ប្រធានាធិបតី​មីយ៉ាន់ម៉ា​និយាយ​ថា​ខ្លួន​នឹង​គោរព​លទ្ធផល​នៃ​ការ​បោះឆ្នោត

ប្រធានាធិបតី​មីយ៉ាន់ម៉ា​និយាយ​ថា​ខ្លួន​នឹង​គោរព​លទ្ធផល​នៃ​ការ​បោះឆ្នោត

ស្រ្តី​ម្នាក់​ធ្វើ​ការ​បោះឆ្នោត​នៅ​ការិយាល័យ​បោះឆ្នោត ក្នុង​ពេល​បោះឆ្នោត​សកល​កាលពី​ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅ​ក្រុង​រ៉ង់ហ្គូន ប្រទេស​មីយ៉ាន់ម៉ា។

លោក​ប្រធានាធិបតី​នៃ​ប្រទេស​មីយ៉ាន់ម៉ា​បាន​និយាយ​ថា​ រដ្ឋាភិបាល​របស់​លោក​និង​ក្រុម​យោធា​ដែល​បាន​លះបង់​អំណាច​កាល​ពី​ប្រាំ​ឆ្នាំ​មុន​នេះ​នឹង​គោរព​លទ្ធផល​នៃ​ការ​បោះឆ្នោត​ជា​ប្រវត្តិសាស្ត្រ​នៅ​ថ្ងៃ​អាទិត្យ​នេះ​ដែល​គេរំពឹង​ថា​គណបក្ស​របស់​លោកស្រី​អោងសានស៊ូជី​ មេដឹកនាំ​ក្រុម​ប្រឆាំង​នឹង​ឈ្នះ។

លោក​ប្រធានាធិបតី​ Thein Sein ​បាន​មាន​ប្រសាសន៍​នៅ​ក្នុង​សុន្ទរកថា​មួយ​ដែល​បាន​ត្រូវ​ផ្សាយ​តាម​ទូរទស្សន៍​ជាតិ​កាល​ពី​យប់​ថ្ងៃ​សុក្រ​ថា «ខ្ញុំ​បាន​ឮ​ថា​មាន​កង្វល់​អំពី​ថា​តើ​លទ្ធផល​នៃ​ការ​បោះឆ្នោត​នេះ​នឹង​ត្រូវ​គោរព​តាម​ឬ​ទេ។​រដ្ឋាភិបាល​របស់​យើង​ និង​ក្រុម​យោធា​ចង់​និយាយ​ជា​ថ្មី​ទៀត​ថា​ យើង​នឹង​គោរព​លទ្ធផល​នៃ​ការ​បោះឆ្នោត​ដោយ​សេរី​ និង​ដោយ​យុត្តិធម៌»។

សេចក្តី​ថ្លែង​នេះ​របស់​លោក​ប្រធានាធិបតី​នៃ​ប្រទេស​មីយ៉ាន់ម៉ា​មាន​គោលដៅ​បង្ហាញ​សញ្ញា​ដល់​សហគមន៍​អន្តរជាតិ​ថា​ រដ្ឋាភិបាល​មាន​ការ​ស្មោះត្រង់​ក្នុង​ការ​រៀបចំ​ការ​បោះឆ្នោត​ដោយ​សេរី និង​ប្រកប​ដោយ​ការ​ជឿ​ទុក​ចិត្ត​បាន ​ទោះណា​ជា​មាន​ការ​ខ្វល់ខ្វាយ​អំពី​ភាព​មិន​ប្រក្រតី​នៃ​បញ្ជី​ឈ្មោះ​អ្នក​បោះឆ្នោត ​ការ​បំភិតបំភ័យ​ និង​ការ​ដក​សិទ្ធិ​ប្រជារាស្ត្រ​មួយ​ភាគ​ធំ។ ​ជនអំបូរ Rohinya ​ដែល​កាន់​សាសនា​ឥស្លាម​ត្រូវ​បាន​បដិសេធ​មិន​ឱ្យ​មាន​សញ្ជាតិ​មីយ៉ាន់ម៉ា ​ហើយ​គ្មាន​សិទ្ធិ​បោះឆ្នោត​នោះ​ទេ។ លោក Thein Sein ដែល​ជា​ប្រធាន​នៃ​គណបក្ស​សាមគ្គីភាព និង​ការ​អភិវឌ្ឍ​របស់​សហភាព​ដែល​ភាសា​អង់គ្លេស​ហៅ​ថា​ Union Solidarity and Development Party ដែល​ជា​គណបក្ស​គ្រប់គ្រង​ប្រទេស ​និង​ជា​សម្ព័ន្ធមិត្ត​របស់​ក្រុម​យោធា​ផង​នោះ​បាន​មាន​ប្រសាសន៍​ថា «បើ​តាម​លទ្ធផល​នៃ​ការ​បោះឆ្នោត​នេះ​ យើង​នឹង​ធ្វើ​ការ​ជាមួយ​គ្នានៅ​ក្នុង​មជ្ឈដ្ឋាន​នយោបាយ​ថ្មី​មួយ»៕