នារី​ជនជាតិ​ឥណ្ឌា​ដ៏​អភ័ព្វ​ម្នាក់​កើតមក គ្មាន​មុខ គ្មាន​ភ្នែក គ្មាន​ច្រមុះ​

​នារី​វ័យក្មេង​ជនជាតិ​ឥណ្ឌា​ម្នាក់​ត្រូវ​រស់នៅ​ដោយ​គ្មាន​មុខ ភ្នែក និង​ច្រមុះ​ទេ ហើយ​នាង​ក៏​មិនអាច​ធ្វើការ​វះកាត់​បង្កើត​មុខមាត់​បានដែរ​។ គ្រូពេទ្យ​បាន​ព្រមាន​ថា ការវះកាត់​អាច​នឹង​ឆក់យក​ជីវិត​នាង​។ ពួកគេ​សង្ស័យថា នៅត្រង់​មុខ​របស់​នាង​អាច​បង្កប់​នូវ​ដុំ​សាច់​នៃ​ជំងឺមហារីក​។​

Khadija Khatoon អាយុ ២១ ឆ្នាំមាន​ដុំ​សាច់​កំពីកកំពក​ជាច្រើន​បិទបាំង​ពេញ​ផ្ទៃមុខ នាង​គ្មាន​ភ្នែក និង​ច្រមុះ​ទេ គឺជា​មានតែ​ចង្អូរ​មាត់​តូច​មួយ​ប៉ុណ្ណោះ​។ ឪពុកម្តាយ​របស់​នាង​ពុំបាន​ដឹង​ពី​ស្ថានភាព​របស់​កូន​ជាមុន​ទេ​។ ពួកគាត់​ទើបតែ​ដឹង ពេលដែល​កូន​អាយុ​បាន ២ ខែ បន្ទាប់ពី​នាង​មិនអាច​បើកភ្នែក​មើល​ពិភពលោក​បាន​។ ឪពុកម្តាយ​របស់​នាង​បាន​ទៅ​ស្វែងរក​ជំនួយ​ពី​គ្រូពេទ្យ តែ​គ្រូពេទ្យ​បាន​និយាយថា គេ​មិន​អាចធ្វើ​អ្វី​បានទេ​។ ក្រោយមក ស្ថានភាព​របស់​ក្មេងស្រី​កាន់តែ​អាក្រក់​ទៅៗ ព្រោះថា​ដុំ​សាច់​ចេះតែ​ដុះ​ឡើងជា​លំដាប់​។​

នារី​ជនជាតិ​ឥណ្ឌា​ដ៏​អភ័ព្វ​ម្នាក់​កើតមក គ្មាន​មុខ គ្មាន​ភ្នែក គ្មាន​ច្រមុះ​​ក្មេងស្រី​ដ៏​អភ័ព្វ​មិនអាច​ទៅ​រៀនសូត្រ​ដូចជា​ក្មេង​ដទៃទៀត​ទេ ហើយ​នាង​ក៏​គ្មាន​មិត្តភក្តិ​ដែរ ដោយសារតែ​ស្ថានភាព​មុខមាត់​របស់​នាង​។ នាង​បាន​និយាយថា​៖ « ក្រុមគ្រួសារ​របស់ខ្ញុំ​គឺជា​មិត្តភក្តិ​តែមួយគត់​របស់ខ្ញុំ ហើយ​ខ្ញុំ​ស្រឡាញ់​ពួកគាត់​ណាស់ »​។ នាង​បាន​បន្តទៀតថា​៖ « សម្រាប់​ខ្ញុំ ដុំ​សាច់​នេះ​មិនមែនជា​បញ្ហា​អ្វី​ទេ ខ្ញុំ​អាច​រស់នៅក្នុង​ស្ថានភាព​នេះ​បាន »​។​

Khadija Khatoon បានចាប់កំណើត​ក្នុង​គ្រួសារ​ដ៏​ក្រីក្រ​មួយ​នៅ​ទីក្រុង Kolkata ដែល​ស្ថិតនៅ​ឥណ្ឌា​ខាងកើត​។ ក្នុង​មួយខែ ឪពុកម្តាយ​នាង​រកចំណូលបាន​តែ ១០៥ ដុល្លារ​ប៉ុណ្ណោះ​។ ពួកគាត់​គ្មាន​លទ្ធភាព​បញ្ជូន​នាង​ទៅ​ស្វែងរក​ការព្យាបាល​ទេ​។ ប៉ុន្តែ មន្ត្រី​រដ្ឋាភិបាល​បានធ្វើការ​អំពាវនាវ​សុំ​ជំនួយ​ពី​សាធារណជន​នៅតាម​បណ្តាញ​សង្គម Facebook ដើម្បី​ជួយ​នារី​ដ៏​អភ័ព្វ​នេះ​៕