មូលនិធិ​ជប៉ុន បង្កើត​ការិយាល័យ​ទំនាក់ទំនង​ភ្នំពេញ ពង្រឹង​វិស័យ​សិល្បៈ និង​ភាសា​ជប៉ុន​

​រដ្ឋាភិបាល​ជប៉ុន បានសម្រេច​បង្កើត​ការិយាល័យ​ទំនាក់ទំនង​ភ្នំពេញ របស់​មជ្ឈមណ្ឌល អាស៊ី នៃ​មូលនិធិ​ជប៉ុន​នៅក្នុង​ប្រទេស​កម្ពុជា​។

​ពិធី​ចុះហត្ថលេខា បង្កើត​ការិយាល័យ​ទំនាក់ទំនង​នេះ ត្រូវបាន​ធ្វើឡើង​កាលពី​រសៀល​ថ្ងៃទី​៥ ខែវិច្ឆិកា នៅ​ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា រវាង​លោក ពិត ចំណាន រដ្ឋលេខាធិការ​ក្រសួង​អប់រំ​យុវជន និង​កីឡា លោក សំរាំង កំសាន្ត រដ្ឋលេខាធិការ​ក្រសួង វប្បធម៌ និង​វិចិត្រសិល្បៈ ជាមួយ​លោក អាន​ដូ ហ៊ី​រ៉ូ​យ៉ា​ស៊ុ​(ANDO Hiroyasu) ប្រធាន​មូលនិធិ​ជប៉ុន​។

​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​ជប៉ុន ប្រចាំ​កម្ពុជា ការិយាល័យ​ទំនាក់ទំនង​នេះ នឹង​ផ្តល់នូវ​សកម្មភាព​ចម្បង​២ គឺ​១. កម្មវិធី​ផ្លាស់ប្តូរ​ក្នុង​វិស័យ​សិល្បៈ ការសម្តែង​សិល្បៈ ភាពយន្ត និង​កីឡា​ជាដើម និង​ទី​២. ការអប់រំ​ភាសា​ជប៉ុន ដូចជា​ប​ញ្ចូ​ន​ដៃគូ NIHONGO (​ភាសា​ជប៉ុន​) ដើម្បី​គាំទ្រ​គ្រូបង្រៀន​ភាសា​ជប៉ុន​។​

​គោលនយោបាយ​ថ្មី​របស់​រាជរដ្ឋាភិបាល​ជប៉ុន ស្តីពី​ការផ្លាស់ប្តូរ​វប្បធម៌​ជាមួយ​បណ្តា​ប្រទេស​អាស៊ាន ដែល​ត្រូវបាន​គេ​ឲ្យ​ឈ្មោះថា​«​គម្រោង​WA-​ឆ្ពោះទៅកាន់​អន្តរ​កម្ម​អាស៊ី​» មជ្ឈមណ្ឌល​អាស៊ី​នៃ​មូលនិធិ​ជប៉ុន ក៏ត្រូវ​បង្កើន​ឡើង​កាលពី​ខែមេសា ឆ្នាំ​២០១៤ ដើម្បី​ផ្សព្វផ្សាយ និង​ពង្រឹង​ទំនាក់ទំនង​នៃ​ការផ្លាស់ប្តូរ​វប្បធម៌​រវាង​ប្រទេស​ជប៉ុន និង​បណ្តា​ប្រទេស​អាស៊ាន ណិ​ង​ឆ្ពោះទៅរក​ការប្រកួត​កីឡា​អូឡាំពិក និង​ប៉ា​រ៉ា​ពិ​ក នៅ​ក្រុង​តូ​ក្យូ ឆ្នាំ​២០២០​ខាងមុខ​។​

​សូមបញ្ជាក់ថា មូលនិធិ​ជប៉ុន គឺជា​អង្គការ​របស់​រាជរដ្ឋាភិបាល ដែល​ត្រូវបាន​បង្កើតឡើង​ក្នុង​ឆ្នាំ​១៩៧២ ក្នុង​បំណង​លើកកម្ពស់​ការផ្លាស់ប្តូរ​វប្បធម៌​អន្តរជាតិ​។ មូលនិធិ​ជប៉ុន​បាន​អនុវត្តន៍​កម្មវិធី​នៅ​គ្រប់​តំបន់​ទាំងអស់ នៃ​ពិភពលោក តាមរយៈ​ការិយាល័យ​នៅក្រៅ​ប្រទេស​ចំនួន​២២ ក្នុងប្រទេស​ចំ​នយន​២១ ដែល​រួមមាន​ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន ថៃ វៀតណាម និង​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ាន​៕

​ប្រភព​៖AKP