កម្ពុជា​នាំចេញ​អង្ករ​បាន​ជាង​៤០​ម៉ឺន​តោន ក្នុង​រយៈពេល​១០​ខែ​

​កម្ពុជា​នាំចេញ​អង្ករ​ទៅកាន់​ទីផ្សារ​អន្តរជាតិ​បាន​ចំនួន​៤០៨,១៦៩​តោន កើនឡើង​៣៣.៩​ភាគរយ នៅក្នុង​រយៈពេល​១០​ខែ ឆ្នាំ​២០១៥​នេះ កើនឡើង​៣៣.៩​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី ឆ្នាំ​២០១៤ ។ នេះ​បើតាម​របាយការណ៍​រប​ស់​លេខាធិការដ្ឋាន​ច្រកចេញចូល​តែមួយ​សម្រាប់ បំពេញបែបបទ​នាំចេញ​អង្ករ​។​

​លេខាធិការដ្ឋាន​ច្រកចេញចូល​តែមួយ​សម្រាប់ បំពេញបែបបទ​នាំចេញ​អង្ករ ក៏បាន​បង្ហាញ​ពី​បរិមាណ​អង្ករ​ដែល​នាំចេញ​នៅក្នុង​ខែតុលា​ដែរ គឺ​នាំចេញ​បាន​ចំនួន​៣៩,០៦៩​តោន កើនឡើង​១២.១០​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​នៅ​ឆ្នាំ​២០១៤ ។​

​បើតាម​របាយការណ៍​ដ​ដែល ប្រភេទ​អង្ករ​ដែល​នាំចេញ​រួមមាន​ប្រភេទ​អង្ករ​ក្រអូប (​ចម្រុះ នាង​ម្លិះ សូ​ម៉ាលី ផ្កាម្លិះ ផ្ការំដួល សរីរាង្គ​និង​អង្ករ​ក្រអូប​ភ្លឺ​) ចំនួន​១៨៦,៣៤២​តោន ស្មើនឹង​៤៥.៧០​ភាគរយ ប្រភេទ​អង្ក​រស​ចម្រុះ​គ្រាប់​វែង​(​ចម្រុះ​គ្រាប់​វែង និង​អង្ក​រស​ប្រណិត​)​ចំនួន​១៨៦,៩០៦​តោន ស្មើនឹង​៤៥.៨០​ភាគរយ និង​ប្រភេទ​អង្ករ​ចំហុយ​គ្រាប់​វែង​ចំនួន​៣៤,៩២១​តោន​ស្មើនឹង​៨.៥០​ភាគរយ​។​

​ក្រុមហ៊ុន​ដែល​នាំ​អង្ករ​ចេញ​មាន​ចំនួន​៦៧​ក្រុមហ៊ុន ខណៈដែល​ទីផ្សារ​ដែល​កម្ពុជា​បាន​នាំ​អង្ករ​ទៅ​មាន​ចំនួន​៥៨​ប្រទេស​។ ទីផ្សារ​ទាំងនោះ​រួមមាន​ទីផ្សារ​ប្រទេស​សមាជិក​សហគមន៍​អឺរ៉ុប ចំនួន​២៦ ប្រទេស​សមាជិក​អាស៊ាន​ចំនួន​៣​គឺ​ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និង​សិង្ហ​បុរី​ក្នុង​បរិមាណ និង​២៩​ប្រទេស​ផ្សេងទៀត ដូចជា​ប្រទេស​ចិន ហុងកុង អូ​ស្រា្ត​លី អាមេរិក និង​តៃវ៉ាន់​ជាដើម​៕