ពលរដ្ឋ​៥៦​គ្រួសារ​នៅ​ខេត្ត​ក្រចេះ​តវ៉ា​ទាមទារ​ឲ្យ​អាជ្ញាធរ​អន្តរាគមន៍​បើក​ផ្លូវ​រទេះ​គោ

ពលរដ្ឋ ៥៦​នាក់​រស់នៅ​សង្កាត់​អូរឫស្សី ក្រុង​ក្រចេះ ខេត្ត​ក្រចេះ តវ៉ា​ទាមទារ​ឲ្យ​អាជ្ញាធរ​អន្តរាគមន៍​ឲ្យ​ក្រុមហ៊ុន​បើក​ផ្លូវ​រទេះ​ឡើង​វិញ បន្ទាប់​ពី​ក្រុមហ៊ុន​ឯកជន បាន​ជីក​ប្រឡាយ​កំណត់​ព្រំ​ដី​បិទ​ផ្លូវ​រទេះ​គោ​អ្នក​ភូមិ​ចំនួន ២​ខ្សែ ដែល​រាំង​ស្ទះ​ការ​ប្រមូល​ផល​ស្រូវ​អ្នក​ភូមិ។

ពលរដ្ឋ​រស់នៅ​ភូមិ​ស្រែស្ដៅ និង​ភូមិ​អូរឫស្សី សង្កាត់​អូរឫស្សី ក្រុង​ក្រចេះ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៧ វិច្ឆិកា ថា ក្រុមហ៊ុន​ឯកជន បន្ទាប់​ពី​ទិញ​ដី​ពី​ស្មៀន​សង្កាត់​អូរឫស្សី បាន​ជីក​ប្រឡាយ​កំណត់​ព្រំ​ដី​កាត់​ចូល​ដី​ផ្លូវ​រទេះ​អ្នក​ភូមិ ត្រង់​ចំណុច​ត្រពាំង​កណ្ដោល ឋិត​នៅ​ភូមិ​អូរឫស្សី២ ធ្វើ​ឲ្យ​បង្អាក់​ដល់​ការ​ធ្វើ​ដំណើរ​របស់​អ្នក​ភូមិ​ដែល​ចេញ​ចូល​ទៅ​ស្រែ​ចម្ការ។

តំណាង​ពលរដ្ឋ​រស់នៅ​ភូមិ​អូរឫស្សី អ្នកស្រី សាន សំអោ អះអាង​ថា ក្រុមហ៊ុន​បាន​ជីក​ប្រឡាយ​កាត់​ដី​ផ្លូវ​រទេះ​អ្នក​ភូមិ​ដើម្បី​កំណត់​ព្រំ​ដី ដែល​មិន​មាន​ការ​ចូលរួម​ពី​តំណាង​ពលរដ្ឋ។ ករណី​នេះ ធ្វើ​ឲ្យ​ស្ទះ​ផ្លូវ​ចេញ​ចូល​ដឹក​ជញ្ជូន​កសិផល​នៅ​រដូវ​ច្រូត​កាត់​នេះ។ អ្នកស្រី​បញ្ជាក់​ថា ក្រុម​ពលរដ្ឋ​តវ៉ា​ដើម្បី​ឲ្យ​ក្រុមហ៊ុន​បើក​ផ្លូវ​រទេះ​នេះ​ឡើង​វិញ ព្រោះ​ជា​ករណី​ចាំបាច់​ដល់​ការ​ដឹក​ជញ្ជូន​ផល​ស្រូវ៖ «»។

ឆ្លើយ​តប​ការ​ចោទ​ប្រកាន់​នេះ តំណាង​ក្រុមហ៊ុន​ឯកជន លោក ពៅ ទទួល​ស្គាល់​ថា ក្រុមហ៊ុន​ពិត​ជា​បាន​កាយ​ប្រឡាយ​កំណត់​ព្រំ​ដី​មែន តែ​បាន​ផ្តល់​ដំណឹង​ដល់​ក្រុម​ពលរដ្ឋ ឲ្យ​សរសេរ​លិខិត​ស្នើសុំ​ទៅ​ម្ចាស់​ដី​ដែល​លក់​ដី​ឲ្យ​ក្រុមហ៊ុន​កន្លង​មក ព្រោះ​ការ​ជីក​ប្រឡាយ គឺ​ផ្អែក​លើ​ប្លង់​កម្មសិទ្ធិ ឬ​ប្លង់​រឹង​ដែល​ក្រុមហ៊ុន​បាន​ទិញ​ពី លោក អឹង រិទ្ធី ប៉ុន្តែ​ពលរដ្ឋ​បាន​បដិសេធ​សំណើ​នេះ។ យ៉ាង​ណា​ក៏ដោយ ក្រុមហ៊ុន​គ្រោង​រៀបចំ​បោះ​បង្គោល​កំណត់​ព្រំ​ដី​រួច​រាល់ នៅ​ព្រឹក​ថ្ងៃ​ទី​៧ វិច្ឆិកា ទើប​អាច​សម្រប​សម្រួល​បើក​ផ្លូវ​នេះ​ឡើង​វិញ តែ​ត្រូវ​ពលរដ្ឋ​ហាម​ឃាត់៖ «»។

អ្នក​ភូមិ​អះអាង​ថា ក្រុមហ៊ុន​ឯកជន​វិនិយោគ​ដំឡូងមី បាន​ទិញ​ដី​ពី​ស្មៀន​សង្កាត់​អូរឫស្សី លោក អឹង រិទ្ធី ចំនួន ៤​ប្លង់​ប្រមាណ ៦​ហិកតារ ប្រហែល ៥​ខែ​កន្លង​មក។ អ្នក​ភូមិ​សង្ស័យ​ថា ករណី​នេះ​អាច​ឃុបឃិត​គ្នា​លួច​លក់​ដី​ផ្លូវ​សាធារណៈ​របស់​ដ្ឋ ហើយ​បែរ​ជា​យក​ដី​ប្រជាពលរដ្ឋ​ធ្វើ​ជា​ដី​សាធារណៈ​ទៅ​វិញ។

ករណី​នេះ​ដែរ មេ​ឃុំ​អូរឫស្សី​កណ្ដាល អ្នកស្រី ពុយ ភារុន មាន​ប្រសាសន៍​បញ្ជាក់​ថា  ក្រុម​ពលរដ្ឋ​បាន​រារាំង​ក្រុមហ៊ុន​មិន​ឲ្យ​បោះ​បង្គោល​កំណត់​ព្រំ​ដី ដោយ​មន្ត្រី​សុរិយោ​ដី​ជា​អ្នក​កំណត់។ អ្នកស្រី​បន្ត​ថា អាជ្ញាធរ​ឃុំ​កំពុង​ដោះស្រាយ​បញ្ហា​នេះ ដោយ​សម្រួល​ឲ្យ​ក្រុមហ៊ុន​លុប​ប្រឡាយ​ដើម្បី​បើក​ផ្លូវ​ឲ្យ​ពលរដ្ឋ៖ «»។

មន្ត្រី​ផ្នែក​ដីធ្លី​នៃ​សមាគម​អាដហុក (ADHOC) លោក ឡាត់ គី មាន​ប្រសាសន៍​ថា អាជ្ញាធរ​ឃុំ​ត្រូវ​តែ​បង្ក​លក្ខណៈ​ងាយ​ស្រួល​ដល់​ពលរដ្ឋ​ដែល​ត្រូវ​ការ​ផ្លូវ​ធ្វើ​ដំណើរ​ចាំបាច់។ លោក​ក៏​អំពាវនាវ​ឲ្យ​អាជ្ញាធរ​ខេត្ត ដោះស្រាយ​បញ្ហា​នេះ ដើម្បី​ស្វែងរក​ដំណោះស្រាយ​ផ្អែក​លើ​យុត្តិធម៌​ដល់​ពលរដ្ឋ៖ «»។

ពលរដ្ឋ​ចំនួន ៧១​គ្រួសារ​ដែល​មាន​ដី​ស្រែ​ត្រង់​ចំណុច​ត្រពាំង​កណ្ដោល ឋិត​នៅ​ភូមិ​អូរឫស្សី២ សង្កាត់​អូរឫស្សី ក្រុង​ក្រចេះ ចំនួន​ជាង ១០០​ហិកតារ គ្រោង​ច្រូត​កាត់​ប្រមូល​ផល និង​ត្រូវ​ឆ្លង​កាត់​ផ្លូវ​រទេះ​គោ​បែក​ចេញ​ពី​ផ្លូវ​ជាតិ​មាន​លក្ខណៈ​បត់​បែន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។