យន្តហោះ​រុស្ស៊ី​ធ្លាក់​ប្រហែល​ដោយ​សារ​ការ​ផ្ទុះ​គ្រាប់​បែក 

យន្តហោះ​រុស្ស៊ី​ធ្លាក់​ប្រហែល​ដោយ​សារ​ការ​ផ្ទុះ​គ្រាប់​បែក 

បំណែក​បាក់បែក​នៃ​យន្តហោះ​ Metrojet របស់​រុស្ស៊ី។

លោក ​Sameh Shoukry ​រដ្ឋមន្ត្រី​ការ​បរទេស​អេហ្ស៊ីបនិយាយ​ប្រាប់​អ្នកយក​ព័ត៌មាន​ថា ​ស.រ.អា​ អង់គ្លេសនិង​ប្រទេស​ផ្សេង​ទៀត​មិន​បាន​ផ្តល់​ព័ត៌មាន​សម្ងាត់អំពី​យន្តហោះអ្នក​ដំណើរ​របស់​រុស្ស៊ី​ធ្លាក់​កាលពី​សប្តាហ៍​មុននោះ​ មក​ឲ្យប្រទេសអេហ្ស៊ីបទេ។ ​

លោក​ Shoukry និយាយ​ដូច្នេះ​ប្រាប់​អ្នក​យក​ព័ត៌មាននៅទី​ក្រុងគែរ ​ដោយ​លោក​ត្អូញត្អែរថា ផ្នែក​ស៊ើប​ការណ៍​បរទេស​បាន​បង្ហាញ​អំពី​ព័ត៌មាន​ ដែល​អាច​ជា​ព័ត៌មាន​ពិតដែល​ថា ​មាន​ការ​ផ្ទុះ​គ្រាប់បែក​នៅ​លើ​យន្តហោះ​នោះ ​តែ​ព័ត៌មាន​នេះ​មិន​ត្រូវ​បាន​ចែក​រំលែក​មក​ឲ្យ​ផ្នែក​ស៊ើប​ការណ៍​សម្ងាត់​របស់​ប្រទេស​អេហ្ស៊ីប​ទេ ​រហូត​មក​ដល់​ពេល​នេះ។​ តែលោក​មិន​បាន​និយាយ​ឲ្យ​បាន​ជាក់​លាក់​ថា ​តើថ្ងៃ​ណា ​ឬ​ម៉ោងណា​ទេ។ ​

លោក Shoukry ​និយាយ​ថា ​ប្រទេសអេហ្ស៊ីបរំពឹង​ថា ​ព័ត៌មាន​បច្ចេកទេស​ប្រើ​ដោយ​រដ្ឋាភិបាល​លោក​ខាងលិច​គួរតែ​ត្រូវ​បាន​ចែក​រំលែក​ជាមួយ​រដ្ឋាភិបាល​ក្រុង​គែរ។​ បណ្តាញ​ព័ត៌មាន​បារាំង​បាន​រាយ​ការណ៍​ថា ប្រអប់​ខ្មៅដែល​គេរក​ឃើញ​នៅក្នុង​បំណែក​យន្តហោះនោះ​ បង្ហាញ​ថា ​គ្រាប់បែក​បាន​បណ្តាល​ឲ្យ​យន្តហោះនោះធ្លាក់​នៅប្រទេសអេហ្ស៊ីបកាលពី​សប្តាហ៍​មុន ​ដែល​បាន​សម្លាប់​មនុស្ស​ទាំងអស់​២២៤​នាក់។​ បណ្តាញ​ទូរទស្សន៍​បារាំង France 2​ និង​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង ​ផ្សាយ​ព័ត៌មាននេះ​ ​ដោយ​បាន​ដក​ស្រង់​សម្តី​របស់​ប្រភពដែល​ស្និទ្ធ​នឹង​ការស៊ើប​អង្កេត​ករណី​យន្តហោះធ្លាក់​នេះ។

ទីភ្នាក់ងារ​ព័ត៌មាន​ AFP ​បាន​និយាយថា ​អ្នក​ស៊ើប​អង្កេត​បាន​ឲ្យ​ដឹង​ថា ​ម៉ាស៊ីន​ថត​ ទិន្នន័យ​យន្តហោះ និង​ម៉ាស៊ីន​ថត​កន្លែង​អាកាស​យានិក​បើកបរ​ ​បង្ហាញ​ថា អ្វីៗ​មាន​ភាព​ប្រក្រតី​នៅលើ​យន្តហោះ​រុស្ស៊ី Metrojet ​នោះ។ ក្នុង​ការ​ហោះហើរ​២៤​នាទី​ដំបូង​ យន្តហោះនោះ​មិនមាន​បញ្ហា​អ្វី​ទាំងអស់។ ​ភ្លាមនោះ​ស្រាប់តែ​ឮ​សំឡេង​ផ្ទុះយ៉ាងខ្លាំង​ ហើយ​ក៏​ស្ងាត់។​ សំឡេង​នេះ​នាំ​ឲ្យ​គេ​សន្និដ្ឋាន​ថា ​ជា​ការ​ផ្ទុះ​គ្រាប់បែក។​ លោក​បារ៉ាក់​អូបាម៉ា ​ប្រធានាធិបតី​ស.រ.អា.និង​លោក​ David Cameron នាយក​រដ្ឋមន្ត្រី​អង់គ្លេសបាន​និយាយ​ថា យន្តហោះនោះ​ធ្លាក់​ប្រហែល​ដោយសារ​ការ​ផ្ទុះ​គ្រាប់​បែក៕