នាង​ធ្វើ​ល្អ​ដាក់​ខ្ញុំ ព្រោះតែ​នាង​ស្រឡាញ់​ភេទ​ដូចគ្នា​

Sanofi

​នាង​ខ្ញុំ​ជា​មនុស្ស​មានសំណាង​ណាស់​ប្រសិនបើ​ខ្ញុំ​ជ្រើស​រើសយក​ផ្លូវ​មួយ​ស្របទៅនឹង​ការទទូច​សុំ​របស់​មិត្ត​ខ្ញុំ​ម្នាក់ តែ​ជា​អកុសល​អ្វីដែល​ជាការ​ទទូច​សុំ​របស់​មិត្ត​ខ្ញុំ​នេះ វា​ពុំមែន​ជា​និស្ស័យ​របស់​នាង​ខ្ញុំ​សូម្បីតែ​បន្តិច​ក៏​គ្មាន​ដែរ នោះ​គឺជា​ការទទូច​សុំ​សេចក្តីស្រឡាញ់​ពី​នាង​ខ្ញុំ​ដែលជា​ស្នេហា​ភេទ​ដូចគ្នា ។

​រំឭក​ទៅដល់​ប្រវត្តិ​របស់​នាង​ខ្ញុំ ខ្ញុំ​ជា​កូន​កសិករ​នៅ​ខេត្តកំពង់ស្ពឺ មាន​ជីវភាព​ក្រីក្រ តែ​អ្វី​ដែលជា​អំណោយផល​ល្អ​សម្រាប់​រូបនាង​ខ្ញុំ​នោះ គឺ​រូបសម្បត្តិ​ដ៏​ស្រស់​សោភា​ដែលមាន​បុរស​ជាច្រើន​បាន​លង់​នឹង​សម្រស់​របស់​នាង​ខ្ញុំ ។ ដោយ​ការ​ពលី​របស់​ពុក​ម៉ែ​ខ្ញុំ​ក្នុង​កិច្ចការ​ស្រែចម្ការ ខ្ញុំ​មានភ័ព្វ​វាសនា​បាន​បន្ត​ការសិក្សា​ថ្នាក់​មហាវិទ្យាល័យ​នៅ​ភ្នំពេញ​ផ្នែក​ទេសចរណ៍ ។ នៅក្នុង​ថ្នាក់រៀន​នាង​ខ្ញុំ មាន​មិត្តស្រី​ម្នាក់​ដែល​ស្និទ្ធស្នាល​ជាងគេ ។ នាង​មិន​ត្រឹម​តែមាន​រូបសម្បត្តិ​ស្អាត និង ជា​កូនស្រី​អ្នកមាន​ប៉ុណ្ណោះ​ទេ រីឯ​ចិត្តថ្លើម​ក៏​ល្អ​ដែរ ។

គ្រប់ការ​លំបាក​ដែល​នាង​ខ្ញុំ​បាន​ជួប​ដូចជា ប្រាក់​ទិញ​ឯកសារ ថ្លៃ​ផ្ទះ ថ្លៃបង់​សាលា នាង​តែង​ជួយ​យកអាសា​ខ្ញុំ​ជានិច្ច សូម្បីតែ​ទៅ​រៀន និង ចេញពី​រៀន នាង​បើករថយន្ត​ជូន​ខ្ញុំ​ជានិច្ច​ផងដែរ ។ ខ្ញុំ​រឹតតែ​ស្រឡាញ់​នាង និង ចាត់ទុក​នាង​ជា​អ្នក មានគុណ​របស់ខ្ញុំ ។​ យប់​មួយ​នោះ​នាង​បានធ្វើ​ខួបកំណើត​ឱ្យ​ខ្ញុំ​នៅផ្ទះ​ជួល​តែ​ពីរ​នាក់ ។ នាង​បាន​សុំ​ខ្ញុំ​គេង​ជាមួយ​ដើម្បី​ជជែក​គ្នា​លេង ខ្ញុំ​ក៏​មិន​បដិសេធ ព្រោះ​មិនដែល​នឹកគិត​សោះ​ថា​មានរឿង​ដូចនេះ​កើតឡើង គឺ​នៅពេលដែល​ខ្ញុំ​គេង​បែរខ្នង​ស្រាប់តែ​នាង​ស្រវាឱប​ខ្ញុំ ហើយ​ថើប​កញ្ចឹងក​នាង​ខ្ញុំ​ព្រមទាំង​រាវ​លូក​ប៉ះចំ ចំណុច​សំខាន់​របស់​នាង​ខ្ញុំ​ទៀត ។

នាង​ខ្ញុំ​ប្រឹង​រើបម្រះ​រហូត​បានសម្រេច ។ នាង​ញញ្ញឹម​ស្រទន់​ហើយ​បាន​សារភាព​ប្រាប់ថា នាង​ស្រឡាញ់​ខ្ញុំ ចង់​នៅក្បែរ​ខ្ញុំ នាង​នឹង​លើកស្ទួយ​នាង​ខ្ញុំ​ឱ្យ​រួច​ផុតពី​ការលំបាក ។ ពេលនោះ​ខ្ញុំ​ស្ថិតនៅក្នុង ស្ថានភាព​ស្ងាត់ស្ងៀម និង មាន​អារម្មណ៍​ច្របូកច្របល់​យ៉ាងខ្លាំង ។ នាង​ញញឹម ហើយ​ចាក​ចេញពី​បន្ទប់​ជួល​នាង​ខ្ញុំ ក៏​បើករថយន្ត​ចាក​ចេញទៅ​ទាំងយប់ ។​ ឆ្លងកាត់​ហេតុ​ការ​ណេ៍​យប់នោះ ធ្វើឱ្យ​នាង​ខ្ញុំ​មាន​អារម្មណ៍​ស្មុគស្មាញ បំផុត តើ​នាង​ខ្ញុំ​ត្រូវ​អ្វី​យ៉ាងណា ? តើ​គួរ​ទទួលយក​ស្នេហា​ខុស​ធម្មជាតិ​ដើម្បី បានទទួល​សេចក្តីសុខ​ផ្លូវកាយ តែ​ផ្លូវចិត្ត​ក្រៀមក្រំ ព្រោះ​ខ្ញុំ​មាន​បុរស​ដែល​ខ្ញុំ​ស្រឡាញ់​រួចហើយ ? តែ​ខ្ញុំ​ខ្លាច​ទំនាក់ទំនង​រវាង​នាង និង ខ្ញុំ​ត្រូវ​ដល់ទី​បញ្ចប់ នៅពេលដែល​ខ្ញុំ​បដិសេធ​ចំពោះ​សេចក្តីស្រឡាញ់​របស់​នាង ។​

​ជូន​ចំពោះ​យុវតី​មាន​វិបត្តិ

​ថ្វីដ្បិតតែ​សង្គម​របស់​យើង​មិន​គាំទ្រ​ជា​ផ្លូវការ​នូវ​ទំនាក់ទំនង​ស្នេហា ភេទ​ដូចគ្នា តែ​ក៏​មិនមាន​ច្បាប់​ដាក់​ទោ​សបុរ​ស​-​ស្ត្រី​ទាំងឡាយណា​ដែលមាន​ទំនោរ​ស្រឡាញ់​ភេទ​ដូចគ្នា​នោះដែរ ពោលគឺ​រឿង​បែបនេះ​វា​អាស្រ័យ ទៅលើ​ចំណូលចិត្ត​របស់​បុគ្គល​ម្នាក់ៗ ។ ផ្សារភ្ជាប់​ជាមួយ​បញ្ហា​របស់​នាង «​ប្រជាប្រិយ​»​ចង់​បញ្ជាក់​ប្រាប់ថា រឿងនេះ​វា​ស្ថិត​លើ​ការថ្លឹងថ្លែង​របស់ នាង​រវាង​សេចក្តីសុខ​ផ្លូវកាយ និង សេចក្តីសុខ​ផ្លូវចិត្ត តើ​មួយណា​មាន​ភាព​សំខាន់​ជាង​សម្រាប់​នាង ? តាមន័យ​សម្តី​របស់​នា​ង «​ប្រជាប្រិយ​» យល់ច្បាស់​ថា នាង​ចង់​រស់​នៅមាន​ក្តី​សុខ​ផ្នែក​ផ្លូវកាយ​ច្រើនជាង អ្វីដែល​សំខាន់ គឺ​នាង​ជា​ស្រី​ពេញលក្ខណៈ ហើយ​មាន​សង្សារ​រួច​ទៀត តែ​អ្វី​ដែលជា​បញ្ហា​ចោទ​របស់​នាង គឺ​ជីវភាព​គ្រួសារ​របស់​នាង​មិន​អំណោយផល​ចំពោះ​ការសិក្សា​របស់​នាង ។

នាង​បារម្ភ​ខ្លាចក្រែង​ការបដិសេធ​របស់​នាង​ធ្វើឱ្យ​បាត់បង់​ជំនួយ​ដែលជា​បង្អែក​ដ៏​រឹងមាំ​របស់​នាង​កន្លង​មក ។​ «​ប្រជាប្រិយ​»​សូម​ជូន​យោបល់​ដល់​នាង​ថា នាង​ត្រូវ​ដើរ និង ឈរលើ​គោលជំហរ​ផ្ទាល់ខ្លួន​ទើប​ជីវិត​គ្មាន​វិប្បដិសារៈ​ទៅ​ថ្ងៃក្រោយ ។ ម្យ៉ាងទៀត​មិនគួរ​មានចិត្ត​អាត្មានិយម ដើម្បី​ភាពសុខសាន្ត​ផ្លូវកាយ​ផ្ទាល់ខ្លួន​ត្រូវ​បង្ខំចិត្ត​ធ្វើ​រឿង​បោកប្រាស់​មនោសញ្ចេតនា​ខ្លួនឯង និង អ្នកដទៃ​នោះឡើយ ដែល​អាច​នាំឱ្យ​កើតមាន​បញ្ហា​ស្មុគស្មាញ​ទៅ​ថ្ងៃក្រោយ ។

រឿងរ៉ាវ​ស្មាន មិន​ដល់​ជាច្រើន​អាច​នឹង​កើតមាន​ចំពោះ​អនាគត​របស់​នាង ជាពិសេស​អាពាហ៍ពិពាហ៍​របស់​នាង​អាច​នឹង​ជួប​បញ្ហា ហើយ​បញ្ហា​ដែល​គួរឱ្យ​បារម្ភ បំផុត​នោះ គឺ​ការធ្វើអត្តឃាត​របស់​មិត្ត​នាង​នៅពេលដែល​នាង​រៀបការ​ជាមួយ​បុរស​ណា​ម្នាក់​នោះ ។ ប្រសិនបើ​ការបដិសេធ​របស់​នាង​ដោយ​លើក ហេតុផល​ប្រកបទៅដោយ​គតិបណ្ឌិត តែ​បែរជា​គ្មាន​ផល​នោះ គឺ​នាង​ត្រូវ​ព្យាយាម​ចាកចេញ​ពី​មិត្ត​របស់​នាង ។

ពិតណាស់ថា​នាង​នឹង​ប្រឈម​ជាមួយ បញ្ហា​ជីវភាព ប៉ុន្តែ​ដរាបណា​មាន​ញ​ក្យ​ថា​តស៊ូ​ព្យាយាម​ជម្នះ​រាល់​ឧបសគ្គ​ដរាប​នោះ​ជោគជ័យ​នឹង​ក្លាយជា​របស់​នាង​ហើយ​មានន័យ និង ពោរពេញ​ទៅដោយ​មោទកភាព​ជាង​អ្វីដែល​បានមក​ដោយ​ងាយ ។​ «​ប្រជាប្រិយ​»​ជូនពរ​ឱ្យ​នាង​ជួបតែ​សំណាងល្អ​ក្នុង​ជីវិត ៕

 

Related