លឹកឆ្នោត នឹង​កើតមានឡើង​ច្រើន​ដែរ​។​ 

​ជុំវិញ​ភាពមិនប្រក្រតី​ក្នុងការ​បោះឆ្នោត​នេះ បេក្ខជន​តំណាងរាស្ត្រ​បក្សប្រឆាំង ប្រចាំ​មណ្ឌលបោះឆ្នោត​កោះ COco  លោក Win Min ក៏បាន​ស្នើសុំ​ឲ្យ​មានការ​បញ្ជូន​អ្នក​អង្កេត​ការណ៍​មកកាន់​កោះ​នេះដែរ​។ លោក​ថា ថ្វីបើ​អាសនៈ​តំណាង​កោះមាន​តែមួយ  តែ​លោក​មិន​សង្ឃឹមថា ការបោះឆ្នោត​មាន​យុត្តិធម៌ និង​សេរី​នោះឡើយ បើសិន​គ្មាន​អ្នក​អង្កេត​ការណ៍ ជា​ភ្នែក​ជា​ច្រមុះ​​សម្រាប់​ពិនិត្យ​ដំណើរ​ការ​នៃ​ការ​បោះឆ្នោត។

​ភាពមិនប្រក្រតី ការគំរាមកំហែង និង​ការទិញ​សន្លឹកឆ្នោត អាច​នឹង​កើតមានឡើង​ច្រើន​ក្នុងការ​បោះឆ្នោត​ជា​លើកដំបូង តាមបែប​ប្រជាធិបតេយ្យ​នៅ​មី​យ៉ាន់​ម៉ា​ថ្ងៃអាទិត្យ​នេះ​។ ហើយ​អ្វីដែល​គួរ​ឲ្យ​បារម្ភ គឺ​លទ្ធផល​នៃ​ការបោះឆ្នោត និង​ស្ថានការណ៍​ក្រោយ​ការបោះឆ្នោត​។ គេ​ជឿថា​បក្សប្រឆាំង​លោកស្រី ស៊ូ​ជី ជា​បក្ស​ដែល​នឹង​ទទួលបាន​ការគាំទ្រ​ភ្លូកទឹកភ្លូកដី អាច​គ្រប់គ្រង​សភា​បាន​ពេញដៃពេញជើង និង​អាច​ឈានទៅ​កែទម្រង់​ពិតប្រាកដ​នៅ​មី​យ៉ាន់​ម៉ា​។ ប៉ុន្តែ​ការ​ឈ្នះឆ្នោត បាន​សំឡេង​ច្រើ​ជាង​៦០​ភាគរយ​របស់​បក្សប្រឆាំង ជា​អ្វីដែល​បក្ស​កាន់អំណាច និង​ឧ​ត្ត​ម​សេនីយ៍​យោធា​មួយចំនួន​មិន​ចង់ឃើញ​។

​ប្រធានាធិបតី​ជិត​ផុត​អាណត្តិ​លោក ថេ​ន សេន អះអាងថា​ក្រុម​យោធា និង​បក្ស​កាន់អំណាច​នឹង​គោរព​លទ្ធផល​បោះឆ្នោត ទោះជា​លទ្ធផល​បែបនេះ​ក៏ដោយ​។ ប៉ុន្តែ​គេ​មិនអាច​ទុកចិត្ត​បានឡើយ​ចំពោះ​ពាក្យសម្តី​ប្រមុខរដ្ឋ​មី​យ៉ាន់​ម៉ា និង​ក្រុម​យោធា​ដែល​ធ្លាប់​សោយសុខ និង​កាន់តំណែង​នយោបាយ​អស់​ពេល​ជា​យូរ​មកហើយ​នោះ​។ ហើយ​ម្យ៉ាង បក្ស​កាន់អំណាច​ទើប​ផ្ញើ​សារ​នយោបាយ​ព្រមាន​ប្រជាជន ពី​សង្គ្រាម​បង្ហូរឈាម​គ្នា ដែល​នឹង​អាច​ផ្ទុះឡើង​ក្រោយ​ខ្លួន​ចាញ់ឆ្នោត​ផង​។ បើតាម​ការសន្និដ្ឋាន​ជារួម បក្ស​កាន់អំណាច​ចង់​ប្រាប់​ទៅ​ប្រជាជន​ថា មានតែ​បក្ស​ដែលមាន​បណ្តុំ​ក្រុម​ឧ​ត្ត​ម​សេនីយ៍​យោធា​របស់ខ្លួន​ប៉ុណ្ណោះ ដែលមាន​បទពិសោធន៍​នយោបាយ និង​សមត្ថភាព​អាច​គ្រប់គ្រង​ទឹកដី  ដែល​ចម្រុះ​ដោយ​ជនជាតិភាគតិច​១៣៥​ក្រុម បូក​បន្ថែម​ជាមួយ​ក្រុម​ប្រជាជន​ម៉ូ​ស្លី​ម​រ៉ូ​ហ៊ីង​យ៉ា​ផង​នោះ​៕