មន្ត្រី​សិទ្ធិ​មនុស្ស​ខេត្ត​ពោធិ៍សាត់​រិះគន់​អាជ្ញាធរ​ដក​ហូត​ដី​ពលរដ្ឋ​ឲ្យ​សមាគម​វៀតណាម​កប់​សព

មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល និង​ប្រជាពលរដ្ឋ​ខេត្ត​ពោធិ៍សាត់ រិះគន់​អាជ្ញាធរ​ដែល​យក​ដី​ទំហំ​ប្រមាណ ១​ហិកតារ​របស់​ពលរដ្ឋ​បី​គ្រួសារ រស់នៅ​ភូមិ​តាស្ដី នៃ​ឃុំ​វាល ស្រុក​កណ្ដៀង ទៅ​ឲ្យ​សមាគម​វៀតណាម គ្រប់គ្រង និង​ធ្វើ​ប្លង់​កម្មសិទ្ធិ ដើម្បី​កប់​សព​ជនជាតិ​វៀតណាម។

អ្នក​ភូមិ​តាស្ដី ពីរ​គ្រួសារ​ក្នុង​ចំណោម​បី​គ្រួសារ ដែល​កំពុង​មាន​ជម្លោះ​ដីធ្លី​ជាមួយ​សមាគម​វៀតណាម បាន​បង្ហាញ​ស្ថានភាព​ដី​មាន​ជម្លោះ​នៅ​ក្រោយ​ផ្ទះ​របស់​ពួក​គាត់ ដល់​មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល និង​អ្នក​សារព័ត៌មាន កាល​ពី​ថ្ងៃ​ទី​៤ ខែ​វិច្ឆិកា។ នៅ​លើ​ផ្ទៃ​ដី​ប្រមាណ ១០០​ម៉ែត្រ​ការ៉េ មាន​សុទ្ធតែ​ផ្នូរ​ខ្មោច និង​កន្លែង​ស្នាក់នៅ​របស់​ជនជាតិ​វៀតណាម ដើម្បី​រៀបចំ​ពិធី​បញ្ចុះ​សព​តាម​បែប​សាសនា​ពួក​គេ។

ភរិយា​អតីត​នាយ​ការិយាល័យ​ប្រឆាំង​អាវុធ​ជាតិ​ផ្ទុះ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ពោធិ៍សាត់ គឺ​អ្នកស្រី តាន់ គឹមយូ មាន​ប្រសាសន៍​ថា តាំង​ពី​ឆ្នាំ​២០១៣ ដែល​អ្នកស្រី និង​ពលរដ្ឋ​ពីរ​គ្រួសារ​ទៀត​មាន​ជម្លោះ​ដីធ្លី​ជាមួយ​សមាគម​វៀតណាម ធ្លាប់​ដាក់​បណ្ដឹង​ទៅ​មន្ទីរ​រៀបចំ​ដែនដី និង​អាជ្ញាធរ​គ្រប់​ច្រក​ល្ហក ប៉ុន្តែ​គ្មាន​ដំណោះស្រាយ។ អ្នកស្រី​ថា អាជ្ញាធរ និង​សមាគម​វៀតណាម បាន​បំផ្លាញ​របង​រំលោភ​យក​ដី​គ្រួសារ​គាត់​ទាំង​បំពាន៖ «ដី​ហ្នឹង​ខ្ញុំ​កាប់​គាស់​តាំង​ពី​ឆ្នាំ​១៩៧៩ មក ហើយ​អត់​ដែល​មាន​ផល​រមាស់​អី​ទេ! ដល់​ពេល​ធ្វើ​ប្លង់​នេះ គេ​ហៅ​គ្រួសារ​ខ្ញុំ​ទៅ​សាលា​ឃុំ គេ​ថា​ឲ្យ​រុះរើ​របង​ចេញ តែ​ខ្ញុំ​អត់​ព្រម ព្រោះ​បង​ឃើញ​ស្រាប់​ហើយ​ដី​មាន​ស្វាយ​ខ្ញុំ​ប៉ុណ្ណឹង ហើយ​បើ​មក​ធ្វើ​អ៊ីចឹង ហើយ​កាប់​របង​ខ្ញុំ​ចោល បាន​អី​ក៏​ប្រាប់​ខ្ញុំ​មួយ​ម៉ាត់»

ចំណែក​ពលរដ្ឋ​ម្នាក់​ទៀត លោក គៀន ខៃ បញ្ជាក់​ថា អាជ្ញាធរ ឬ​សមាគម​វៀតណាម មិន​បាន​ដោះ​ដូរ​អ្វី​ជំនួស​ដី​របស់​គាត់​ទំហំ​ប្រហែល ៣០​ម៉ែត្រ​ការ៉េ​នោះ​ទេ តែ​បែរ​ជា​លួច​ធ្វើ​ប្លង់​កម្មសិទ្ធិ​លើ​ដី​នោះ​ទៅ​វិញ។ លោក​ស្នើ​ឲ្យ​អាជ្ញាធរ និង​សមាគម​វៀតណាម ផ្ដល់​សំណង​ជា​ដី​វិញ ឬ​ថវិកា​សមរម្យ ដើម្បី​ឲ្យ​ពលរដ្ឋ​ស្ងប់​ចិត្ត លែង​តវ៉ា​ទាមទារ​ដី​ចម្ការ ដែល​បច្ចុប្បន្ន​មាន​ផ្នូរ​ខ្មោច​ស្ទើរ​សព្វ​ដី​ទៅ​ហើយ​នោះ។

មន្ត្រី​សម្រប​សម្រួល​នៃ​សមាគម​អាដហុក (ADHOC) ខេត្ត​ពោធិ៍សាត់ លោក ភួង សុធា យល់​ថា សមាគម​វៀតណាម មិន​អាច​ទៅ​រំលោភ​យក​ដី​ពលរដ្ឋ​ខ្មែរ​ដោយ​ឯកឯង​បាន​នោះ​ទេ លុះត្រា​មាន​ការ​ឃុបឃិត​គ្នា​ជា​ប្រព័ន្ធ​ចាប់​ពី​អាជ្ញាធរ​មូលដ្ឋាន រហូត​ដល់​មន្ត្រី​ជំនាញ។ លោក​ថា ដើម្បី​ដោះស្រាយ​លើ​បញ្ហា​នេះ ភាគី​សមាគម​វៀតណាម គួរ​ផ្ដល់​សំណង​ជា​ប្រាក់ ឬ​អាជ្ញាធរ​ខ្លួន​ឯង គួរ​រក​ដី​ដោះ​ដូរ​ជូន​ពលរដ្ឋ៖ «អ្វី​ដែល​យើង​មើល​ឃើញ គឺ​អាជ្ញាធរ​ដូចជា​អត់​មាន​អ្វី​សោះ​ទៅ​លើ​ប្រជាពលរដ្ឋ​ហ្នឹង ទោះ​បី​ជា​គាត់​បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​ថ្នាក់​ដឹក​នាំ ឬ​មួយ​ទៅ​មន្ទីរ​ពាក់ព័ន្ធ​ច្រើន​លើក​ច្រើន​សា​ហើយ ហើយ​មន្ត្រី​ជំនាញ​បាន​បំពេញ​នីតិវិធី​អ្វី​ខ្លះ​ដល់​ពេល​ខកខាន​នីតិវិធី​មួយ ធ្វើ​ឲ្យ​ថ្លោះ​សិទ្ធិ​អ្នក​ដែល​ពាក់ព័ន្ធ បញ្ហា​ខ្វះខាត​ទាំង​នេះ​ហើយ ដែល​ធ្វើ​ឲ្យ​មាន​បញ្ហា​ដល់​ថ្ងៃ​នេះ»

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ខេត្ត​ពោធិ៍សាត់ លោក ចេង ឡៃ និង​មេ​ឃុំ​វាល លោក ស៊ិន សុផា ដើម្បី​សុំ​ការ​អត្ថាធិប្បាយ​ជុំវិញ​បញ្ហា​នេះ​បាន​ទេ ដោយ​ទូរស័ព្ទ​មិន​ចូល។

ប៉ុន្តែ​តាម​សេចក្ដី​ជូន​ដំណឹង​របស់​គណៈកម្មការ​សម្រប​សម្រួល​ថ្នាក់​ឃុំ ដែល​ចុះ​ហត្ថលេខា​ដោយ​មេ​ឃុំ​វាល ស្រុក​កណ្ដៀង គឺ​លោក ស៊ិន សុផា កាល​ពី​ថ្ងៃ​ទី​៥ ខែ​មីនា ឆ្នាំ​២០១៤ បាន​ដាក់​កំហិត​ឲ្យ​ឈ្មោះ ទិត្យ សេងឌី រុះរើ​របង​របស់​ខ្លួន​ចេញ​ពី​ដី​ដែល​មាន​ជម្លោះ​នោះ​ឲ្យ​អស់​ក្នុង​រយៈពេល ១៥​ថ្ងៃ បើ​មិន​រុះរើ​ទេ ត្រូវ​ប្រឈម​ចំពោះ​មុខ​ច្បាប់​ស្ដីពី​ការ​រំលោភ​បំពាន​កាន់​កាប់​លើ​ទ្រព្យ​សម្បត្តិ​អ្នក​ដទៃ។

នៅ​ក្នុង​សេចក្ដី​ជូន​ដំណឹង​របស់​អាជ្ញាធរ​ឃុំ​វាល ដដែល​នេះ ក៏​បាន​បញ្ជាក់​ដែរ​ថា ដី​ដែល​មាន​ក្បាល​ដី​លេខ​២៥៥ ត្រូវ​បាន​សមាគម​ចុះ​បញ្ជី​រួច​ហើយ ហើយ​ក៏​ផុត​កំណត់​រយៈពេល​នៃ​ការ​តវ៉ា​ទៀត​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។