ពលរដ្ឋ​ឃុំ​កោះតូច​ខេត្ត​កំពត​ចោទ​អាជ្ញាធរ​ថា​ជាប់​ពាក់ព័ន្ធ​លក់​ដី​ពលរដ្ឋ​នៅ​ជើង​ភ្នំ​បូកគោ

អ្នក​ភូមិ​នៅ​ឃុំ​កោះតូច ស្រុក​ទឹកឈូ ខេត្ត​កំពត ជិត ៣០​គ្រួសារ ចោទ​អាជ្ញាធរ​ថា​មាន​ជាប់​ពាក់ព័ន្ធ​ជាមួយ​ក្រុម​ឈ្មួញ​ទិញ​ដី​នៅ​ភ្នំពេញ មក​រឹប​អូស​យក​ដី​ពលរដ្ឋ​ជិត ៦០​ហិកតារ​នៅ​ជាប់​ជើង​ភ្នំ​បូកគោ ដើម្បី​លក់​ទៅ​ឲ្យ​ក្រុមហ៊ុន​ចិន។ ចំណែក​ខាង​អាជ្ញាធរ​ឃុំ​កោះតូច វិញ បាន​បដិសេធ​ចំពោះ​ការ​ចោទ​ប្រកាន់​នេះ។

តំណាង​ប្រជាពលរដ្ឋ​នៅ​ភូមិ​កណ្ដាល ឃុំ​កោះតូច ខេត្ត​កំពត ជំរុញ​ឲ្យ​អាជ្ញាធរ​ស្រុក និង​ខេត្ត អង្កេត​រឿង​ភាព​មិន​ប្រក្រតី​ដែល​អាជ្ញាធរ​ឃុំ​មិន​ចេញ​ប័ណ្ណ​កាន់​កាប់​ដីធ្លី​ជូន​ពួក​គាត់​ទេ តែ​បែរ​ជា​ឃុបឃិត​ជាមួយ​ឈ្មួញ​ទិញ​ដី ធ្វើ​ប្លង់​ព័ទ្ធ​យក​ដី​ពួក​គាត់ ដើម្បី​លក់​ទៅ​ឲ្យ​ក្រុមហ៊ុន​ចិន។

ការ​ស្នើសុំ​នេះ បន្ទាប់​ពី​ប្រជាពលរដ្ឋ​បាន​ដាក់​ពាក្យ​ប្ដឹង​ទៅ​មន្ទីរ​សុរិយោដី ឲ្យ​ចុះ​ពិនិត្យ​ផ្ទាល់​ចំពោះ​សកម្មភាព​វាស់វែង​ធ្វើ​ប្លង់​ដី សម្រាប់​លក់​ដូរ​ប៉ះពាល់​លើ​ដី​មាន​ម្ចាស់។

តំណាង​ប្រជាពលរដ្ឋ​នៅ​ភូមិ​កណ្ដាល ឃុំ​កោះតូច លោក វង្ស ឈាន់ បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៧ វិច្ឆិកា ថា ដី​ជិត ៦០​ហិកតារ​ស្ថិត​នៅ​តាម​ជើង​ភ្នំ​បូកគោ ស្ថិត​នៅ​ភូមិ​ព្រែកអំពិល ជា​កម្មសិទ្ធិ​របស់​ប្រជាពលរដ្ឋ​ជិត ៣០​គ្រួសារ នៅ​ភូមិ​កណ្ដាល ដែល​នៅ​ជាប់​ព្រំប្រទល់​គ្នា​នោះ បាន​នាំ​គ្នា​កាប់​ឆ្ការ​ព្រៃ​កាន់​កាប់​សម្រាប់​ធ្វើ​ចម្ការ​តាំង​ពី​ឆ្នាំ​២០០២ មក ប៉ុន្តែ​ក្រោយ​មក ដី​នោះ​ខាង​មន្ត្រី​បរិស្ថាន ចេះ​តែ​ហាម​ឃាត់​មិន​ឲ្យ​ដាំ​ដំណាំ​ធំៗ។ ចំណែក​អាជ្ញាធរ​ឃុំ​វិញ ក៏​មិន​ព្រម​ចេញ​ប្លង់​ឲ្យ​ដែរ ដោយ​សំអាង​ខ្លាច​ប៉ះពាល់​លើ​ដី​តំបន់​បរិស្ថាន​តំបន់​ឧទ្យាន​ជាតិ​ភ្នំ​បូកគោ។

លោក​បន្ត​ថា ស្រាប់​តែ​រហូត​មក​ដល់​ឆ្នាំ​២០១៥ នេះ អាជ្ញាធរ​ឃុំ​ត្រូវរ៉ូវ​គ្នា​ជាមួយ​ឈ្មួយ​ទិញ​ដី​មក​ពី​ភ្នំពេញ ឈ្មោះ ជឹម សុផល ធ្វើ​ប្លង់​ព័ទ្ធ​យក​ដី​តំបន់​នោះ​លក់​ទៅ​ឲ្យ​អ្នក​ផ្សេង ឬ​លក់​ទៅ​ឲ្យ​ក្រុមហ៊ុន​ចិន។ ចំណែក​អ្នក​ភូមិ​ពេល​ដឹង​រឿង​នេះ ក៏​នាំ​គ្នា​ទៅ​ប្ដឹង​អាជ្ញាធរ​ឃុំ តែ​អាជ្ញាធរ​ឃុំ​នោះ​មិន​ដោះស្រាយ​ឲ្យ​ទេ៖ «ដី ជឹម សុផល នៅ​ជាប់​នឹង​បី​ខាង​លិច នៅ​សល់​ចន្លោះ​កណ្ដាល​ប្រហែល ៥០​ហិកតារ​ជាង​ហ្នឹង គេ​ចង់​ហ៊ុមព័ទ្ធ​យក ហើយ​ប្រជាពលរដ្ឋ​គេ​ចង់​ទាមទារ​យក​វិញ ដល់​ឃុំ​គេ​ឃុបឃិត​ជាមួយ ជឹម សុផល គេ​យក​ដី​ហ្នឹង គេ​មិន​ដោះស្រាយ​ឲ្យ​ទេ»

ទន្ទឹម​គ្នា​នេះ​ដែរ ពលរដ្ឋ​ម្នាក់​ទៀត​ឈ្មោះ ប៉ែត ស៊ៀប ដែល​មាន​ដី​ក្នុង​តំបន់​ជម្លោះ​នោះ​ដែរ បាន​ឲ្យ​ដឹង​ពី​ដើម​ហេតុ​នៃ​ជម្លោះ និង​មូលហេតុ​ដែល​អាជ្ញាធរ​ឃុំ​កោះតូច មិន​ដោះស្រាយ​ឲ្យ​ប្រជាពលរដ្ឋ ដោយសារ​មន្ត្រី​ឃុំ​មួយ​ចំនួន មាន​ជាប់​ពាក់ព័ន្ធ​ជាមួយ​ឈ្មួញ​លក់​ដី​ជិត ៦០​ហិកតារ​របស់​ពលរដ្ឋ​នោះ​ទៅ​ឲ្យ​ក្រុមហ៊ុន​ចិន៖ «តាំង​ពី​ឆ្នាំ​២០០២ មក រហូត​ដល់​ក្រុម​និស្សិត​ចូល​វាស់វែង តែ​គេ​អត់​ចូល​វាស់​ឲ្យ​ប្រជាពលរដ្ឋ​ទេ ក្រោយ​មក​ប្រជាពលរដ្ឋ ២៧​គ្រួសារ​នៅ​តែ​កាន់​កាប់​ដី​ហ្នឹង តែ​ក្រោយ​មក​ស្រាប់​តែ​មាន​ឈ្មោះ ជឹម សុផល ហ្នឹង ព្រម​ទាំង​បក្ខពួក​គាត់​ប៉ុន្មាន​នាក់​ថែម​ទៀត មក​ដី​ហ្នឹង ហើយ​លក់​ទៅ​ឲ្យ​គេ​ដោយ​ទទួល​លុយ​កក់ ហើយ​ក៏​កើត​ជា​រឿង​អ៊ីចឹង​ទៅ»

ឆ្លើយ​តប​នឹង​ការ​ចោទ​ប្រកាន់​នេះ ក្រុម​ប្រឹក្សា​ឃុំ​កោះតូច មួយ​រូប លោក ព្រំ មុនី មាន​ប្រសាសន៍​ពន្យល់​ថា ប្រជាពលរដ្ឋ​ដែល​មក​ប្ដឹង​នោះ​ស្ថិត​នៅ​ភូមិ​ផ្សេង​ពី​ភូមិ​ដី​មាន​ទំនាស់ ហើយ​ទីតាំង​ដី​ដែល​ពួក​គាត់​អះអាង​ថា​របស់​គាត់​នោះ គឺ​ជាន់​គ្នា​លើ​ដី​របស់​ពលរដ្ឋ​ដែល​នៅ​ក្នុង​មូលដ្ឋាន​នោះ​ផ្ទាល់ គឺ​ភូមិ​ព្រែកអំពិល ហើយ​មួយ​ចំនួន​ទៀត​ប៉ះ​ទៅ​លើ​ដី​ព្រៃ​របស់​រដ្ឋ។ លោក​បញ្ជាក់​ទៀត​ថា ចំពោះ​ការ​លក់​ដូរ​ដីធ្លី​ទាំងឡាយ​ណា​ដែល​គ្មាន​ប្លង់​កម្មសិទ្ធិ គ្មាន​ម្ចាស់​ត្រឹមត្រូវ​នៅ​តំបន់​នោះ អាជ្ញាធរ​មិន​ជាប់​ពាក់ព័ន្ធ និង​មិន​ទទួល​ខុស​ត្រូវ​ឡើយ៖ «ការ​លក់​ទិញ​ដី​របស់​ប្រជាពលរដ្ឋ​ជា​រឿង​របស់​គាត់ អាជ្ញាធរ​អត់​ទទួល​ស្គាល់​ការ​លក់​ដូរ​នោះ​ទេ បើ​សិន​ជា​ដី​រដ្ឋ ថ្ងៃ​ក្រោយ​រដ្ឋ​នៅ​តែ​យក​វិញ​ដែរ»

ចំណែក​ប្រជាពលរដ្ឋ​ដើម​បណ្ដឹង​វិញ បាន​លើក​ឡើង​ថា ថ្វី​ត្បិត​តែ​ពួក​គាត់​នៅ​ភូមិ​ផ្សេង គឺ​ភូមិ​កណ្ដាល ហើយ​ដី​ទំនាស់​នៅ​ភូមិ​ព្រែកអំពិល ក៏​ពិត​មែន ប៉ុន្តែ​ភូមិ​ទាំង​ពីរ​នេះ​នៅ​ជាប់​គ្នា ហើយ​ការ​ចូល​កាប់​រាន​ដី​តាំង​ពី​ឆ្នាំ​២០១២ មក​នោះ មិន​ដែល​មាន​ពលរដ្ឋ​ណា​នៅ​ភូមិ​ព្រែកអំពិល នោះ​មក​ទាមទារ​តវ៉ា​ថា ដី​នោះ​ជា​កម្មសិទ្ធិ​របស់​ពួក​គាត់​ឡើយ។

ទោះ​យ៉ាង​ណា ខាង​មន្ទីរ​សុរិយោដី បាន​ទទួល​យក​ពាក្យ​បណ្ដឹង​ពី​ប្រជាពលរដ្ឋ​កាល​ពី​ថ្ងៃ​ទី​៦ វិច្ឆិកា និង​បាន​ចុះ​ពិនិត្យ​មើល​ខ្លះៗ​នៅ​ទីតាំង​ដី​ទំនាស់​នៅ​ព្រឹក​ថ្ងៃ​ទី​៧ វិច្ឆិកា ប៉ុន្តែ​មិន​ទាន់​មាន​ចម្លើយ​តប​មក​វិញ​យ៉ាង​ណា​នៅ​ឡើយ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។