រថយន្ត​២​គ្រឿង​ដេញ​បុក​គ្នា​ផ្ទុះ​ឆេះ​ស្លាប់​ស្ត្រី​ម្នាក់​​ក្នុង​រថយន្ត

រាជធានី​ភ្នំពេញ  ៖ រថយន្ត​២​គ្រឿង​ជិះ​ដេញ​បុក​ប្រដេញ​គ្នា​ពេញ​ផ្លូវ​បួង​ចង្កូត​មិន​ទាន់​ធ្វើ​ឲ្យ​រថយន្ត​២​គ្រឿង បុក​តូប​បញ្ចូល​ហ្គា​ស និង​លក់​សាំង បណ្តាល​ឲ្យ​ផ្ទុះ​កំប៉ុង​ហ្គា​ស​ឆាបឆេះ​រថយន្ត​ទាំង​ពីរ​គ្រឿង​សន្ធោសន្ធៅ​ ហើយ​ឆេះ​ខ្លោច​ស្លាប់​ស្ត្រី​ម្នាក់​នៅ​ក្នុង​រថយន្ត​ និង​ឆ្លង​រាលដាល​ឆេះ​ហាង​លក់ទំនិញ​២៥០០​រៀល​ចំនួន​២​ល្វែង​ទៀត បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១២​និង​៤៥​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​០៨ វិច្ឆិកា ២០១៥ នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​5 កែង​ផ្លូវ​សាលា​ដែក ក្រុម​ទី​8 ភូមិ​មិត្តភាព សង្កាត់​ឬ​ស្សី​កែវ ខណ្ឌ​ឬ​ស្សី​កែវ ។

រថយន្ត​២​គ្រឿង​បើក​ដេញ​បុក​គ្នា​មួយ​ម៉ាក​កាម​រី​ហា​យ​ប្រី​ត ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ​2W 2627 ឆេះ​ខ្លោច​ស្ត្រី​ម្នាក់​នៅ​ក្នុង​រថយន្ត និង​រថយន្ត​មួយ​គ្រឿង​ទៀត​ម៉ាក​កាម​រី​ឆ្លាម ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 2D 8077 ។ រថយន្ត​ទាំង​២​គ្រឿង​ជិះ​គ្នា​២​នាក់ ស្រី​ម្នាក់ ប្រុស​ម្នាក់​ដូច​គ្នា ។ បង្ក​ឲ្យ​ឆាបឆេះ​ផ្ទះ​2​ល្វែង​ទៀត ជា​ហាង​លក់ទំនិញ​២៥០០​រៀល ដែល​មាន​ម្ចាស់​ឈ្មោះ​អ៊ិ​ន សុខា ភេទ​ប្រុស អាយុ​55​ឆ្នាំ និង​ឆេះ​រោង​លក់​សាំង និង​បញ្ចូល​ហ្គា​ស ដែល​សង់​ពី​ឈើ​ប្រក់ស​ង្ក័​សី ជញ្ជាំង​ស​ង្ក័​សី មាន​ទទឹង​5​ម៉ែត្រ បណ្តោយ​3​ម៉ែត្រ មាន​ម្ចាស់​ឈ្មោះ​លឹ​ម ស្រី​ពៅ ភេទ​ស្រី អាយុ​40​ឆ្នាំ ។

សាក្សី​ឃើញ​ហេតុការណ៍​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​ប្រទះ​ឃើញ​រថយន្ត​បង្ក​២ គ្រឿង​ខាងលើ បើក​ដេញ​បុក និង​តាម​កៀរ​គ្នា​យ៉ាង​ប្រកៀក​ប្រកិត​ក្នុង​ល្បឿន​លឿន​ដូច​ហោះ តាម​បណ្តោយ​ផ្លូវ​សាលា​ដែក ពី​លិចទៅ​កើត​ឆ្ពោះទៅ​ផ្លូវជាតិ​លេខ​5 ដោយសារ​តែ រថយន្ត​បើក​លឿន​ពេក​បួង​ចង្កូត​មិន​ទាន់​ធ្វើ​ឲ្យ​រថយន្ត​ទាំង​២​គ្រឿង​ក៏​ជ្រុល​ចង្កូត​ទៅ​បុក​តូប​លក់​សាំង និង​បញ្ចូល​ហ្គា​ស បណ្តាល​ឱ្យ​ឲ្យ​រថយន្ត​កៀប​ជាប់​គ្នា ហើយ​រថយន្ត​កាម​រី​ហា​យ​ប្រី​ត កិន​កំប៉ុង​ហ្គា​ស​ធ្វើ​ឲ្យ​ផ្ទុះ​ដូច​គ្រាប់បែក​ឆាបឆេះ​សន្ធោសន្ធៅ បណ្តាល​ស្ត្រី​ម្នាក់​ដែល​ជិះ​ក្នុង​រថយន្ត​ហា​យ​ប្រី​ត​ចេញ​អត់​រួច​ឆេះ​ខ្លោច​ស្លាប់​តែ​ម្តង ចំណែក​៣​នាក់​ទៀត រត់គេច​ខ្លួន អស់ ។

អគ្គិភ័យ​ឆាបឆេះ​រថយន្ត​ទាំង​២​គ្រឿង បណ្តាល​ឲ្យ​ឆ្លង​រាលដាល​ឆេះ​តូប​លក់​សាំង និង បញ្ចូល​ហ្គា​ស អស់ទាំង​ស្រុង ហើយ​ឆ្លង​រាលដាល​ទៅ​ឆេះ​ផ្ទះ​២​ល្វែង​ទៀត ដែល​បើកហាង លក់ទំនិញ​២៥០០​រៀល ត្រូវ​ឆេះ​ខូចខាត​ទាំងស្រុង​នៅ​ជាន់​ខាងក្រោម ។ ខណៈ​ពេល​កំពុង តែ​ចលាចល​នោះ ស្រាប់តែ​មាន​ស្ត្រី​ម្នាក់​មិនដឹង​ជា​ចេញ​មកពីណា​ទេ បាន​ស្រែកយំ ហើយ បម្រុង​រត់​ចូល​ក្នុង​អណ្តាតភ្លើង​ដែល​កំពុង​តែ​ឆាបឆេះ ដើម្បី​ទៅ​ជួយ​ស្ត្រី​ដែល​ត្រូវ​ភ្លើង​ឆេះ ខ្ទេច ប៉ុន្តែ​ត្រូវ​សមត្ថកិច្ច​ចាប់​ជាប់​ហើយ​ក៏​ចេញ​ទៅ​បាត់ ។
សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ចំណាយពេល​១​ម៉ោង​កន្លះ ទើប​រលត់​ទាំងស្រុង ដោយ​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ អស់​១៥​គ្រឿង ទើប​រលត់​នៅ​វេលា​ម៉ោង​1​និង​10​រំលង​អធ្រាត្រ​ថ្ងៃ​ដដែល ៕