សម្តេចតេជោ​ ហ៊ុន សែន​ ៖ សំណង់ដែលរំលោភ​កេងស៊ីចំណីផ្លូវ​និងសួនច្បារសាធារណៈ​ត្រូវរុះរើជាបន្ទាន់

រាជធានីភ្នំពេញ ៖​ នៅលើបណ្តាញទំនាក់ទំនងសង្គម​ ​( Facebook) Page ​ផ្លូវការរបស់សម្តេចអគ្គមហា​សេនាបតីតេជោ ហ៊ុន សែន ​បានសរសេរបង្ហោះ​នៅព្រឹកថ្ងៃទី០៨ វិច្ឆិកា ២០១៥នេះ​មានខ្លឹមសារទំាងស្រុងថា ​"កន្លងទៅថ្មីៗនេះ​ សម្តេចតេជោ ហ៊ុន សែន ​បានអញ្ជើញទៅពិនិត្យមើល​ការដ្ឋានសាងសង់អាគារពាណិជ្ជកម្ម​ណាហ្កាកាស៊ីណូ (Naga World & Casino) ​ដែលជាក្រុមហ៊ុនវិនិយោគខ្នាតធំមួយនៅកម្ពុជា ​ដែលមានទីតាំងនៅជិតវិទ្យាស្ថាន​ពុទ្ឋសាសនបណ្ឌិត្យកម្ពុជា​ក្នុងរាជធានីភ្នំពេញ។

តាមការពិនិត្យ​ជាក់ស្តែងលើសំណង់ដែល​កំពុងសាងសង់គឺបានរំលោភលើដីចិញ្ចើមផ្លូវរបស់រដ្ឋ ​ និង ប៉ះពាល់ទៅ​ដល់ទីតាំងវិទ្យាស្ថាន​ពុទ្ឋសាសនបណ្ឌិត្យទៀតផង។

មិនថាតែក្រុមហ៊ុន​ Naga World & Casino ​មួយទេ គឺចំពោះក្រុមហ៊ុនទាំងអស់ ​ដែលបានទទួលច្បាប់វិនិយោគ​នៅក្នុងប្រទេសកម្ពុជា ​ទាំងនៅក្នុងក្រុងនីភ្នំពេញ ​និងនៅ​តាមបណ្តាខេត្តនានា ​គឺត្រូវតែគោរពតាមច្បាប់​ និងគោលការណ៍ដែលរដ្ឋាភិបាលបានផ្តល់ជូន។ ​សំណង់ដែលមានលក្ខណៈរំលោភ​កេងស៊ីចំណីផ្លូវសាធារណៈ ​និងសួន​ច្បារសាធារណៈ ​គឺត្រូវរុះរើរំលាយចេញជាបន្ទាន់។​ ហើយបើធ្វើនៅទីតាំងកន្លែងណា ​គឺអាជ្ញាធរមានសមត្ថកិច្ច ​និងក្រសួងពាក់ព័ន្ឋត្រូវតែទទួលខុសត្រូវ ​។ ចំពោះក្រុមហ៊ុន​ឯកជនក៏ដូច្នោះដែរ ​គឺមិនមែនបានទទួលច្បាប់ធ្វើប៉ុណ្ណេះ ​ដល់ពេលសាងសង់ធ្វើហួសពី​ច្បាប់បានកំណត់ដោយអំពើឃុបឃិត​ជាមួយមន្រ្តី​ខិលខូច​ក៏មានទោសដែរ។ រីឯចំពោះអស់លោកមន្រ្តីទាំងអស់នោះ​គឺបានដឹងច្បាស់ណាស់ថា​ ទីណាជារបស់ឯកជន ​និងទីណាជារបស់រដ្ឋ។ ​ទោះបីនៅពេលនេះ​ប្រមុខរាជរដ្ឋាភិបាល ​មិនទាន់បានដឹង តែរឿងទាំងអស់នោះ​ប្រាកដជាលាក់មិនជិតពីភ្នែកសាធារណៈជនឡើយ ​។ សម្តេចតេជោ ហ៊ុន សែន ​មិនបណ្តោយអោយមន្រ្តីខិលខូចទាំងនោះ ​បំផ្លាញសង្គមជាតិអោយ​អាប់ឧិនត​ទៅទៀតជាដាច់ខាត៕