កីឡាករ ឡៅ ស៊ី​ណាត និង​កីឡាករ បឺត ខាំ មានគំនិត និង​គោលដៅ​ខុសគ្នា​

​កីឡាករ ឡៅ ស៊ី​ណាត និង​កីឡាករ បឺត ខាំ នឹងធ្វើ​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​ដណ្តើម​ខ្សែក្រវ៉ាត់ និង​ទឹកប្រាក់​ចំនួន ៥​ពាន់​ដុល្លារ របស់​ក្រុមហ៊ុន ខា​រ៉ា​បៅ នៅ​ថ្ងៃអាទិត្យ ទី​៨ ខែវិច្ឆិកា លើស​ង្វៀន​បាយ័ន​ស្ទឹងមានជ័យ​ចាប់ពី​ម៉ោង​៦​ល្ងាច​។ សម្រាប់​ការប្រកួត​នេះ កីឡាករ ឡៅ ស៊ី ណាត បានកំណត់​ក្តីសង្ឃឹម និង​គោលបំណង​របស់ខ្លួន​យ៉ាងច្បាស់ ខណៈ​កីឡាករ បឺត ខាំ មិនមាន​ទំនុកចិត្ត និង​គោលបំណង​ច្បាស់លាស់​។  
 
​បន្ទាប់ពី​ប្រកួត​វិលជុំ​សន្សំ​ពិន្ទុ​អស់​រយៈពេល​ជាច្រើន​ខែ​កន្លងមក ការប្រកួត​ដណ្តើម​ខ្សែក្រវ៉ាត់​របស់​ក្រុមហ៊ុន​ខា​រ៉ា​បៅ នឹង​ឈាន​ចូលដល់​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​នៅ​ថ្ងៃទី​៨ ខែវិច្ឆិកា រវាង​កីឡាករ ឡៅ ស៊ី​ណាត មកពី​ក្លិប​កងពលតូច​ឆ័​ត្រ​យោង​៩១១ និង​កីឡាករ បឺត ខាំ  ពួកគេ​ទាំងពីរ​ប្រកួត​ដើម្បី​ដណ្តើមយក​ជើងឯក និង​ជើងឯក​រង ខណៈ​កីឡាករ​ថៃ​ទាំង​ពីររូប​ប្រកួត​ដណ្តើមយក​ចំណាត់ថ្នាក់​លេខ​៣ និង​លេខ​៤​។​

​ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរស័ព្ទ​កាលពីពេល​ថ្មីៗ​កីឡាករ ឡៅ ស៊ី​ណាត បាន​ប្រាប់​ពី​ក្តីសង្ឃឹម​យ៉ាង​មុតមាំ​របស់ខ្លួន​ថា «​សម្រាប់​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​ខ្ញុំ​មិន​ហ៊ាន​និយាយថា​នឹង​យកឈ្នះ​លើ​កីឡាករ បឺត ខាំ ដោយ​ពិន្ទុ ឬ​សន្លប់​នោះទេ ក៏ប៉ុន្តែ​ខ្ញុំ​មាន​ទំនុកចិត្ត និង​មាន​ក្តីសង្ឃឹម​ឈ្នះ​៦០​ភាគរយ ព្រោះ​ពួកយើង​ធ្លាប់បាន​ជួបគ្នា​៣​ដង​រួចមកហើយ ដោយ​លទ្ធផល​ឈ្នះ​២​ដង និង​ចាញ់​១​ដង​»​។​

​កីឡាករ ឡៅ ស៊ី​ណាត បានឱ្យដឹង​ទៀតថា ប្រសិនបើ​ខ្ញុំ​ឈ្នះ​ក្នុង​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ ទឹកប្រាក់​៥​ពាន់​ដុល្លារ​ដែល​បានមកពី​ការឧបត្ថម្ភ ខ្ញុំ​នឹង​យកទៅ​សាង់​ផ្ទះ​សមរម្យ​មួយ​សម្រាប់​គ្រួសារ និង​កូន​២​នាក់​នៅ​ខេត្តកំពង់ស្ពឺ ព្រោះ​សព្វថ្ងៃ​ខ្ញុំ​នឹង​គ្រួសារ​រស់នៅក្នុង​ផ្ទះ​ដ៏​តូច​មួយ​។  

​ខណៈ​កីឡាករ ឡៅ ស៊ី​ណាត បានដាក់​ក្តីសង្ឃឹម​ឈ្នះ ៦០​ភាគរយ និង​មាន​គោលដៅ​ច្បាស់លាស់​នៅក្នុង​ការប្រកួត​នោះ កីឡាករ បឺត ខាំ ឯនោះ​វិញ​បែរជា​មិនមាន​ទំនុក​លើ​ខ្លួនឯង​ទៅវិញ​ដោយ​លោក​លើកឡើងថា​«​ខ្ញុំ​មិនមាន​ក្តីសង្ឃឹម​ទេ​ការប្រកួត​លើក​នេះ សម្រាប់​ក្តីសង្ឃឹម ខ្ញុំ​មិន​ហ៊ាន​ឆ្លើយ​ទុក​មុន​នោះទេ ខ្ញុំ​ជាម​នុស្ស​តាំងពីដើម​នៅពេលដែល​សួរ​ពី​ក្តីសង្ឃឹម​ខ្ញុំ​តែងតែ​ឆ្លើយថា​មិនមាន​ក្តីសង្ឃឹម​»​។ ហើយ​សម្រាប់​ប្រាក់រង្វាន់​៥ ពាន់​ដុល្លារ​ប្រសិនបើ​ខ្ញុំ​ឈ្នះ​ខ្ញុំ​មិនទាន់មាន​គម្រោង​ថា នឹង​យកទៅ​ធ្វើ​អ្វី​នោះទេ​៕